កោះតៃវ៉ាន់រារាំងការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន Uber និងក្រុមហ៊ុន Foodpanda

Posted By: RoogRog Robot | 26-Dec-2024 20:11:57

2024-12-26 08:05pm

(តៃប៉ិ)៖ កោះតៃវ៉ាន់បានច្រានចោលផែនការរបស់ក្រុមហ៊ុន Uber ក្នុងការទិញយកក្រុមហ៊ុន Foodpanda របស់ក្រុមហ៊ុន Delivery Hero នៅលើកោះមួយនេះ ដោយបានបញ្ជាក់កាលពីថ្ងៃពុធថា កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងទីផ្សារយ៉ាងខ្លាំង។ នេះបើយោងតាមកាសែត Channel News Asia។

ក្រុមហ៊ុនដឹកជញ្ជូនអាហាររបស់អាមេរិកមួយនេះមានបំណងទិញយកក្រុមហ៊ុន Foodpanda នៅកោះតៃវ៉ាន់នៅឆមាសទី១ ឆ្នាំ២០២៥ ក្នុងតម្លៃ ៩៥០លានដុល្លារអាមេរិក ដោយនឹងច្របាច់បញ្ចូលគ្នានូវក្រុមហ៊ុនដឹកជញ្ជូនអាហារធំទាំងពីរនៅក្នុងទីផ្សារចែកចាយអាហាររបស់តៃវ៉ាន់។

លោក Chen Chi-Ming អនុប្រធានគណៈកម្មការពាណិជ្ជកម្មយុត្តិធម៌ (FTC) របស់កោះតៃវ៉ាន់ត្រូវបានដកស្រង់សម្ដីដោយកាសែត Channel News Asia ខណៈថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា៖ <<ប្រសិនបើក្រុមហ៊ុន Uber ទិញយកក្រុមហ៊ុន Foodpanda វានឹងលែងមានការប្រកួតប្រជែងទាំងស្រុង>>។

លោកបានមានប្រសាសន៍ថា៖ <<ក្រោយការច្របាច់បញ្ចូលគ្នា ក្រុមហ៊ុន UberEats នឹងមានឧបសគ្គតិចជាងមុនក្នុងការប្រកួតប្រជែង ដោយផ្តល់ឱ្យក្រុមហ៊ុននេះនូវការលើកទឹកចិត្តបន្ថែមទៀតក្នុងការបង្កើនតម្លៃសេវាទៅកាន់អ្នកប្រើប្រាស់ និងថែមទាំងបង្កើនកម្រៃជើងសារសម្រាប់ប្រតិបត្តិករភោជនីយដ្ឋានផងដែរ>>។

លោក Chen បានថ្លែងថា៖ <<គុណវិបត្តិនៃការប្រកួតប្រជែងទីផ្សារពីការច្របាច់បញ្ចូលគ្នានេះមានលើសពីអត្ថប្រយោជន៍សេដ្ឋកិច្ច>>។ លោកបន្ថែមថា ចំណែកទីផ្សាររបស់ក្រុមហ៊ុនដែលនឹងត្រូវបានច្របាច់បញ្ចូលគ្នានេះនឹងមានលើសពី ៩០ភាគរយ។

លោកបានបន្តថា៖ <<គ្មានវិធានការកែតម្រូវគ្រប់គ្រាន់អាចធានាបានថា ការប្រកួតប្រជែងនឹងត្រូវបានរក្សានោះទេ>>។

សហជីពដឹកជញ្ជូនរបស់កោះតៃវ៉ាន់បានស្វាគមន៍ការសម្រេចចិត្តរបស់ FTC ដោយអ្នកនាំពាក្យសហជីពលោក Su Po-hao និយាយថា វាធានាបាននូវ <<អត្ថប្រយោជន៍កាន់តែច្រើនសម្រាប់អនាគតឧស្សាហកម្មដឹកជញ្ជូនអាហារ>>។

សហជីពពាណិជ្ជកម្មបានអះអាងថា ការច្របាច់បញ្ចូលគ្នានេះនឹងបង្កើតឱ្យមានភាពផ្តាច់មុខ និងនាំឱ្យមានការខាតបង់យ៉ាងទូលំទូលាយសម្រាប់អ្នកដឹកជញ្ជូន អ្នកលក់ និងអ្នកប្រើប្រាស់។ នេះបើយោងតាមកាសែត Channel News Asia៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...