កម្លាំងប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាបករណីឆបោកជនរងគ្រោះដល់ទៅ១១នាក់ គិតជាទំហំទឹកប្រាក់២ម៉ឺន៥ពាន់ដុល្លារ

Posted By: RoogRog Robot | 22-Dec-2024 16:26:58

2024-12-22 04:24pm

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យ១រូប ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពទិញ-លក់ទំព័រគណនីហ្វេសប៊ុក និងកម្ចីប្រាក់អនឡាញ ផ្ទេរប្រាក់តាមគណនីធនាគារផ្សេងៗ។

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋាន បានចាប់ខ្លួនជនសង្ស័យចំនួន១រូប ឈ្មោះ ប.ន ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅខេត្តកំពង់ចាម ជាអ្នកបង្កើតគណនីផ្សព្វផ្សាយកម្ចីប្រាក់ និងបង្កើតទំព័របណ្ដាញសង្គមលក់ ដែលបានឆបោកជនរងគ្រោះចំនួន១១នាក់ ក្នុងទំហំទឹកប្រាក់២ម៉ឺន៥ពាន់ដុល្លារសហរដ្ឋអាមេរិក។

តាមការស្រាវជ្រាវ និងសួរចម្លើយ ចំនួនជនរងគ្រោះ និងទំហំទឹកប្រាក់អាចមានចំនួនច្រើនជាងចំនួនខាងលើ។ ជនសង្ស័យបានប្រព្រឹត្តបទល្មើសឆបោកប្រាក់តាមបណ្តាញទំនាក់ទំនងសង្គមតាំងពីអំឡុងឆ្នាំ២០២២មកម្ល៉េះ ដោយបង្កើតគណនីទំនាក់ទំនងសង្គមក្លែងក្លាយ ផ្សព្វផ្សាយពីការផ្តល់ប្រាក់កម្ចីតាមអនឡាញ និងការទិញ-លក់ទំព័រគណនីហ្វេសប៊ុក ក្រោយពីទទួលបានប្រាក់ពីជនរងគ្រោះដែលចង់ស្នើសុំប្រាក់កម្ចី ឬទិញទំព័រគណនីហ្វេសប៊ុកពីរូបគេ គេបានផ្ដាច់ទំនាក់ទំនងជាមួយជនរងគ្រោះតែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមឱ្យមានការប្រុងប្រយ័ត្ន ក្នុងការដាក់ស្នើសុំកម្ចីប្រាក់តាមប្រព័ន្ធអនឡាញ ពីស្ថាប័ននានាដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញទំនាក់ទំនងសង្គម និងការទិញ លក់ទំនិញនានាតាមប្រព័ន្ធអនឡាញ ពីគណនីហ្វេសប៊ុក ឬទំព័រហ្វេសប៊ុកដែលគ្មានប្រភពច្បាស់លាស់ ដែលអាចប្រឈមនឹងបញ្ហានានា ព្រមទាំងខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិទៀតផង៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...