ម៉ិកស៉ិក​ ឃុំខ្លួនជនចំណាកស្រុកជិតកន្លះលាននាក់​ ដែលប្រុងធ្វេីដំណេីរមកកាន់សហរដ្ឋអាមេរិក​ ក្នុងត្រីមាសមុន

Posted By: RoogRog Robot | 28-Dec-2024 11:57:31

2024-12-28 06:50pm

(ម៉ិកស៉ីកូ)៖​ កងកម្លាំងសន្តិសុខម៉ិកស៉ិក​ បានចាប់ខ្លួនជនចំណាកស្រុកខុសច្បាប់ប្រហែល ៤៧០.០០០នាក់​ ចាប់តាំងពីខែតុលាមក​ ខណៈប្រធានាធិបតីជាប់ឆ្នោតអាមេរិក​ លោក ដូណាល់​ ត្រាំ​ គំរាមថានឹងដាក់ពន្ធគយលេីម៉ិកស៉ិក លុះត្រាតែប្រទេសនេះអាចបញ្ឈប់ជនចំណាកស្រុកខុសច្បាប់​ ពីការមកដល់ព្រំដែនរួមបាន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី២៨​ ខែធ្នូ​ ឆ្នាំ​ ២០២៤។

ចំនួនជនចំណាកស្រុកជិតកន្លះលាននាក់​ ដែលកំពុងត្រូវបានឃុំខ្លួន​ ចន្លោះថ្ងៃទី១​ ខែតុលា ដល់ថ្ងៃទី២៦​ ខែធ្នូ បង្ហាញឱ្យឃេីញពីវិធានការកាន់តែតឹងរ៉ឹងរបស់ម៉ិកស៉ិក​ មកទល់នឹងដំណាច់ឆ្នាំនេះ។​ បេីតាមរដ្ឋាភិបាល​ មានជនចំណាកស្រុកប្រហែល ៩០០.០០០នាក់ហេីយ​ ត្រូវបានឃុំខ្លួនចាប់ពីដេីមឆ្នាំមក។

រដ្ឋមន្រ្តីការបរទេសម៉ិកស៉ិក​ លោក​ Juan Ramon de la Fuente​ បញ្ជាក់ថា​ <<​យើងគិតថាវាជាគំរូមួយដែលដំណើរការ ហេីយកំពុងប្រសើរឡើង និងឆ្លើយតបបានល្អចំពោះបញ្ហាចំណាកស្រុក>>។​ តាមលោក​រដ្ឋមន្រ្តីរូបនេះ​ ជនចំណាកស្រុកដែលត្រូវឃុំខ្លួននៅព្រំដែនរួម​ មានការធ្លាក់ចុះ​ ៨១ភាគរយគិតត្រឹមពាក់កណ្តាលខែធ្នូ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។

គួរបញ្ជាក់ថា​ លោក​ ត្រាំ​ នៅចុងខែវិច្ឆិកា ធ្លាប់គំរាមថានឹងយកពន្ធ ២៥ភាគរយលើការនាំចូលរបស់ម៉ិកស៉ិក និងកាណាដា​ ប្រសិនបើប្រទេសទាំងនោះមិនបញ្ឈប់ការលំហូរគ្រឿងញៀន និងជនចំណាកស្រុកទេនោះ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...