(ភ្នំពេញ)៖ នាយកដ្ឋានបរិវត្តកម្មឌីជីថលនៃក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីប្រកួតហ្គេមថ្នាក់ជាតិ ២០២៤ (Game Jam 2024) លើការបង្កើតហ្គេមប្រភេទអប់រំ ដែលអាចជួយដោះស្រាយបញ្ហាក្នុងសហគមន៍ និងដើម្បីផ្តល់ឱ្យស្ត្រីវ័យក្មេងនៅកម្ពុជា នូវសិទ្ធអំណាច ជំនាញ និងចំណេះដឹងដើម្បីឈោងចាប់ឱកាសការងារក្នុងវិស័យបច្ចេកវិទ្យា និងបញ្ជ្រាបឧស្សាហកម្ម Gaming Education ក្នុងវិស័យអប់រំ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថលនៃក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការចូលរួមពីក្រុមកុមារី ៨ក្រុម ដែលមានកម្រិតអនុវិទ្យាល័យចំនួន ៤ក្រុម និងវិទ្យាល័យ ៤ក្រុម ដែលមកពីក្លឹបសិក្សាក្រៅម៉ោង ICT របស់សាលាគោលដៅទាំង ៣៣សាលា នៅក្នុងខេត្តគោលដៅចំនួន៥ រួមានខេត្ត៖ សៀមរាប បាត់ដំបង កំពត តាកែវ និងស្ទឹងត្រែង។
គួរបញ្ជាក់ដែរថា កម្មវិធីអប់រំបង្កើតហ្គេម (Game Changers Coalition) ផ្ដួចផ្ដើមឡើងដោយនាយកដ្ឋានបរិវត្ដកម្មឌីជីថលនៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការយូនីសេហ្វ និងអង្គការ Office of Innovation នៃទីក្រុង Stockholm ប្រទេសស៊ុយអែត បានផ្តួចផ្តើមដំណើរការគម្រោងសាកល្បងស្ដីពីការអប់រំ STEM បែបថ្មីឈ្មោះថា <
នាឱកាសនោះលោក សុក ថា បានបញ្ជាក់ថា កម្មវិធីអប់រំបង្កើតហ្គេមនេះជាកម្មវិធីមួយដែលផ្តល់ឱកាសឱ្យសិស្សរៀនប្រើប្រាស់បច្ចេកវិទ្យា ដែលកម្មវិធីនេះធ្វើឡើងមិនត្រឹមតែជួយដល់ក្មេងស្រីឱ្យចេះប្រើប្រាស់បច្ចេកវិទ្យានោះទេ ហើយក៏ចំណុចមួយក្នុងការជួយដល់ក្មេងស្រី ងាគមកចាប់យកជំនាញក្នុងវិស័យបច្ចេកវិទ្យានៅថ្ងៃអនាគត់ ជាមួយគ្នានោះក៏ដើម្បីផ្តល់ឱកាសដល់កុមារកម្ពុជាទទួលបានការបណ្ដុះបណ្ដាលលើវិស័យបច្ចេកវិទ្យានិងការផ្លាស់ប្តូរចំណេះដឹងក្នុងការបង្កើតហ្គេមដែលអាចជួយដោះស្រាយបញ្ហាក្នុងសហគមន៍។
លោក សុក ថា ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សរៀនប្រើប្រាស់បច្ចេកវិទ្យាឱ្យបានស្ទាត់ជំនាញ, ពាក់ព័ន្ធនឹងការប្រកួតនេះដែរលោកបានបញ្ជាក់ថា ការប្រកួតប្រកួតប្រជែងតែងតែមានឈ្នះ និងចាញ់ បើទទទួលបានលទ្ធផលមិនល្អត្រូវខិតខំប្រឹងប្រែងនាឆ្នាំបន្តបន្ទាប់ទៀតផងដែរ។
បើតាមការបញ្ជាក់ពីកញ្ញា សេង ស៊ីណែត អនុប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល បានឱ្យដឹងថា ការលេងហ្គេមមិនមែនសុទ្ធតែមានគុណវិបត្តិទាំងអស់នោះឡើយ ពេលខ្លះក៏មានគុណសម្បត្តិផងដែរ ជាក់ស្តែងការលេងហ្គេមពេលខ្លះគឺដើម្បីកាត់បន្ថយភាពតានតឹងពីការរៀនសូត្រ ហើយក៏មានហ្គេមខ្លះបានផ្តល់ជាផលប្រយោជន៍ផងដែរ, តួយ៉ាងកម្មវិធីអប់រំបង្កើតហ្គេមរបស់នាយកដ្ឋានបរិវត្តកម្មឌីជីថលនៃក្រសួងអប់រំនេះ គឺជាការបង្កើតហ្គេមប្រភេទអប់រំ និងការដោះស្រាយបញ្ហានៅក្នុងសង្គមផ្សេងៗ ក៏ដូចជាប្រភេទហ្គេម ដែលផ្តល់ផលប្រយោជន៍ដល់សុខភាពផងដែរ។
គោលបំណងនៃកម្មវិធីប្រកួតប្រជែងហ្គេម (Game Jam)នេះមានដូចជា៖ ផ្តល់ឱ្យស្ត្រីវ័យក្មេងកម្ពុជា នូវសិទ្ធអំណាច ជំនាញ និងចំណេះដឹង ដើម្បីឈោងចាប់ឱកាសការងារក្នុងវិស័យបច្ចេកវិទ្យា និងបញ្ជ្រាបឧស្សាហកម្ម Gaming Education ក្នុងវិស័យអប់រំ, ផ្តល់ឱកាសដល់ស្ត្រីវ័យក្មេងកម្ពុជាទទួលបានការបណ្ដុះបណ្ដាលលើវិស័យបច្ចេកវិទ្យា, ផ្ដល់ឱកាសដល់អ្នកចូលរួមក្នុងការរៀនដឹងអំពីបច្ចេកវិទ្យាថ្មីៗ និងការផ្លាស់ប្តូរចំណេះដឹងក្នុងការបង្កើតហ្គេម, ឱ្យសិស្សស្រីអាចយល់ដឹងពីការបង្កើតហ្គេម ដែលអាចជួយដោះស្រាយបញ្ហាក្នុងសហគមន៍, ឱ្យសិស្សស្រីអាចយល់ដឹងពីការលេងហ្គេម ដែលអាចមានប្រយោជន៍ជាមួយការសិក្សា.
បង្កើតចំណាប់អារម្មណ៍ និងលើកទឹកចិត្តដល់វិនិយោគិន ឬដៃគូអាជីវកម្មក្នុងការបង្ហាញថាវិស័យហ្គេមមានសក្តានុពលដល់សេដ្ឋកិច្ច, សិក្សាពីវិធីសាស្រ្ដធ្វើការងារជាក្រុម ការដោះស្រាយបញ្ហាការបង្កើតហ្គេម, លើកទឹកចិត្តសិស្សឱ្យមានគំនិតច្នៃប្រឌិត សិល្បៈរចនារូបភាព សម្រាប់បង្កើតហ្គេម, សិក្សាអំពីការសរសេរកូដ, លើកកម្ពស់ក្មេងស្រីក្នុងវិស័យឧស្សាហ៍កម្មហ្គេម, ការចូលរួមប្រកួតក្នុងកម្មវិធី Game Jam និងជំរុញការប្រកួតប្រជែងដល់កុមារី ដើម្បីអភិឌ្ឍសមត្ថភាពលើជំនាញបង្កើតហ្គេម៕