ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង៖ ACU មានសិទ្ធិមិនឆ្លើយតបថា «គួរស៉ើបអង្កេត ឬមិនស៉ើបអង្កេតលើករណីណាមួយ» ដោយសារខុសគោលការណ៍ច្បាប់

Posted By: RoogRog Robot | 26-Dec-2024 19:33:14

2024-12-26 07:30pm

(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកឡើងថា អង្គភាពប្រឆាំងអំពើពុករលួយ មានសិទ្ធិមិនឆ្លើយតបចំពោះការចោទសួរថា <<តើ ACU គួរស៉ើបអង្កេត ឬមិនស៉ើបអង្កេតលើករណីណាមួយ>> ពិសេសនៅពេលមានផ្សាយតាមបណ្ដាញសង្គម ព្រោះការឆ្លើយតបបែបនេះ ធ្វើឲ្យប៉ះពាល់កិត្តិយសបុគ្គល និងការងារជំនាញ។

ក្នុងឱកាសអញ្ជើញជាសហធិបតីជាមួយនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ដល់មន្ដ្រីនគរបាលជាតិ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានអះអាងថា បើទោះបីអង្គភាពប្រឆាំងអំពើពុករលួយ កំពុងធ្វើការស៉ើបអង្កេតក៏ដោយ គឺមិនអាចបញ្ជាក់ប្រាប់បានឡើយ ព្រោះខុសគោលការណ៍ច្បាប់កំណត់។

លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានថ្លែងយ៉ាងដូច្នេះថា <<នៅពេលកាសែតសួរថា អង្គភាព ACU ស៉ើបអង្កេតរឿងនេះអត់ រឿងនោះអត់ ជាគោលការណ៍ច្បាប់យើងមិនអាចឆ្លើយថា ស៉ើបអង្កេត ឬមិនស៉ើបអង្កេតនោះទេ។ យើងខ្ញុំមិនអាចអត្ថាធិប្បាយបានទេ ទើបបីយើងកំពុងស៉ើបអង្កេតហើយក៏ដោយ ព្រោះខុសគោលការណ៍ច្បាប់>>។

ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានពន្យល់ទៀតថា សមិទ្ធផលសំខាន់របស់អង្គភាពប្រឆាំងអំពើពុករលួយ មិនជាការចាប់ឃាត់ខ្លួនអ្នកប្រព្រឹត្តបញ្ជូនទៅកាន់តុលាការតែមួយមុខនោះទេ ពោលសមិទ្ធធំៗរបស់អង្គភាពប្រឆាំងអំពើពុករលួយ មានបីសំខាន់ៗ រួមមាន៖ ទី១៖ ការផ្សព្វផ្សាយអប់រំ, ទី២៖ ការបង្ការ ទប់ស្កាត់ និងទី៣៖ ការបង្ក្រាប ហើយបញ្ជូនសំណុំរឿងទៅកាន់ស្ថាប័នតុលាការ ដើម្បីធ្វើឲ្យរៀងចាល។

ជាមួយគ្នានេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះ ក៏បានផ្ដាំផ្ញើទៅកាន់មន្ដ្រីរាជការសាធារណៈទាំងអស់ ក្នុងនោះមានទាំងមន្ដ្រីនគរបាលជាតិផងដែរ ត្រូវតែគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ។ លោកបានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ មានប្រភពគ្រប់គ្រាន់ក្នុងការស៉ើបអង្កេតលើករណីណាមួយដែលមានការសង្ស័យ ដោយមិនចាំបាច់សុំគោលការណ៍ពីស្ថាប័នតុលាការនោះទេ។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានគូសបញ្ជាក់ដែរថា ការរៀបចំពិធីដ៏មានសារៈសំខាន់ថ្ងៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមអនុវត្ត ចំណុចស្នូល និងមុំទី៣នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានផ្ដោតសំខាន់លើការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ព្រមទាំងធ្វើទំនើបកម្ម រដ្ឋបាលសាធារណៈឲ្យមានសមត្ថភាពខ្ពស់ ខ្លាំង ឆ្លាតវៃ និងស្អាតស្អំ ដើម្បីបម្រើផល ប្រយោជន៍ជូនប្រទេសជាតិ និងប្រជាប្រជាពលរដ្ឋ។

ក្នុងន័យនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអង្គភាពប្រឆាំងអំពើ ពុករលួយរៀបចំ <<កម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ>> ដែលមានសមាស ភាពចូលរួមចាប់ពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត រហូតដល់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ដែលមានចំនួនសរុបចំនួន៥៩៧រូប។

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា តាមរយៈបទអត្ថាធិប្បាយរបស់ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង នៅថ្ងៃនេះ លោកមានជំនឿ និងសង្ឈឹមថា ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិដែលបានចូលរួមក្នុងពិធីនេះ ពិតជាបានយល់ដឹងឲ្យកាន់តែច្បាស់លាស់ និងស៊ីជម្រៅបន្ថែមទៀតអំពីបទប្បញ្ញត្តិច្បាប់ នីតិវិធី យុទ្ធនាការ និងផែនការ នានាទាក់ទងនឹងការប្រឆាំងអំពើពុករលួយ ព្រមទាំងបន្តយកទៅធ្វើការផ្សព្វផ្សាយបប្រៀប ដល់កងកម្លាំងនគរបាលក្រោមឱវាទនៅគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក រួមទាំងកងកម្លាំង នគរបាលនៅមូលដ្ឋាន សំដៅលើកម្ពស់អភិបាលកិច្ចល្អនិងភាពស្អាតស្អំ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន បម្រើសង្គមជាតិ និងប្រជាពលរដ្ឋ៕





































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...