រថយន្តដឹកនាំអ្នកដំណើរជាគ្រូ-សិស្ស៦៨នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍នៅភ្នំគិរីរម្យ តែមិនប៉ះពាល់ដល់ជីវិតឡើយ

Posted By: RoogRog Robot | 29-Dec-2024 21:32:57

2024-12-29 09:26pm

(កំពង់ស្ពឺ)៖ រថយន្តទេសចរណ៍១គ្រឿងដឹកនាំអ្នកដំណើរជាគ្រូនិងសិស្សចំនួន៦៨នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើឧទ្យានជាតិព្រះកុសុ​មៈ​ <<គិរីរម្យ​>> នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដោយសារនៅពេលចុះត្រឡប់មកវិញរថយន្តមានបញ្ហាដាច់ហ្វ្រាំង តែយ៉ាងណាហេតុការណ៍នេះមិនបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតអ្នកដំណើរឡើយ គ្រាន់តែអ្នកបើកបរនិងជំនួយការអ្នកបើកបរ (ព្រូឡាន) សរុប២នាក់រងរបួសធ្ងន់-ស្រាល។

បើតាមលោកវរ​សេនីយ៍​ទោ​ ជុន​ ចន្ទដេត​ អធិកា​រនគរបា​លស្រុកភ្នំស្រួច ករណី​រថយន្តទេសចរណ៍ជួបគ្រោះថ្នាក់នេះ ក្នុងពេលកើតហេតុ ពោលគឺនៅពេលចុះត្រឡប់មកវិញ រថយន្តមានបញ្ហាដាច់ហ្វ្រាំង ហើយបានរេចង្កូតធ្លាក់ផ្លូវរួចបានរេទៅ​អែ​មជ្រោះ​ និងបានបុកដើមឈើនៅចំណុ​ចលោក​យា​យបាំងដៃ​ ហួសចំណុចជ្រោះអូរកសេះ នៃខ្នងភ្នំឧទ្យានជាតិព្រះកុសុ​មៈ​ <<គិរីរម្យ​>> ភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីដឹងព័ត៌មាននេះ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគ​របា​លស្រុកភ្នំស្រួច​ ក៏បានចេញប្រតិបត្ដិការ​ជួយអន្ដរាគមន៍​លើក​រ​ណីគ្រោះថ្នាក់នេះ​ភ្លាមៗ។

លោកវរ​សេនីយ៍​ទោ​ ជុន​ ចន្ទដេត​ បានបន្តថា ក្នុងរថយន្ដមានមនុស្សប្រមាណ​៦៨នាក់​ ស្រី​៤៣នាក់​ ក្នុងរថយន្ដមានកូន​សិស្ស​សាលា​ និងលោក​គ្រូ​ អ្នកគ្រូ​ ដែលមកពីវិទ្យាល័យ​ល្វា​ ស្រុកព្រៃឈរ​ ខេត្ត​កំពង់ចាម​ ចំពោះ​ការខូចខាតគ្រោះថ្នា​ក់​ប៉ះពាល់ដល់អាយុជីវិត​មនុស្ស​មិនមាននោះទេ​ ប៉ុន្តែ​រងរបួ​ស​ស្រាល​ និងធ្ងន់​ចំនួន​២នាក់​ គឺ​អ្នកប់កបរ​ និងព្រូ​រថយន្ត​។

លោកអធិកា​រនគរបា​លបញ្ជាក់ថា មូលហេតុបង្កជាគ្រោះថ្នាក់នេះ ដោយសារ​ពេល​ធ្វើ​ដំណើរ​ចុះពីលើភ្នំគិរីរម្យ​ មកដល់ចំ​ណុច​ខាងលើ ​រថយន្ដមានបញ្ហាហ្រ្វាំង​ជាន់មិនជាប់ រួចអ្នកបើកបរបាន​ព្យាយាម​បុកលេខ​ដើម្បី​ទប់ល្បឿន​ ចៃដន្យ​បានរេចង្កូតទៅផ្នែកម្ខាងផ្លូវនិងបុកដើមឈើ រួចទើបទប់ជា​ប់​។

បច្ចុប្បន្ន​ លោកគ្រូ​ អ្នកគ្រូ​ និងសិស្ស ត្រូវបានជួយសង្រ្គោះ​ពីអាជ្ញាធរនិងសមត្ថកិច្ចនគរបាល​នាំមកដល់ខាងក្រោមឃុំត្រែងត្រយឹង​ ដោយសុខសុវត្ថិភាពហើយ៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...