អភិបាលខេត្តកែប អំពាវនាវពលរដ្ឋ ដែលមានក្បាលដីនៅភូមិទួលសាងាំ, ចំការបី និងភូមិថ្មី ត្រូវទៅពិនិត្យលើក្បាលដីរបស់ខ្លួន ដើម្បីសុំកែតម្រូវ ដោះស្រាយឲ្យបានទាន់ពេលវេលា

Posted By: RoogRog Robot | 28-Dec-2024 14:31:42

2024-12-28 02:26pm

(កែប)៖​ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានក្បាលដីរបស់ខ្លួន បានវាស់វែងរួចរាល់ និងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដី ស្ថិតក្នុងភូមិទួលសាងាំ ឃុំអង្កោល, ភូមិចំការបី ឃុំពងទឹក នៃស្រុកដំណាក់ចង្អើរ និងភូមិថ្មីសង្កាត់ព្រៃធំ នៃក្រុងកែប ខេត្តកែប សូមចូរទៅពិនិត្យឲ្យបានល្អិតល្អន់ ដើម្បីសុំកែតម្រូវ ដោះស្រាយឲ្យបានទាន់ពេលវេលា។

ការសំណូមពរបែបនេះខណៈលោកអភិបាលខេត្តកែប សោម ពិសិដ្ឋ អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដី នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងបរិវេណសាលា ស្រុកដំណាក់ចង្អើរ ខេត្ត​កែប​។

ពិធីនេះមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត ឧត្ដមសេនីយ៍​ វរសេនីយ៍​ តំណាង​កងកម្លាំង​ទាំង៣ ប្រធាន​ អនុប្រធាន​មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ត្រីបច្ចេកទេសវាស់វែងដី​ធ្លី​ នៃមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដីខេត្ត​ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាង៦០០នាក់។

លោក សុទ្ធ ពុទ្ធីម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានលើកឡើងក្នុងរបាយការណ៍ថា លទ្ធផលនៃការវាស់វែងក្បាល់ដីក្នុងភូមិទាំង៣នេះ ភូមិទួលសាងាំ មានក្បាលដីសរុប ចំនួន ២,១៤២ ក្បាល់ដី ក្នុងនោះក្បាលដីចុះបញ្ជីជាលក្ខណៈដាច់ដោយដុំ មាន២ក្បាលដី, ភូមិចំការបី មានក្បាលដីសរុប ចំនួន ១,៧៣៩ ក្បាលដី ក្នុងនោះ ចុះបញ្ជីជាលក្ខណៈដាច់ដោយដុំ និងតាមបទបញ្ជាលេខ ០១បប ក្រោមគោលនយោបាយ ចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី មាន ៣០៨ក្បាលដី, ភូមិថ្មី មានក្បាលដីសរុប ចំនួន ២,៣៤០ក្បាលដី ក្នុងនោះក្បាលដីចុះបញ្ជីជាលក្ខណៈដាច់ដោយដុំ មានចំនួន ៧៣ក្បាលដី។

​នាឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងថា ការបិទផ្សាយនេះ គឺដើម្បីធានានូវភាពមិនត្រឹមត្រូវ ឬខុសឆ្គង និងសុំកែតម្រូវ ក្នុងករណីបងប្អូនពិនិត្យឃើញថា ទិន្នន័យក្បាលដី ដែលបានបិទផ្សាយ ពុំមានភាព ជាក់លាក់ ឬមិនពេញលេញ បងប្អូនមានសិទ្ធសុំមន្ត្រីជំនាញជួយបំភ្លឺលើខ្លឹមសារនៃឯកសារដែលបានបិទផ្សាយជាសាធារណៈនៅទីតាំង សាលាស្រុកដំណាក់ចង្អើរ សម្រាប់ភូមិទួលសាងាំ និងភូមិចំការបី​ នៃស្រុកដំណាក់ចង្អើរ និងនៅបរិវេណមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សម្រាប់ភូមិថ្មី ដែលមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥៕



























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...