សាកលវិទ្យាល័យជាតិបាត់ដំបង ប្រារព្ធពិធីអបអរសាទរខួប ប្រាំឆ្នាំនៃការបង្កើត វិទ្យាស្ថានខុងជឺ

Posted By: RoogRog Robot | 30-Dec-2024 15:51:49

2024-12-30 10:47pm

(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង បានប្រារព្ធពិធីអប អរសាទរខួបប្រាំឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺ នៅព្រឹកថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

ពិធីនេះក៏មានការចូលរួមជាអធិបតីដោយ លោកឧត្តមសេនីយ៍ទោ លឹមគុណវុឌ្ឍ មេបញ្ជាការរងនៃយោធភូមិភាគទី៥ តំណាងឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី ហេង ចន្ទថាស្នងការរង តំណាងលោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ជួន សេដ្ឋា នាយកមជ្ឈមណ្ឌលអន្តរជាតិន័រវេស (Northwest International Center) តំណាងថ្នាក់រៀនភាសាចិនទាំង២៤ ទីតាំងព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការសិស្សានុសិស្ស និស្សិត ភ្ញៀវកិត្តិយស ជាតិ និងអន្តរជាតិប្រមាណជា៥០០នាក់ចូលរួមផងដែរ។

លោក សឿម ប៊ុនរិទ្ធ បានថ្លែងថា ប្រទេសកម្ពុជានិងប្រទេសចិនជាមិត្តភក្តិយូរអង្វែងជាប្រវត្តិសាស្រ្ត និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ។ ប្រទេសយើងទាំងពីរបានក្លាយទៅជាមិត្តដែកថែប និងមិត្តត្បូងពេជ្រ។ ហេតុដូ ច្នេះហើយ ទំហំវិនិយោគទុនចិនស្ថិតនៅលំដាប់លេខរៀងទីមួយនៅក្នុងប្រទេសកម្ពុជា។ ជាពិសេស បច្ចុប្បន្ននេះមានក្រុមហ៊ុនវិនិយោគចិនជាច្រើនកំពុងប្រតិបត្តិការនៅក្នុងខេត្តបាត់ដំបង និងតំបន់ភូមិភាគពាយព្យទាំងមូល។

លោកគូសបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង សូមសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានាដែលវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានសម្រេចបានក្នុងរយៈពេលប្រាំឆ្នាំ។ វិទ្យាស្ថាននេះបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលមូលធនមនុស្ស លើជំនាញភាសាចិន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់អាទិភាពគន្លឹះ ចំនួន៥រួមមាន៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា។

លោកបានជំរុញលើកទឹកចិត្តឱ្យសិស្ស និងនិស្សិតទាំងអស់ប្រឹងប្រែងរៀនសូត្រភាសាចិនបន្ថែម លើមុខវិជ្ជាភាសាបរទេសដទៃទៀត ដោយសារភាសាចិននឹងមានឱកាសទីផ្សាការងារខ្ពស់ និងទទួលបានប្រាក់បៀវត្សច្រើន ពីព្រោះមានក្រុមហ៊ុនវិនិយោគទុនជាច្រើន នៅក្នុងប្រទេសកម្ពុជា។ ក្មួយៗនិស្សិតមិនត្រូវមានទស្សនអវិជ្ជមាន ឬយល់ខុសអំពីភាសាចិនថាជាភាសាអាណានិគម ដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាព និងការទូតរវាងប្រទេសយើងទាំងពីរ។ យុវជនយើងត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌ខ្ពស់ដោយចៀសវាង នូវអំពើអបាយមុខគ្រប់ប្រភេទដើម្បីក្លាយខ្លួន ទៅជាពលរដ្ឋល្អដែលជាធនធានជាតិដ៏មានតម្លៃ នាពេលបច្ចុប្បន្នទៅអនាគត។ លើសពីនេះទៅនេះ យុវជនមិនត្រូវធ្លាក់ក្នុងការអូសទាញ ការញុះញង់មូលបង្កាច់លាបពណ៌ ពីជនណាម្នាក់ដែលនាំឱ្យប្រទេសជាតិយើង ធ្លាក់ក្នុងគ្រោះមហន្តរាយ និងសោកនាដកម្មដូចដែលយើងទាំងអស់គ្នា បានឆ្លងកាត់នៅក្នុងប្រវត្តិសាស្រ្តរបស់យើង។ ក្មួយៗជាយុវជនទាំងអស់ត្រូវរួមគ្នារក្សាសុខសន្តិភាព ដែលថ្នាក់ដឹកនាំរបស់យើងខិតខំរកបានដោយលំបាកលំបិន។ សន្តិភាពនាំយើងទៅការអភិវឌ្ឍជាតិ លើគ្រប់វិស័យ ប្រកបដោយចីរភាព និងឧត្តមភាពនៅលើឆាកអន្តរជាតិ។

លោក ជួន សេដ្ឋា នាយកមជ្ឈមណ្ឌលអន្តរជាតិណ័រវ៉េស្ទ និងសាលារៀន ម៉េង ហួ ណ័រវ៉េស្ទក្រុងប៉ោយប៉ែត តំណាងឱ្យថ្នាក់រៀនភាសាចិនទាំង ២៤ទីតាំងបានមានប្រសាសន៍ចំណាប់អារម្មណ៍ថា វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានជួយជ្រុំជ្រែងបំពេញភារកិច្ចសំខាន់ៗដូចជា៖ ការបង្រៀនភាសាចិន ការប្រឡងភាសាចិនអន្តរជាតិ ការបណ្ដុះបណ្ដាលគ្រូជនជាតិខ្មែរ ដើម្បីបង្រៀនភាសាចិន ការផ្លាស់ប្ដូរភាសា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងចំណងស្ពានមិត្តភាព និងធ្វើការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនកម្ពុជា និងប្រជាជនចិន ក្នុងនាមជាប្រទេសធ្លាប់មានប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏រុងរឿងយូរអង្វែងជាមួយគ្នា។ លោកបានគូសបញ្ជាក់ទៀតថា តាងនាមថ្នាក់រៀនភាសាចិនទាំង២៤ទីតាំង លោកសូមថ្លែងអំណរគុណដល់វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលបានបញ្ជូនគ្រូបង្រៀនភាសាចិន មកបង្រៀននៅតាមទីតាំងទាំងអស់តាមសំណូមពរ និងតម្រូវការរបស់អង្គភាពព្រមទាំងរៀបចំ ឱ្យមានដំណើរទស្សនកិច្ចសិក្សានៅក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសប្រទេសចិនជាដើម។

លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជាសហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ភាគីកម្ពុជាបានមានប្រសាសន៍ថា ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញភាសាចិន នៅក្នុងភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជារួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ(ប៉ោយប៉ែត) និងសៀមរាបដល់សិស្សានុសិស្ស និងនិស្សិតសរុបចំនួនជាង ១០, ១៦៦នាក់។

បច្ចុប្បន្ននេះ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង មានគ្រូបង្រៀនភាសាចិនអន្តរជាតិ ពេញម៉ោងចំនួន៣០រូប (មានដើមកំណើតចិន) ហើយគ្រូបង្រៀនភាគច្រើនមានគុណវុឌ្ឍិសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រ ដល់បណ្ឌិត និងមានបទពិសោធន៍បង្រៀននៅបរទេសជាច្រើនឆ្នាំ។ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងនិងអង្គភាពពាក់ព័ន្ធ វិទ្យាស្ថានបានបើកថ្នាក់រៀនភាសាចិនគ្រប់កម្រិត ចំនួន២៤ទីតាំង នៅតាមវិទ្យាល័យមួយចំនួន ដូចជាវិទ្យាល័យពេជ្រចិន្តា វិទ្យាល័យនេតយ៉ង់ វិទ្យាល័យស្តៅសន្តិភាពវិទ្យាល័យសម្តេចឪ ព្រមទាំងជាមួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន អគ្គបញ្ជាការដ្ឋានយោធភូមិភាគទី៥ និងក្រុមហ៊ុនសហគ្រាសចិន។

បច្ចុប្បន្ននេះមាននិស្សិតជាង៣០០នាក់ កំពុងសិក្សាបរិញ្ញាបត្រជំនាញអក្សរសាស្រ្តចិននៅសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិមានជ័យ។ ដោយឡែកនៅសាកលវិទ្យាល័យជាតិបាត់ដំបង ដេប៉ាតឺម៉ង់ភាសាចិនបានដំណើរការបណ្តុះបណ្តាល ជំនាញភាសាចិនបានចំនួនបួនជំនាន់ ដែលមាននិស្សិតកំពុងសិក្សាសរុបជាង១០០នាក់។

សូមគូសបញ្ជាក់ផងដែរថា វិទ្យាស្ថានខុងជឺនៃវិទ្យាល័យជាតិបាត់ដំបង មានមជ្ឈមណ្ឌលប្រឡងតេស្តភាសាចិនអន្តរជាតិ (HSK) តែមួយគត់ នៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។ យើងបានរៀបចំការប្រឡងតេស្ត HSK ចំនួនបីដងក្នុងមួយឆ្នាំ។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ បេក្ខជនបានប្រឡងជាប់តេស្ត HSK សរុបចំនួន ៩១% និង បេក្ខជនបានប្រឡងជាប់តេស្ត HSKK សរុបចំនួន៨៧ % ។ ជាមោទនភាព និស្សិតដែលសិក្សាជំនាញអក្សរសាស្រ្តចិនបានឆ្លងកាត់ការសិក្សារយៈពេលមួយឆ្នាំ បានប្រឡងជាប់តេស្ត HSK យ៉ាងទាបបំផុតត្រឹមកម្រិត៣។ វិទ្យាស្ថានខុងជឺបានបញ្ជូននិស្សិតចំនួន១០រូបទៅចូលរួមកម្មសិក្សារយៈពេលមួយខែចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ នៅសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីននៃ សាធារណៈរដ្ឋប្រជាមានិតចិន។ វិទ្យាស្ថានបានផ្តល់សេវាកម្មប្រឹក្សាអាហារូបករណ៍ សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិន បានចំនួនជាង៣០រូប ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យល្បីៗរបស់ប្រទេសចិន។

កម្មវិធីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនរួមមាន៖ <<អាហារូបករណ៍រដ្ឋាភិបាលចិន>>, <<អាហារូបករណ៍គ្រូបង្រៀនភាសាចិនអន្តរជាតិ>> និង <<អាហារូបករណ៍ចិន-អាស៊ាន>>។

វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបងបានបន្តប្តេជ្ញាចិត្តបញ្ជូននិស្សិតខ្មែរទៅបន្តការសិក្សានៅប្រទេសចិន នៅតាមសាកលវិទ្យាល័យចិនល្បីៗបន្ថែមទៀតរួមមាន សាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិចគួយលីន សាកលវិទ្យាល័យភាសា និងវប្បធម៌ទីក្រុងប៉េកាំង ដើម្បីជួយនិស្សិតសម្រេចក្តីសុបិន្តចង់បន្តការសិក្សានៅប្រទេសចិន។ លើសពីនេះទៅទៀត វិទ្យាស្ថានក៍បានផ្តល់ប្រឹក្សាអាជីព និងស្វែងរកដៃគូក្រុមហ៊ុនចិន ដើម្បីផ្តល់ការងារជូននិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបងបានចំនួនជាង ៣០០ នាក់ទៀតផង។

ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ វិទ្យាស្ថានខុងជឺ បានរៀបចំសកម្មភាពការផ្លាស់ប្តូរវប្បធម៌ជាង ២០០លើក និងបានផ្តល់ឱកាសដល់ មិត្តអ្នកសិក្សាស្រឡាញ់ចូលចិត្តភាសាចិននៅកម្ពុជា ធ្វើការបង្ហាញពីទេព្យកោសល្យរបស់ពួកគេរួមមាន៖ ពិធីបុណ្យនិទាឃរដូវ, ពិធីបុណ្យជនជាតិហ្សាង Zhuang, ពិធីបុណ្យចូលឆ្នាំខ្មែរ, ពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ, ពិធីបុណ្យបទពិសោធន៍វប្បធម៌ឆ្ពោះទៅ ក្នុងសកម្មភាពបង្រៀនរួមមាន ការប្រកួតប្រជែងសូត្រកំណាព្យភាសាចិន, ការប្រកួតប្រជែង <<ស្ពានភាសាចិន>> សម្រាប់និស្សិតសាកលវិទ្យាល័យ និងការប្រកួតច្រៀងចម្រៀង និងកំណាព្យភាសាចិនជាដើម។

សកម្មភាពទាំងនេះបានក្លាយជាស្ពានតភ្ជាប់ ការអប់រំភាសាចិនអន្តរជាតិនៅភាគពាយព្យនៃប្រទេសកម្ពុជាជាមួយប្រទេសចិន ជាការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជា និងជាការលើកកម្ពស់ចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ។ សកម្មភាពទាំងអស់ត្រូវបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ។ ជាពិសេសទទួលបានជ័យលាភីឆ្នើមនៅលើសារព័ត៌ល្បីល្បាញនានារបស់ប្រទេសចិន៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...