(ហ្សាកាតា)៖ អ្នករស់រានមានជីវិត និងក្រុមគ្រួសារជនរងគ្រោះរាប់ពាន់នាក់ បានប្រារព្ធពិធីរំឭកខួប ២០ឆ្នាំ នៃស៊ូណាមិមហាសមុទ្រឥណ្ឌា ដែលបានឆក់យកជីវិតមនុស្សប្រហែល ២៣០.០០០នាក់ កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០០៤។ ពិធីរំលឹកនេះ បានធ្វើឡើងនៅទូទាំងអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ដោយមានការចូលរួមពីប្រជាជនរាប់ពាន់នាក់ ដែលបាននាំគ្នាទៅលេងផ្នូរដ៏ធំ ដាក់កម្រងផ្កា និងសម្រាលទុក្ខគ្នាទៅវិញទៅមក ដើម្បីចងចាំពីគ្រោះមហន្តរាយដ៏សាហាវនេះ។
រលកយក្សស៊ូណាមិ បានវាយប្រហារប្រទេសជាច្រើន រួមមាន ឥណ្ឌូនេស៊ី ថៃ ស្រីលង្កា និងឥណ្ឌា បន្ទាប់ពីការរញ្ជួយដីកម្រិត ៩.១ រ៉ិចទ័រ នៅឯឆ្នេរសមុទ្រ ខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី។ រលកកម្ពស់រហូតដល់ ១៧ម៉ែត្រ បានបោកបក់ចូលឆ្នេរសមុទ្រ បណ្តាលឱ្យមានមនុស្សស្លាប់ និងខូចខាតយ៉ាងច្រើន។
នៅប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសរងផលប៉ះពាល់ខ្លាំងបំផុត ប្រជាជនរាប់រយនាក់ បានទៅលេងផ្នូរដ៏ធំមួយ នៅក្នុងភូមិ Ulee Lheue ដើម្បីរំលឹកដល់ជនរងគ្រោះ។ ពួកគេបានដាក់ផ្កា និងអធិស្ឋានជូនវិញ្ញាណក្ខន្ធ នៃអ្នកដែលបានស្លាប់។
លោក Nurkhalis ដែលបានបាត់បង់សមាជិកគ្រួសារជាច្រើននាក់ ក្នុងគ្រោះមហន្តរាយនេះ បានរៀបរាប់ទាំងអារម្មណ៍សោកសៅបំផុតថា <<ទោះបីជាពេលវេលាបានកន្លងផុតទៅហើយក៏ដោយ ប៉ុន្តែអារម្មណ៍មួយនេះ តាមលងយើងក្នុងថ្ងៃនេះ ជាពិសេសពួកយើងដែលបានបាត់បង់គ្រួសាររបស់យើងនៅពេលនោះ>>។
ពិធីរំឭកក៏ត្រូវបានធ្វើឡើង នៅប្រទេសស្រីលង្កានិងឥណ្ឌា ដែលប្រជាជនបាននាំគ្នា អុជទៀន និងធ្វើពិធីបួងសួងដល់វិញ្ញាណក្ខន្ធ នៃអ្នកដែលបានស្លាប់។ នៅប្រទេសថៃ មនុស្សរាប់រយនាក់ បានទៅទស្សនាជញ្ជាំង Tsunami ដែលជាកន្លែងរំលឹកវិញ្ញាណក្ខន្ធ ដើម្បីគោរពដល់មនុស្សជាទីស្រលាញ់របស់ពួកគេ។
ពិធីរំឭកខួប ២០ឆ្នាំ នៃស៊ូណាមិមហាសមុទ្រឥណ្ឌា បានបង្ហាញពីការចងចាំដ៏ឈឺចាប់ និងការបន្តកាន់ទុក្ខ របស់អ្នករស់រានមានជីវិតនិងក្រុមគ្រួសារជនរងគ្រោះ។ ព្រឹត្តិការណ៍នេះ បានរំឭកពីសោកនាដកម្មដ៏ធំធេងនិងផលប៉ះពាល់យូរអង្វែង នៃគ្រោះមហន្តរាយធម្មជាតិដ៏សាហាវនេះ៕