UPDATE: ចំនួនអ្នកស្លាប់កើនដល់៦២នាក់ ក្នុងគ្រោះថ្នាក់យន្តហោះ នៅអាកាសយានដ្ឋានកូរ៉េខាងត្បូង

Posted By: RoogRog Robot | 29-Dec-2024 10:36:38

2024-12-29 10:34am

(សេអ៊ូល)៖ ចំនួនអ្នកស្លាប់បានបន្តកើនឡើងដល់យ៉ាងហោច៦២នាក់ ក្នុងគ្រោះថ្នាក់យន្តហោះ១គ្រឿង ដែលផ្ទុកមនុស្ស១៨១នាក់ នៅភាគនិរតីប្រទេសកូរ៉េខាងត្បូង នាថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤។

អាជ្ញាធរបានឱ្យដឹងថា មកទល់ពេលនេះ មនុស្ស៦២នាក់ ត្រូវបញ្ជាក់ថា បានបាត់បង់ជីវិត ខណៈ៣នាក់ ត្រូវបានជួយសង្រ្គោះ ហើយ​ទោះជាបែបនេះក្តី តួលេខអ្នកស្លាប់ អាចនឹងបន្តកើនថែមទៀត។ គ្រោះថ្នាក់ខាងលើ បានកើតឡើង ពេលយន្តហោះមួយគ្រឿងរបស់ ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ព្យាយាមចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ Muan។

បើតាមឃ្លីបវីដេអូចែកចាយលើបណ្តាញសង្គម គេមើលឃើញ អំឡុងពេលចុះចត តួខ្លួនរបស់យន្តហោះដែលជួបគ្រោះថ្នាក់ នៅអូសជាប់នឹង​ផ្លូវចុះចតផ្ទាល់តែម្តង ហើយយន្តហោះនោះ បានបោះពួយយ៉ាងលឿនហួសផុតចេញពីផ្លូវ រហូតទីបំផុតទៅបុកជាមួយជញ្ជាំងការពារ ជាហេតុបណ្តាលឱ្យផ្ទុះឆេះឡើងយ៉ាងសន្ធោសន្ធៅ។

គួរបញ្ជាក់ថា យោងតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap គ្រោះថ្នាក់នោះ ទំនងជាបានកើតឡើង ក្រោយការប៉ះទង្គិចជាមួយ​ហ្វូងសត្វបក្សី ជាហេតុបង្កឱ្យម៉ាស៉ីន និងកង់យន្តហោះមានបញ្ហា អំឡុងពេលវាព្យាយាមចុះចត នៅព្រលានយន្តហោះខាងលើ។ យន្តហោះនោះ ជាប្រភេទ Boeing 737-800 មានគោលដៅហោះហើរ ចេញពីទីក្រុងបាងកកនៃប្រទេសថៃ ឆ្ពោះមកកាន់កូរ៉េខាងត្បូង ជាមួយ​អ្នកដំណើរសរុប១៧៥នាក់ និងក្រុមការងារយន្តហោះចំនួន៦នាក់៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...