(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេករបស់ឯកឧត្តមរដ្ឋមន្ត្រី ជាម្តាយរបស់លោកជំទាវ ដែលបានទទួលមរណភាព នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២៖៥០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា <<ខ្ញុំ និងគណៈកម្មាធិការកណ្ដាល ព្រមទាំងមន្ដ្រី បុគ្គលិក អ្នកស្ម័គ្រចិត្ដ និងយុវជននៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោកស្តាយយ៉ាងខ្លាំង ដោយបានទទួលដំណឹងមរណភាព ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេករបស់ ឯកឧត្តម និងជាម្តាយបង្កើតរបស់ លោកជំទាវ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២៖៥០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយនឹង ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយក្មេក ម្តាយ ជីដូនជាទីគោរពស្រឡាញ់ បំផុតមិនអាចកាត់ថ្លៃបានប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គម្រូមួយរូប ដែលតែងតែខិតខំចិញ្ចឹម បីបាច់ថែរក្សា អប់រំ ទូន្មានបុត្រធីតា និងចៅៗ រហូតក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើមរបស់សង្គមជាតិ។ មរណភាពរបស់ ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន គឺជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែលមាន សទ្ធាជ្រះថ្លាយ៉ាងក្រៃលែង ដែលបានបូជាកម្លាំងកាយចិត្ត ធនធាន និងពេលវេលា ដើម្បីរួមចំណែកក្នុងការងារ មនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។
យើងខ្ញុំសូមឧទ្ទិសបួងសួង សូមដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន សូមបានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំ ពីយើងខ្ញុំ>>៕