សហរដ្ឋអាមេរិក ពិចារណាដាក់កំហិត ឬហាមឃាត់ដ្រូនចិន ដោយសារបារម្ភពីសន្តិសុខជាតិ

Posted By: RoogRog Robot | 02-Jan-2025 14:55:57

2025-01-02 08:46pm

(វ៉ាស៊ីនតោន)៖ ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចនឹងដាក់កំហិត ឬហាមឃាត់យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់ចិន នៅក្នុងសហរដ្ឋអាមេរិក ដោយសារក្តីបារម្ភទាក់ទងនឹងសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។

បច្ចុប្បន្ន ប្រទេស​ចិន​កាន់កាប់​ចំណែក​ទីផ្សារ​ដ៏ធំ​ នៅក្នុង​ការ​លក់​ដ្រូន​ពាណិជ្ជកម្ម​នៅ​សហរដ្ឋអាមេរិក ជាពិសេសក្រុមហ៊ុន DJI ដែលជាក្រុមហ៊ុនផលិតយន្តហោះដ្រូនដ៏ធំបំផុតរបស់ពិភពលោក។ ការព្រួយបារម្ភចម្បង គឺទាក់ទងនឹងសមត្ថភាពរបស់ចិន ក្នុងការចូលប្រើទិន្នន័យ ដែលប្រមូលបានដោយដ្រូនទាំងនោះ។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ខ្លួនកំពុងស្វែងរកមតិសាធារណៈ ជុំវិញច្បាប់សក្តានុពលទាំងនេះ ដើម្បីរារាំងខ្សែសង្វាក់ផ្គត់ផ្គង់យន្តហោះដ្រូនរបស់ចិន។ ទោះជាយ៉ាងណា ការសម្រេចចិត្តចុងក្រោយ លើការហាមឃាត់ ឬការរឹតបន្តឹងការប្រើប្រាស់ដ្រូនចិន នៅសហរដ្ឋអាមេរិក នឹងស្ថិតក្រោមការសម្រេចរបស់រដ្ឋបាលប្រធានាធិបតីជាប់ឆ្នោត ដែលនឹងចូលកាន់តំណែងនៅខែមករា។

គួរបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក បានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់យន្តហោះដ្រូនរបស់ចិន។ កាលពីខែមុន ប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើច្បាប់ ដែលអាចហាមឃាត់ក្រុមហ៊ុន DJI និង Autel Robotics ពីការលក់យន្តហោះដ្រូនថ្មី នៅសហរដ្ឋអាមេរិក។ កាលពីខែកញ្ញា សភាតំណាងរាស្រ្តក៏បានបោះឆ្នោតហាមឃាត់ យន្តហោះគ្មានមនុស្សបើកថ្មីរបស់ក្រុមហ៊ុន DJI មិនឱ្យប្រតិបត្តិការនៅសហរដ្ឋអាមេរិកផងដែរ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...