(កណ្ដាល)៖ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២,៩៨៨បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅស្ថិតនៅភូមិស៊ីធរកើត ភូមិព្រៃបាំង និងភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។
អភិបាលខេត្តកណ្ដាល បានថ្លែងថា ដីធ្លីបានចុះបញ្ជី មានបណ្ណកម្មសិទ្ធិ គឺមានសុវត្ថិភាព និងជាមូលធនដ៏សំខាន់សម្រាប់កម្មសិទ្ធិករទាំងអស់ មានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់, ជួល, បញ្ចាំ ធ្វើអំណោយ ។ល។ ដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។
លោកបានបន្ថែមថា ការចែកបណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ការពង្រឹង យុត្តិធម៌ និងស្ថិរភាពសង្គម។
ក្នុងឱកាសនោះលោកអភិបាលខេត្ត បានកោតសរសើរពីការខិតខំរបស់មន្ទីររៀបចំដែនដី និងប្អូនៗយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ។
លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា គិតមកដល់ពេលនេះចុះបញ្ជីបាន ៦០ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង ៥៣១ភូមិ លើ១០១០ភូមិ គឺស្មើនឹង ៥២% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៤៩,២៨០ក្បាលដី។
ក្នុងនោះបានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៣៨៥,៤១១ បណ្ណ និងធ្វើការចែកបណ្ណជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២២៨ លើកស្មើនឹង ៣១១,៤១៥ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២២៩ នៃ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិម៉ែបាន ចំនួន ៩៥៨ប័ណ្ណ ភូមិស៊ីធរកើត ចំនួន ១,០២៦ប័ណ្ណ និងភូមិព្រៃបាំង ចំនួន ១,០០៤ ប័ណ្ណ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល សរុបចំនួន ២,៩៨៨ប័ណ្ណ។
ស្ថិតក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួន២ឃុំ ស្មើ នឹងបួនភូមិស្ថិតក្នុងស្រុកពញាឮនៅរសៀលថ្ងៃដដែល, អភិបាលខេត្តកណ្តាល អំពាវនាវដល់បងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធទាំងឡាយ ដែលមានក្បាលដីស្ថិតនៅភូមិតាំងស្តុក និងភូមិប្រាសាទ ឃុំឈ្វាំង ភូមិជ្រៃលាស់ និងភូមិតាតូច ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល សូមអញ្ជើញមកផ្ទៀងផ្ទាត់លើទិន្នន័យ នៃឯកសារវិនិច្ឆ័យ ដែលដាក់បិទផ្សាយ។
ករណីមានការខុសឈ្មោះ អក្ខរាវិរុទ្ធ ទំហំដី បងប្អូនអាចធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុង ឯកសារវិនិច្ឆ័យ ដើម្បីធ្វើការកែសម្រួលឲ្យត្រឹមត្រូវឡើងវិញ ដែលមានរយៈពេល ១៥ ថ្ងៃគឺចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ជាកំណត់៕