កម្ពុជា-ចិន បើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន មកកាន់ទីក្រុងភ្នំពេញ, រដ្ឋមន្ដ្រីអាកាសចរណ៍ស៊ីវិល រំពឹងថា ឆ្នាំក្រោយ ទទួលអ្នកធ្វើដំណើរ លើស៧លាននាក់

Posted By: RoogRog Robot | 29-Dec-2024 20:42:43

2024-12-29 08:40pm

(ភ្នំពេញ)៖ កម្ពុជា-ចិន បានចាប់ផ្ដើមបើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន មកកាន់ទីក្រុងភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Spring Airlines នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

ក្នុងពិធីទទួលស្វាគមន៍ ជើងហោះហើរត្រង់ទី១ នេះ ដោយមានការចូលរួម ពីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានសម្លឹងឃើញថា ទំនាក់ទំនង កម្ពុជា-ចិន ជាពិសេសភ្ញៀវទេសចរចិន ជាការពិតឃើញថា មានការកើនឡើង ដោយសារអ្នកធ្វើដំណើរ, ជើងហោះហើរ និងក្រុមហ៊ុនអាកាសចរណ៍ចិន បានពង្រីកជើងហោះហើរ នៅថ្ងៃនេះ។

ទន្ទឹមគ្នានេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងថា​ សម្រាប់អ្នកធ្វើដំណើរ តាមជើងហោះហើរ គឹតត្រឹមឆ្នាំ២០២៤ មានប្រមាណ៥.៦លាននាក់ ហើយរំពឹងថា នៅឆ្នាំ២០២៥ ចំនួនអ្នកធ្វើដំណើរ តាមជើងហោះហើរ មានការកើនឡើង លើស៧លាននាក់ នៅក្នុងមួយឆ្នាំ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា វិស័យអាកាសចរណ៍ស៊ីវិល ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ ឲ្យស្របទៅនឹងគោលការណ៍ច្បាប់ របស់អាកាសចរណ៍ស៊ីវិល និងស្របទៅតាមគោលការណ៍ណែនាំ របស់អង្គការអាកាសចរណ៍ស៊ីវិលអន្ដរជាតិ ដើម្បីត្រៀមលក្ខណៈទទួលយន្ដហោះ ពីបណ្ដាប្រទេសផ្សេងៗ លើពិភពលោក។

លោក Wang Wenbin បានថ្លែងថា <<ខ្ញុំពិតជាសប្បាយរីករាយ ដែលបានសហការ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រសួងទេសចរណ៍ ក្នុងការទទួលភ្ញៀវទេសចរចិន ដែលបានបង្កើនជើងយន្ដហោះ ពីទីក្រុងស៊ីអាន មកកាន់ទីក្រុងភ្នំពេញ>>។

លោក Wang Wenbin បានគូសបញ្ជាក់ថា​ វិស័យទេសចរណ៍ គឺជាសសរស្ដម្ភសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ក៏ជាស្បៀងសំខាន់ សម្រាប់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

គូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines ធ្លាប់បានហោះហើរ ចេញ-ចូល ប្រទេសកម្ពុជា​ បានចំនួន៦២ជើង ក្នុងមួយសប្ដាហ៍។

បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines បានចាប់ផ្តើមហោះហើរឡើងវិញ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែធ្នូ ជើងហោះហើរ នឹងដំណើរការ៣ជើង ក្នុងមួយសប្តាហ៍ នៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...