(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើវិញ្ញាសាសរសេរលើកទី១ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលាភូមិន្ទភ្នំពេញ។
មិនខុសពីសព្វមួយដង លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញកាត់វិញ្ញសាក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ លើវិញ្ញាសាសរសេរលើកទី១ នេះផងដែរ។
សូមជម្រាបថា ការប្រឡងនេះនឹងប្រព្រឹត្តទៅ ៣ ដំណាក់កាល ដោយដំណាក់កាលទី១ និងដំណាក់កាលទី២ ត្រូវប្រឡងវិញ្ញសាសរសេរ រីឯ ដំណាក់កាលទី៣ បេក្ខជនត្រូវប្រឡងដោយការសម្ភាសផ្ទាល់មាត់តែម្ដង។ ទន្ទឹមនេះ មានបេក្ខជនចូលរួមសរុប ៥ ៦៩៤នាក់ (ស្រី ៣៣៧៤) ការប្រឡងជ្រើសរើសអ្នកជាប់ចុងក្រោយគឺមានចំនួន ២៥៧ កន្លែងប៉ុណ្ណោះ។
បេក្ខជនទាំងអស់ត្រូវចូលរួមការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី១ សម្រាប់មុខតំណែងមានដូចតទៅ៖
ដោយមុខតំណែងក្នុងឧបសម្ព័ន្ធទី១៖ បេក្ខជនត្រូវប្រឡងលើមុខវិជ្ជា ១.ភាសាអង់គ្លេស មានរយៈពេល ១ម៉ោង (ចាប់ផ្តើមពីម៉ោង ១២:៣០នាទី ដល់ម៉ោង ១៣:៣០នាទី) និង ២.សំណួរពហុចម្លើយចំណេះដឹងទូទៅពាក់ព័ន្ធនឹង ១៖មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកដិច្ច និង ២៖ជំនាញពន្ធដានិងឯកទេស មានរយៈពេល ២ម៉ោង (ចាប់ផ្តើមពីម៉ោង ១៥:០០នាទី ដល់ម៉ោង ១៧:០០នាទី)៕