(ភ្នំពេញ)៖ ហេតុការណ៍សិស្សវាយគ្នានៅក្នុងសាលា ញូវហ្គេតវ៉េអន្តរជាតិ (New Gate Way International School) នៅសង្កាត់វាលវង់ ខណ្ឌ៧មករា បណ្តាលឲ្យក្មេងប្រុសជំទង់ម្នាក់រងរបួស និងត្រូវបានម្តាយរបស់គាត់បង្ហោះតាម បណ្តាញសង្គម នាំឲ្យមានការចែកចាយខ្លាំងនោះ ត្រូវបាននគរបាលចុះទៅដោះស្រាយ និងសម្របសម្រួលបញ្ចប់ហើយ នៅចំពោះមុខឪពុកម្តាយក្មេងដែលពាក់ព័ន្ធ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានបញ្ជាឲ្យ កម្លាំងនគរបាលចុះទៅសួរនាំដល់ក្នុងសាលា ដើម្បីធ្វើការដោះស្រាយ និងសម្របសម្រួលគ្នា ដោយសារតែសិស្សៗដែលកើតជម្លោះវាយតប់គ្នានៅក្នុងសាលានោះមានអាយុ១១-១២ឆ្នាំ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា នគរបាលរបស់យើងបានហៅឪពុកម្តាយសងខាង មកដោះស្រាយ និងសម្របសម្រួលដើម្បីបញ្ចប់រឿងនៅក្នុងសាលាតែម្តង៕