(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ បានថ្លែងថា យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី ការអភិវឌ្ឍ និងការបោះជំហានឥតឈប់ឈររបស់កម្ពុជា ទាំងក្នុង និងក្រៅប្រទេស។ នេះគឺជាស្មារតី នៃការឯកភាពជាតិ និងសាមគ្គីភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈានឆ្ពោះដើម្បីអនាគតកម្ពុជាមួយ ដែលនឹងផ្តល់ឱកាសថ្មីៗដល់យុវជន និងយុវនារីខ្មែរជំនាន់ក្រោយ។
លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងមិទ្ទិញអបអរសាទរខួបលើកទី៤៦ ទិវាជ័យជំនះ ៧ មករា <<៧ មករា ១៩៧៩ - ៧ មករា ២០២៥>> នៅស្នាក់ការគណបក្សស្រុកតាលោសែនជ័យ ដោយមានការចូលរួមពី លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោក ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះជួយស្រុកតាលោសែនជ័យ, អភិបាលរងខេត្ត, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធទាំង៣, អាជ្ញាធរមូលដ្ឋាន, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណជិត២ពាន់នាក់។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានថ្លែងថា ថ្ងៃនេះយើងទាំងអស់គ្នា មានឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួបលើកទី៤៦ ទិវាជ័យជំនះ ៧ មករា <<៧ មករា ១៩៧៩ - ៧ មករា ២០២៥>> គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព។ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ គឺជាទិវាមហាជ័យជំនះ របស់ប្រជាជនកម្ពុជា លើបនប្រល័យពូជសាសន៍ ប៉ុល ពត។ កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិប
តេយ្យ និងវឌ្ឍនភាពសង្គម។ ប្រជាជនកម្ពុជា បានប្រសិទ្ធនាម ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ថាជាថ្ងៃកំណើតទី២របស់ខ្លួន ហើយកំណត់នូវគោលជំហរយ៉ាងច្បាស់ថា (បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ)។
រយៈពេល៤៦ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស នៅតែចងចាំមិនភ្លេចនូវគុណបំណាច់ដ៏ធំធេង របស់ថ្ងៃ៧មករា ១៩៧៩ និងបានសម្តែងការអបអរសាទរយ៉ាងក្លៀវក្លា នូវខួបអនុស្សាវរីយ៍ នៃទិវាជ័យជំនះជាប្រវត្តិសាស្ត្រ <<៧ មករា ១៧៩ - ៧ មករា ២០២៥>> ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តម របស់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៏ច្រើនឥតគណនា និងយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា។ ជាមួយគ្នានោះ ពួកគេក៏ចងចាំជានិច្ច ចំពោះគុណបំណាច់ថ្ងៃ៧ មករា ដែលនាំឱ្យប្រជាជន រួចផុតពីសេចក្តីស្លាប់ និងប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក កែវ រតនៈ បន្តថាមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនាប្រទេសជាតិ ដោយបន្តថែរក្សាសន្តិភាព ពូនជ្រុំនូវរាល់សមិទ្ធផល និងជម្រុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ។ ស្របពេលដែលប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ខេត្តពោធិសាត់ក៏ទទួលបាននូវសមិទ្ធផលធំៗ និងថ្មីៗជាច្រើន ដូចជាផ្លូវ ស្ពាន ប្រឡាយ វ៉ារីអគ្គិសនី រោងចក្រ សហគ្រាស ទំនើបៗជាច្រើន ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋជាច្រើន និងធ្វើឱ្យជីវភាពពួកគាត់ធូរធាមួយកម្រិត។ ជាមួយគ្នានោះដែរ លោកក៏បានសម្តែងអំណរគុណ ចំពោះប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដែលតែងតែគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិរហូតមក។
លោកសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ រួមដំណើរជាមួយ សម្តេចតេជោ និងសម្តេចបវរធិបតី ដើម្បីបានបន្តគ្រប់គ្រងដឹកនាំនាវាកម្ពុជា ឆ្ពោះទៅការអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានឱកាសថែរក្សាសុខសន្តិភាពបន្តទៀត៕