(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានរៀបចំការជួបជុំមួយលក្ខណៈទ្រង់ទ្រាយធំ ជាមួយម្ចាស់ ឬតំណាងអ្នកផ្ដល់សេវាសុខាភិបាលឯកជនគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ ចាប់ពីមន្ទីរសម្រាកព្យាបាលគ្រប់ប្រភេទ មន្ទីរពហុព្យាបាល មន្ទីរពេទ្យ សរុបចំនួន ៤៣០ទីតាំង មកចូលរួម សរុបចំនួន ៥២៥នាក់។
ពិធីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពីលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ហើយដឹកនាំកិច្ចប្រជុំដោយលោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជំនាញឯកទេស សម្រាប់ការតាមដានត្រួតពិនិត្យការបម្រើសេវាសុខាភិបាលផ្នែកឯកជន និងរដ្ឋលេខាធិការក្រសួងសុខាភិបាល ចំនួន ៤រូបទៀត រួមមានលោកសាស្ដ្រាចារ្យ កុយ វ៉ាន់នី, លោកស្រីសាស្ដ្រាចារ្យ អ៉ឹម សិទ្ធិការ្យ, លោកវេជ្ជបណ្ឌិត ង៉ូវ កាង, លោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា ក្នុងនោះក៏មានចូលរួមពីលោក អ៊ីម រ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញផងដែរ។
លោកសាស្ដ្រាចារ្យ ឡឹម តារា បានឱ្យដឹងថា ការជួបប្រជុំនេះ បានធ្វើឡើងក្នុងគោលបំណងតែមួយគត់ <<គឺធ្វើយ៉ាងឱ្យមានសុខសុវត្ថិភាព និងប្រសិទ្ធភាពជូនអ្នកជំងឺ>>។ ដូច្នេះដើម្បីឱ្យការបម្រើសេវាសុខាភិបាលឯកជនប្រកបដោយគុណភាព សមត្ថភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ គឺត្រូវគោរពទៅគោលការណ៍ដែលក្រសួងសុខាភិបាលបានដាក់ជូន ហើយអនុវត្ដប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងសមធម៌។
លោកសាស្ដ្រាចារ្យ ឡឹម តារា បានបន្ដថា <<ជំនួបពិសេសជាមួយមូលដ្ឋានសុខាភិបាលឯកជននេះ ដើម្បីលើកកម្ពស់គុណភាពផ្ដល់សេវាសុខាភិបាលពិនិត្យថែទាំ និងព្យាបាល ឱ្យមានគុណភាព និងមានសុវត្ថិភាពដល់អ្នកជំងឺ។ ចឹងផ្នែកឯកជន ត្រូវមាននូវហេដ្ឋារចនាសម្ព័ន្ធ តាមស្ដង់ដា អនាម័យ សម្ភារៈឧបករណ៍ គោរពគោលការណ៍ (អនុលោមភាព) មានធនធានមនុស្សច្បាស់លាស់នៅក្នុងការអនុវត្ដ ហើយត្រូវផ្ដល់សេវាសុខាភិបាលឯកជន ត្រូវដូចទៅការផ្ដល់សេវាសុខាភិបាលសាធារណៈរបស់ក្រសួងសុខាភិបាលយើងផងដែរ មានសុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌>> ។
ជាងនេះទៅទៀត ជំនួបនេះថ្នាក់ដឹកនាំក្រសួងសុខាភិបាល ធ្វើឡើងដើម្បីស្វែងយល់ពីគ្នាឱ្យបានកាន់តែល្អ និងក្លាយជាដៃគូសហការ មិនមែនជាការប្រណាំងប្រជែង ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋនោះទេ គោលដៅយើងគឺដើម្បីរួមគ្នាបម្រើសេវាសុខាភិបាលប្រកបដោយសុខសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ជាទីទុកចិត្ដដល់ប្រជាជនយើង។
គួររម្លឹកថាការជួបជុំខាងលើនេះក៏បានរំលឹកអំពីគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា និងអាទិភាពទាំង៩ ព្រមទាំងអាទិភាពចម្បងចំនួន៣ នៃក្រសួងសុខាភិបាលផងដែរ៕