(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ ស.ស.យ.ក ឃុំរមណី នាំយកថវិកាចូលរួមរំលែកទុក្ខគ្រសារសពសិស្សសាលាម្នាក់ដែលបានស្លាប់ និងបន្តសួរសុខទុក្ខសិស្សសាលា៥នាក់ទៀតរងរបួស ដែលកំពុងសម្រាកព្យាបាល ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវរវាងម៉ូតូនិងម៉ូតូ។
លោក ហោ ប៊ុនហួរ បានសម្ដែងនូវការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលបាត់បង់កូនជាទីស្រឡាញ់ទាំងក្នុងវ័យសិក្សាតែមួយប៉ព្រិចភ្នែក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។លោកក៏បាននាំថវិកាដែលមានការចូលរួមពីលោក អ៊ុក គឹមសាន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករវៀង ថវិការបស់លោក និងថវិការបស់រដ្ឋបាលឃុំរមណី ប្រគល់ជូនក្រុមគ្រយសារសព និងបាននាំថវិកាបន្តចុះសួសុខទុក្ខសិស្សសាលាដែលរងគ្រោះ និងកំពុងសម្រាកព្យាបាលផងដែរ។
សូមរំឭកថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណី ស្រុករវៀង រវាងម៉ូតូនិងម៉ូតូដែលជាសិស្សសាលាដូចគ្នា ក្នុងទិសដៅស្របគ្នា ដែលហេតុការណ៍នេះបណ្តាលឱ្យស្លាប់បាត់បង់ជីវិតម្នាក់ពេលបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។
ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោកអភិបាលស្រុករវៀង និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានអំពាវនាវដល់អាណាព្យាបាលគ្រប់រូបដែលមានកូនចៅមិនទាន់គ្រប់អាយុក្នុងការបើកបរ សូមកុំបណ្តែតបណ្តោយឱ្យកូនចៅបើកបរម៉ូតូតាមផ្លុវជាតិឱ្យសោះ ដែលជាហេតុបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុដូចករណីនេះ ដែលបណ្តាលឱ្យយើងជាអាណាព្យាបាលមានវិប្បដិសារីអស់មួយជីវិត៕