(បាត់ដំបង)៖ សាខាសាកលវិទ្យាល័យឯកទេសនៃកម្ពុជាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំសន្និសីទស្តីពីការសិក្សានៅឧត្តមសិក្សានិងឱកាសការងារ ក្រោមអធិបតីភាពលោក មាស បូរ៉ា សាកលវិទ្យាធិការសាកលវិទ្យាល័យឯកទេសនៃកម្ពុជា។
លោក ផូ ផង់ នាយកសាខាសាកលវិទ្យាល័យឯកទេសនៃកម្ពុជាខេត្តបាត់ដំបង បានលើកឡើងថា ការជ្រើសរើសជំនាញឯកទេសសិក្សានៅឧត្តមសិក្សា និងឱកាសទីផ្សារការងារ ក្នុងគោលបំណងស្វែងយល់កាន់តែច្បាស់លាស់ អំពីឯកទេសនីមួយៗនៃមហាវិទ្យាល័យទាំង៥ ការជ្រើសរើសឯកទេសដើម្បីសិក្សាស្របតាមចំណង់ចំណូលចិត្ត និងទីផ្សារការងារ ស្វែងយល់អំពីគន្លឹះជោគជ័យសំខាន់ៗសម្រាប់ត្រៀមលក្ខណសម្បត្តិសម្រាប់អាជីពការងារ និងស្វែងយល់អំពីសេវាគាំពារផ្សេងៗរបស់សាកលវិទ្យាល័យ ពីគន្លឹះសិក្សាជោគជ័យនៅថ្នាក់ឧត្ដមសិក្សា និងស្វែងយល់ពីវិសាលភាពនៃទីផ្សារការងារក្នុងខេត្ត និងប្រទេស។
លោកបន្តថា សាកលវិទ្យាល័យឯកទេសនៃកម្ពុជាមានបទពិសោធន៍លើការបណ្តុះបណ្តាលជាង២០ឆ្នាំ ប្រកបដោយភាពជោគជ័យ មានសាស្ត្រាចារ្យ បុគ្គលិកគ្រប់គ្រាន់ ដែលមានសញ្ញាបត្រខ្ពស់ បទពិសោធន៍ជំនាញច្បាស់លាស់ និងបានធ្វើកិច្ចសហប្រតិបត្តិការព្រមទាំងចុះអនុស្សារណៈយោគយល់ជាមួយសាកលវិទ្យាល័យនិងស្ថាប័នបរទេស។ បច្ចុប្បន្ន CUS មាន៩ទីតាំង គឺ៣ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងនៅតាមបណ្តាខេត្តមាន៖ ខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត។ និស្សិតដែលបានបញ្ចប់ការសិក្សាចំនួនជិត៥០,០០០នាក់ និងនិស្សិតកំពុងសិក្សាចំនួនជិត២០,០០០នាក់ ដែលចំនួននេះមានការកើនឡើងជារៀងរាល់ឆ្នាំ ហើយសាកលវិទ្យាល័យបានបណ្តុះបណ្តាលដោយផ្តោតទៅលើ គុណភាព <<បង្រៀន រៀន អនុវត្ត ស្រាវជ្រាវ សេវាកម្ម>> សមត្ថភាពវិជ្ជាជីវៈ <<ចំណេះដឹង ចំណេះធ្វើ>> បុគ្គលិកលក្ខណសម្បត្តិល្អ <<ចរិយាសម្បត្តិ រូបសម្បត្តិ ភាពសកម្មការងារ និងសិល្បៈនៃការរស់នៅ>>។
លោក កែវ ជា សាកលវិទ្យាធិការរង បានបញ្ជាក់ថា ដើម្បីជួយនិស្សិតងាយស្រួលរកកន្លែងហាត់ការ ធ្វើកម្មសិក្សា ការងារស្ម័គ្រចិត្ត និងរកការងារធ្វើ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយបណ្តាក្រុមហ៊ុន និងស្ថាប័នក្នុងស្រុកចំនួន៥៨៣ នៅទូទាំងប្រទេស ហើយនឹងបន្តជំរុញឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
លោកបន្តថា សាកលវិទ្យាល័យបានចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេសចំនួន៥៦ប្រទេស តាមរយៈកិច្ចសហប្រតិបត្តិការនេះសាកលវិទ្យាល័យបានបញ្ជូនសាស្ត្រាចារ្យ និងនិស្សិតទៅសិក្សាវគ្គវែង និងកម្មសិក្សាខ្លីៗ ព្រមទាំងបានទទួលនិស្សិតបរទេសមកផ្លាស់ប្តូរការសិក្សាជាមួយនិស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជាផងដែរ។
លោកស្រី ជួន ស្រី័លក្ខ ប្រធានមជ្ឈមណ្ឌលការងារខេត្តបាត់ដំបងបានបង្ហាញថា មជ្ឈមណ្ឌលការងារខេត្តបានបម្រើលើ៖១. សេវារបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ២. ទទួលចុះឈ្មោះផ្គូរផ្គងការងារក្នុងប្រទេសដោយឥតគិតថ្លៃ៣. ផ្ដល់ការបណ្ដុះបណ្ដាលស្ដីពីវគ្គត្រៀមលក្ខណសម្បត្តិស្វែងរកការងារធ្វើ និងវគ្គបបណ្ដុះបណ្ដាលជំនាញទន់៤. ប្រឹក្សាយោបល់ការងារ វិជ្ជាជីវៈ និងការជ្រើសជំនាញសិក្សា ដោយមិនគិនប្រាក់។
លោក ជួប ពិសី នាយកសាខាធនាគារ PPC Bank បានលើកឡើងពីគន្លឹះចំនួន៥ សម្រាប់អ្នកត្រៀមស្វែងរកការងារធ្វើដំបូង គឺ១. បង្កើតប្រវត្តិរូបសង្ខេប២. បង្កើតលិខិតគម្របដ៏គួរឱ្យទាក់ទាញមួយធ្វើបដិរូបកម្ម៣. បណ្តាញប្រកបដោយប្រសិទ្ធភាព៤. រៀបចំសម្រាប់ការសម្ភាសន៍ ស្រាវជ្រាវក្រុមហ៊ុន៥. អត់ធ្មត់ និងតស៊ូ កុំធ្លាក់ទឹកចិត្តចំពោះការបដិសេធ។
លោក មាស បូរ៉ា បានបង្ហាញអំពីវិធីសាស្រ្តក្នុងការសិក្សានៅឧត្តមសិក្សាដែលមានវិធីជាច្រើន ក្នុងការទទួលបានចំណេះដឹង ដូចជាការអានសៀវភៅឯកទេសជំនាញជាដើម។ លោកបណ្ឌិតបានថ្លែងថា ភាពជោគជ័យ និងការទទួលបានចំណូលខ្ពស់ គឺចាប់ផ្តើមការសិក្សា នៅឧត្តមសិក្សាដែលចូលរួមអភិវឌ្ឍបុគ្គល និងសង្គម សិស្ស-និស្សិតត្រូវចាត់ទុកការសិក្សាជាការងារអាទិភាពក្នុងអំឡុងជីវិតក្នុងសាកលវិទ្យាល័យ ដោយព្យាយាម ចងក្រងឯកសារ អាន ដកស្រង់ ធ្វើបទបង្ហាញ បោះពុម្ពផ្សាយស្នាដៃ ធ្វើខ្លួនឲ្យក្លាយជាបុគ្គលពូកែគិតពិចារណា ក្លាយជាអ្នកមានឯកទេសជំនាញជាក់លាក់ ដើម្បីមានឧត្តមប្រកួតប្រជែងខ្ពស់ទទួលបានការងារនិងចំណូលល្អ។
លោកបន្តថា សាកលវិទ្យាល័យបានកំណត់ថា និស្សិតដែលបញ្ចប់ការសិក្សាត្រូវមានសមត្ថភាពវិជ្ជាជីវៈ បុគ្គលិកលក្ខណសម្បត្តិល្អ និស្សិតនឹងទទួលបានទ្រឹស្តីជំនាញ ចំណេះធ្វើ ដើម្បីសម្រេចទិសដៅនោះបានសាកលវិទ្យាល័យ នឹងផ្តល់នូវសេវាកម្ម ការបង្រៀន និងរៀនប្រកបដោយគុណភាព ដែលទាំងអស់នេះពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងគុណភាពសរុប ដែលសាកលវិទ្យាល័យបានធ្វើ និងកំពុងធ្វើប្រកបដោយឆន្ទះមោះមុត។ អាស្រ័យហេតុនេះ និស្សិត និងអាណាព្យាបាល ត្រូវផ្តល់ការជឿទុកចិត្ត និងគាំទ្រដល់សាកលវិទ្យាល័យ