លោកបណ្ឌិត យង់ ពៅ៖ ទំនាក់ទំនងកម្ពុជា-ចិន មិនអាចកាត់ផ្ដាច់បានព្រោះប្រវត្តិសាស្រ្ត និងលក្ខខណ្ឌធម្មជាតិតភ្ជាប់គ្នា (Video inside)

Posted By: RoogRog Robot | 22-Dec-2024 13:45:46

2024-12-22 01:40pm

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងអំពីកត្តាសំខាន់ៗ ដែលធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិន មិនអាចកាត់ផ្ដាច់បានព្រោះប្រវត្តិសាស្រ្ត និងលក្ខខណ្ឌធម្មជាតិតភ្ជាប់គ្នា បូមរួមនិងកត្តាអ្នកនយោបាយ ដែលយល់ដឹងពីភូមិសាស្រ្តនយោបាយ និងការចូលរួមរបស់គ្រូបង្រៀនស្ម័គ្រភាសាចិន ដែលធ្វើដំណើរពីប្រទេសចិន មកបង្រៀនភាសាចិននៅកម្ពុជា។

ការលើកឡើងរបស់លោកបណ្ឌិត អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើឡើងនៅ ក្នុងពិធីបើក វគ្គបណ្តុះបណ្តាលគ្រូស្ម័គ្រចិត្តជនជាតិចិន ឆ្នាំ២០២៤ និងអបអរខួប២០ឆ្នាំនៃគម្រោងគ្រូស្ម័គ្រចិត្តអប់រំភាសាចិនអន្តរជាតិ ដែលរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងបែបនេះថា៖ <<ក្នុងនេះខ្ញុំសូមគូសរំលេចបន្ថែមនូវទំនាក់ទំនងកម្ពុជា-ចិន ក្នុងទិដ្ឋភាពទី១ គឺជាទិដ្ឋភាពប្រវត្តិសាស្រ្តដែលយើងមិនអាចប្រកែកបាន សម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ហើយក៏មិនអាចប្រទេស ឬប្រជាជាតិផ្សេងច្រណែនកម្ពុជា-ចិន បានដែរ។ លោកគ្រូ អ្នកគ្រូ ឯកឧត្តមអស់លោក ដែលបានអញ្ជើញទៅអង្គរសៀមរាប នឹងបានឃើញភស្តុតាងយ៉ាងជាក់ស្ដែងនូវជនជាតិចិន បានមកម្ពុជាមុនសម័យអង្គរទៅទៀត តែមានចារឹកនៅផ្ទាំងប្រសាទនាសម័យអង្គរមានទាំងអ្នកជំនួញ មានទាំងអ្នកកាទូត មានទាំងកងទ័ពនៅក្នុងក្បួនទ័ពរបស់ព្រះបាទជ័យវរ្ម័នទី៧ នេះជាទំនាក់ទំនងកម្ពុជា-ចិន ក្នុងទិដ្ឋភាពប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំ>>។

បន្ទាប់ពីទិដ្ឋភាពប្រវត្តិសាស្រ្តនេះ ការបន្តនូវទំនាក់ទំនងក្នុងសម័យទំនើបដែលផ្ចុងផ្ដើមឡើងដោយ ព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំចិន លោក ជូ អេនឡាយ និងលោកប្រធានម៉ៅ ក្នុងសម័យកាលនៃសង្រ្គាមត្រជាក់ និងសម័យកាលសង្រ្គាមមុននេះ ខណៈអ្នកនយោបាយជំនាន់ថ្មី នៅតែបន្តទំនាក់ទំនងនៃប្រទេសទាំង២រហូតដល់បច្ចុប្បន្ន។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិតបានបន្ថែមថា៖ <<លើសពីលក្ខខណ្ឌប្រវត្តិសាស្រ្ត លក្ខខណ្ឌធម្មជាតិក៏បានធ្វើឱ្យកម្ពុជា-ចិន មានទំនាក់ទំនងកម្ពុជាដែរ តួរយ៉ាងទឹកទន្លេសាបរបស់កម្ពុជា គឺជាទឹកដែលហូរចុះមកពីទន្លេឡានឆាង (មេគង្គ) ប្រទេសចិន តាមរយៈទន្លេមេគង្គនៃប្រទេសកម្ពុជា បានបង្កើតជាបឹងដ៏ធំជាងគេក្នុងប្រទេសកម្ពុជា។ ចំណែកការអប់រំភាសារចិនដោយមានគ្រូបង្រៀនភាសាចិនស័្មគ្រចិត្តមកកម្ពុជា កាន់តែធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិន កាន់តែល្អថែមឡើងមួយកម្រិតទៀត ព្រោះការអប់រំភាសាចិនពីគ្រូជនជាតិចិន មិនត្រឹមតែបង្ហាញពីភាសាចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញឱ្យពលរដ្ឋខ្មែរយល់ដឹងកាន់តែច្រើនទៀតពីវប្បធម៌របស់ប្រទេសចិន>>។

តាមរយៈកម្មវិធីផ្លាស់ប្ដូរក្នុងវិស័យអក្សរសាស្រ្ត សិល្បៈ ប្រវត្តិសាស្រ្ត និងិវិស័យផ្សេងៗទៀត ប្រទេសកម្ពុជា-ចិន ប្រាកដអាចយល់ពីវប្បធម៌និងគុណតម្លៃរបស់គ្នាទៅវិញទៅមក។ ការយល់ពីគ្នានេះ មិនត្រឹមតែធ្វើឱ្យយើងមានមនោសញ្ចេតនាកាន់តែជ្រាលជ្រៅប៉ុណ្ណោះទេ ហើយថែមទាំងបង្កើតបានជាគំរូនៃការសិក្សាវប្បធម៌គ្នាទៅវិញទៅមកសម្រាប់សង្គមអន្ដរជាតិផងដែរ៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...