សំណូមពររបស់ពលរដ្ឋនៅក្រុងតាខ្មៅចំនួន១៥៣ករណី ត្រូវបានអាជ្ញាធរខេត្តកណ្ដាល យកមកដោះស្រាយជូន

Posted By: RoogRog Robot | 23-Dec-2024 16:23:09

2024-12-23 04:18pm

(កណ្ដាល)៖ សំណូមពររបស់ពលរដ្ឋនៅក្រុងតាខ្មៅ ដែលបានលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានអាជ្ញាធរខេត្តកណ្តាលទទួលយក ដោយរឿងខ្លះដោះស្រាយភ្លាមៗនៅនឹងកន្លែង រីឯរឿងខ្លះថ្នាក់ដឹកនាំប្រគល់ជូនមន្ទីរ ជំនាញពាក់ព័ន្ធយកទៅដោះស្រាយជូនពលរដ្ឋបន្ទាន់ឲ្យមានប្រសិទ្ធភាព លឿនរហ័ស ប្រកបដោយតម្លាភាព យុត្តិធម៌។

លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានថ្លែងថា គោលបំណងសំខាន់ នៃវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ គឺដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ បានស្វែង យល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេសវេទិកានេះក៏នឹងផ្តល់នូវឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរដែលបានលើកឡើងផងដែរ។

ថ្លែងនៅក្នុងវេទិកានេះលោក នុធ ពុធដារ៉ា អភិបាលរងខេត្ត បានគូសបញ្ចាក់ថា រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះ បើក្នុងករណីដោះស្រាយបានភ្លាមៗ អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាក្រុមប្រឹក្សា គណៈអភិបាល មន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ ហើយចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរ មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាល នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។

សូមបញ្ជាក់ថា ក្នុងវេទិការនេះទទួលបានសំណើរ និងសំណូមពរពីប្រជាពលរដ្ឋសរុបចំនួន ១៥៣ ពីអ្នកចូលរួមជាង ៤៦២នាក់។ ក្នុងនោះផ្នែករដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់សរុបចំនួន៧ , ផ្នែកសេដ្ឋកិច្ច សរុបចំនួន ៩០ , ផ្នែកសង្គមកិច្ចសរុបចំនួន ១៤ និងផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុ សរុបចំនួន ៤២ ដែលសំណើរ និងសំណូមពរទាំងនោះ​ត្រូវបាន​លោកប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលរងខេត្ត ធ្វើការពន្យល់បកស្រាយ និងបានជំរុញដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា៕































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...