(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អតីតនិស្សិតទទួលបានការសិក្សារៀនសូត្រពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចាត់ទុកសាកលវិទ្យាល័យនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតមូលធនមនុស្សនៅកម្ពុជា ស្របតាមគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសរំលេចបែបនេះ ក្នុងពិធីជួបជុំអតីតនិស្សិត និងអាហារសាមគ្គីរៀបចំដោយសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាយប់ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤។ ពិធីនេះរៀបចំឡើង ដើម្បីបង្កើតការជួបជុំគ្នារំឭកអនុស្សាវរីយ៍អំឡុងពេលនិស្សិតសិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចែករំលែកបទពិសោធន៍ការងារល្អៗ ដែលបានជួបប្រទះកន្លងមក ពង្រីក និងពង្រឹងទំនាក់ទំនងល្អរវាងគ្នា ដើម្បីកិច្ចសហការកាន់តែជិតស្និទ្ធ និងការអភិវឌ្ឍអាជីពបន្ថែមទៀត។
ពិធីដែលប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល និងលោកស្រីបណ្ឌិត ឧកញ៉ាបណ្ឌិត ឌួង លាង ស្ថាបនិក និងជាប្រធានកិត្តិយសក្រុមប្រឹក្សាភិបាល និងលោកស្រី ក៏ដូចជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តាមក្រសួងស្ថាប័ននានា អ្នកឧកញ៉ា ឧកញ៉ា សហគ្រាស ក្រុមហ៊ុន គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងអតីតនិស្សិតប្រមាណ ១,៣០០នាក់។
សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ជាសាកលវិទ្យាល័យឯកជនមួយ ដែលបានចាប់កំណើតឡើងពីអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០២ ដែលមានឈ្មោះថា អង្គការវិទ្យាស្ថានអាស៊ីអឺរ៉ុប។ ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍជាបន្តបន្ទាប់របស់ឧកញ៉ាបណ្ឌិត ឌួង លាង ដែលជាស្ថាបនិកអង្គការមួយនេះ ក៏បានប្រែក្លាយខ្លួនទៅជាសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (Asia Euro University) នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៥។ ក្រោមការចុះត្រួតពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់លើគុណវុឌ្ឍិតាមកម្រិតស្តង់ដាគុណភាពអប់រំនោះ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ត្រូវបានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាផ្តល់ការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាកម្រិតគ្រឹះស្ថានទាំងមូលរយៈពេល៥ឆ្នាំ ជាបន្តទៀត(២០២៣-២០២៧)។
វត្តមានរបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានរួមចំណែកបណ្តុះបណ្តាលនិស្សិតជាច្រើនរូបឱ្យទទួលបានចំណេះដឹងក្លាយខ្លួនទៅជាធនធានមនុស្សដ៏មានសមត្ថភាពនៅក្នុងសង្គម។ ក្នុងនោះក៏មានអតីតនិស្សិតជាច្រើនរូបក្លាយជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល តួយ៉ាងដូចជាលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានជាដើម កំពុងបានបំពេញតួនាទីយ៉ាងសកម្មក្នុងកិច្ចកសាងសង្គមជាតិជាមួយរាជរដ្ឋាភិបាល។
ក្នុងពិធីនេះ មានអតីតនិស្សិតជាច្រើនរូបបានឡើងចែករំលែកបទពិសោធន៍នៃការសិក្សា បទពិសោធន៍ការងារ ក៏ដូចជាបទពិសោធន៍ជីវិតផងដែរ ជូនដល់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។
លោក នេត ភក្ត្រា កូនអ្នកស្រែចម្ការពីខេត្តត្បូងឃ្មុំ ផ្ញើវាសនានៅទីអារាមស្រវាវិជ្ជាក្នុងរាជធានីភ្នំពេញ និងជានិស្សិតទទួលបានការសិក្សារៀនសូត្រនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដែរនោះ បានចាត់ទុកថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដើរតូនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយធនធានមនុស្សដែលបានឆ្លងកាត់នៅសាលានេះ បាននិងកំពុងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការបំរើជាតិ និងប្រជាជន ក៏ដូចជាការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោករដ្ឋមន្ត្រី បានគូសរំលេចដែរថា សាកលវិទ្យាល័យអាសុីអឺរ៉ុប ក៏បានផ្តល់ក្តីសង្ឃឹមដល់កូនចៅប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ តាមរយៈការទទួលបានអាហារូបករណ៍។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណសាកលវិទ្យាល័យអាសុីអឺរ៉ុប ដែលផ្តល់អាហារូបករណ៍ ដល់អ្នកមិនមានលទ្ធភាពបន្តការសិក្សា ឱ្យទទួលបានឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។
<<សាកលវិទ្យាអាសុីអឺរ៉ុប ក៏ជាផ្នែកមួយចូលរួមកែប្រែអនាគតរបស់ប្រជាជនកម្ពុជាមួយចំនួន ជាពិសេសយុវជនដែលមិនមានលទ្ធភាពហើយទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យនេះ បានធ្វើឱ្យនិស្សិតទាំងនោះមានការងារធ្វើ មានចំណូល ធ្វើឱ្យមានអនាគតរីកចម្រើន>>។ នេះជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា។
លោក នេត្រ ភក្ត្រា ចាត់ទុកបេសកកម្មរបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលតាំងពីនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រហូតដល់នីតិកាលថ្មីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តោតសំខាន់ទៅលើការកសាងមូលធនមនុស្សសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ មូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយៈពេលវែង និងជវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ថ្លែងក្នុងពិធីនោះ ក្នុងឋានៈជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាកលវិទ្យាល័យ អ្នកឧកញ៉ា លី ឃុនថៃ ប្រកាសប្តេជ្ញាថែរក្សានូវកិត្តិនាមដ៏រុងរឿងរបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងបន្តអភិវឌ្ឍសាកលវិទ្យាល័យ ឱ្យឈានទៅរកភាពរីកចម្រើនកាន់តែប្រសើរឡើង ពង្រឹងចម្បងលើគុណភាពអប់រំ រក្សាតម្លៃសិក្សាសមរម្យជូននិស្សិត ពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូជាតិនិងអន្តរជាតិ បង្កើនឱកាសអនុវត្តការងារ ជូនដល់និស្សិត។ ជាពិសេសលើកកម្ពស់ការអប់រំតាមបែបឌីជីថលស្របតាមនិន្នាការរីកចម្រើនក្នុងតំបន់ និងនៅលើពិភពលោក និងស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា រួមចំណែកជួយអភិវឌ្ឍប្រទេសជាតិ ឱ្យមានភាពរីកចម្រើនថ្មីៗប្រកបដោយនិរន្តភាព និងចីរភាព ក្រោមម្លប់នៃសន្តិភាព។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីដ៏រីករាយ និងប្រកបដោយភាពស្និទ្ធស្នាលនោះ ក៏មានការចាប់រង្វាន់ផងដែរ រួមមាន វ៉ាលីចំនួន ៥រង្វាន់ បណ្ណស្នាក់នៅតម្លៃ ១០០ដុល្លារក្នុងមួយយប់ ចំនួន ១០រង្វាន់ បណ្ណស្នាក់នៅតម្លៃ ៥០០ដុល្លារ ក្នុងមួយយប់ ចំនួន ៥រង្វាន់ សំបុត្រយន្តហោះ (ទៅមក) ចំនួន ២រង្វាន់ ទូរសព្ទ HONOR X6a ចំនួន ៥គ្រឿង HUAWEI Mate pad SE 10.4 ចំនួន ៥គ្រឿង HONOR Pad X9 ចំនួន ៤គ្រឿង ទូរសព្ទ HUAWEI Nova 12i ចំនួន ៣រង្វាន់ ទូរសព្ទ HUAWEI Nova 12i ចំនួន ៣ រង្វាន់នាឡិកាដៃ Apple Watch ចំនួន ១រង្វាន់ ទូរសព្ទ Apple IPhone 16 pro max ចំនួន ២រង្វាន់ និងម៉ូតូចំនួន ២គ្រឿង៕