(កៀវ)៖ ស្នងការសភាអ៊ុយក្រែនទទួលបន្ទុកសិទ្ធិមនុស្ស លោក Dmytro Lubinets បានចោទប្រកាន់កងកម្លាំងរុស្ស៊ីកាលពីថ្ងៃអាទិត្យថា បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន ៥ នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។
លោក Lubinets បានសរសេរនៅលើ Telegram ថា ទាហានរុស្ស៊ីបានបាញ់សម្លាប់ទាហានអ៊ុយក្រែនគ្មានអាវុធទាំង ៥ នាក់ បន្ទាប់ពីចាប់ខ្លួនពួកគេ។ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ប៉ុន្តែបានបញ្ជាក់ថា នឹងរាយការណ៍ករណីនេះទៅកាន់អង្គការសហប្រជាជាតិ។
លោក Lubinets បានសង្កត់ធ្ងន់ថា <<ឧក្រិដ្ឋជនសង្រ្គាមរុស្ស៊ី ដែលបាញ់អ្នកទោសសង្គ្រាមអ៊ុយក្រែន គួរតែត្រូវបាននាំមកនៅចំពោះមុខតុលាការអន្តរជាតិ និងផ្តន្ទាទោសដោយការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត>>។
ទោះជាយ៉ាងណា រុស្ស៊ីមិនទាន់បានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះនៅឡើយទេ ប៉ុន្តែកន្លងមកបានបដិសេធរាល់ការចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម៕