ចិន ថាតៃវ៉ាន់ជា «បន្ទាត់ក្រហម» ខណៈរិះគន់ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិក

Posted By: RoogRog Robot | 22-Dec-2024 13:52:03

2024-12-22 01:49pm

(ប៉េកាំង)៖ ចិន នៅថ្ងៃអាទិត្យ ទី២២ ខែធ្នូនេះ បានរិះគន់ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិក សម្រាប់កោះតៃវ៉ាន់ ដោយចាត់ទុកថាកញ្ចប់ជំនួយទំហំទឹកប្រាក់ ៥៧១លានដុល្លារ បានបំពានធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ រួមទាំងការឯកភាពគ្នានៃសេចក្ដីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសចិន បានគូសបញ្ជាក់ថា <<ចិននឹងចាត់រាល់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹករបស់ខ្លួន ហើយបានហៅតៃវ៉ាន់ថា ជាបន្ទាត់ក្រហមមួយដែលមិនត្រូវឆ្លងដាច់ខាត>>។

គួរបញ្ជាក់ថា ប្រតិកម្មរបស់ប៉េកាំង កើតមានឡើង ក្រោយកាលពីថ្ងៃទី២០ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតលើការផ្តល់ជំនួយយោធាទំហំ ៥៧១លានដុល្លារ សម្រាប់កោះតៃវ៉ាន់ ស្របពេលដែលរូបលោក ត្រៀមខ្លួនចាកចេញពីតំណែង ហើយលោក ដូណាល់ ត្រាំ​ ត្រូវស្បថ​ចូលកាន់អំណាច នៅខែក្រោយ។

ពុំមានការបញ្ជាក់លម្អិតឡើយ អំពីកញ្ចប់ជំនួយយោធាខាងលើ ប៉ុន្តែវាកើតមានឡើង ក្នុងពេលតិចជាង៣ខែ ក្រោយកញ្ចប់ជំនួយ​ស្រដៀងគ្នា ទំហំ៥៦៧លានដុល្លារ ត្រូវបានអនុញ្ញាតសម្រាប់ តៃវ៉ាន់។ សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ នោះទេ ប៉ុន្តែជាក់ស្តែង ជាខ្នងបង្អែកសំខាន់បំផុតនៅលើឆាកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធធំជាងគេបង្អស់ របស់ដែនកោះនេះ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...