(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល១៥ឆ្នាំមកនេះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មិនត្រឹមតែត្រួសត្រាយផ្លូវសម្រាប់ការសិក្សាភាសាចិនតាមរយៈពិពិធភាពនៃការបង្រៀនភាសាចិនប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានសាង <<ស្ពាន>> នៃការតភ្ជាប់ដួងចិត្តរវាងប្រជាជនកម្ពុជា-ចិន តាមរយៈការរៀបចំកម្មវិធីផ្លាស់ប្ដូរវប្បធម៌ផងដែរ។
ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅ ក្នុងពិធីបើក វគ្គបណ្តុះបណ្តាលគ្រូស្ម័គ្រចិត្តជនជាតិចិន ឆ្នាំ២០២៤ និងអបអរខួប២០ឆ្នាំនៃគម្រោងគ្រូស្ម័គ្រចិត្តអប់រំភាសាចិនអន្តរជាតិ ដែលរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។
លោកបណ្ឌិត យង់ ពៅ បានថ្លែងបែនេះថា៖ <<ក្នុងការអភិវឌ្ឍនាពេលអនាគត យើងគួរតែពង្រឹងបន្ថែមទៀត នូវការផ្សារភ្ជាប់រវាងការអប់រំភាសាចិននិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឱ្យសិស្សនិស្សិត អាចប្ដូរពីសមត្ថភាពភាសាទៅជាកម្លាំងប្រកួតប្រជែងក្នុងទីផ្សារការងារ។ ស្របពេលជាមួយគ្នានេះ តាមរយៈការប្រើប្រាស់បច្ចេកទេសទំនើបៗនិងការធ្វើនវានុវត្ត៍វិធីសាស្ត្របង្រៀន នឹងជំរុញ <<ការអប់រំភាសាចិន>> អាចផ្សព្វផ្សាយដល់ទីក្រុងនិងភូមិឃុំផងដែរ។ ការណ៍នេះ គឺជាការបើក <<បង្អួច>> បន្ថែមទៀតសម្រាប់យុវជនយុវតីកម្ពុជាក្នុងការស្គាល់ពីពិភពលោក>>។
លើសពីនេះ ការធ្វើឱ្យស៊ីជម្រៅនៃការផ្លាស់ប្ដូរវប្បធម៌ក៏ជាទិសដៅដ៏សំខាន់ផងដែរ។ តាមរយៈកម្មវិធីផ្លាស់ប្ដូរក្នុងវិស័យអក្សរសាស្រ្ត សិល្បៈ ប្រវត្តិសាស្រ្ត និងិវិស័យផ្សេងៗទៀត ប្រទេសកម្ពុជា-ចិន ប្រាកដអាចយល់ពីវប្បធម៌និងគុណតម្លៃរបស់គ្នាទៅវិញទៅមក។ ការយល់ពីគ្នានេះ មិនត្រឹមតែធ្វើឱ្យយើងមានមនោសញ្ចេតនាកាន់តែជ្រាលជ្រៅប៉ុណ្ណោះទេ ហើយថែមទាំងបង្កើតបានជាគំរូនៃការសិក្សាវប្បធម៌គ្នាទៅវិញទៅមកសម្រាប់សង្គមអន្ដរជាតិផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា។
សូមជម្រាបថា ដំណើររយៈពេល២០ឆ្នាំនេះ បានបង្កប់នូវកិច្ចខិតខំប្រឹងប្រែងនិងក្តីរំពឹងរបស់មនុស្សជាច្រើន។ ភាពរីកចម្រើននៃការអប់រំភាសាចិននៅប្រទេសកម្ពុជា គឺជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ពហុភាគី ក៏ជាសក្ខីភាពក្នុងការរឹតចំណងមិត្តភាពកម្ពុជា-ចិនដ៏ស៊ីជម្រៅ។ ទន្ទឹមនឹងការសាទរសមិទ្ធផលដ៏ត្រចះត្រចង់នេះ យើងរឹតតែត្រូវកំណត់ទិដ្ឋភាពនេះជាចំណុចចាប់ផ្ដើមថ្មី រួមគ្នាសម្រេចសមិទ្ធផលថ្មីក្នុងវិស័យអប់រំភាសាចិននិងការផ្លាស់ប្ដូរកម្ពុជា-ចិន៕