មានពលរដ្ឋជាង៤ពាន់នាក់ បានចុះទស្សនកិច្ចតាមបង្គោលព្រំដែន ដែលបង្កើតជាសក្ខីកម្មរស់ពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែនកម្ពុជារបស់រដ្ឋាភិបាល

Posted By: RoogRog Robot | 22-Dec-2024 12:27:17

2024-12-22 12:21pm

(ភ្នំពេញ)៖ គិតចាប់ពីខែកញ្ញា មកដល់ថ្ងៃទី២១ និងទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ ដំណើរទស្សនកិច្ចសិក្សានៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែននាទិសឦសាន្ត ដោយឥតគិតថ្លៃលើកទី១ នៅខេត្តប៉ែកឦសាន ដែលមានរយៈពេល១១សប្តាហ៍ហើយ និងជាថ្ងៃបិទបញ្ចប់ទស្សនកិច្ច ដោយមានជាប្រជាពលរដ្ឋ និស្សិត ព្រះសង្ឃ និងបញ្ញវន្តនានាបានចុះឈ្មោះចំនួន ៤,៤០៦នាក់ ជានឹងទឹកមុខរំភើប ដោយផ្ទាល់នូវស្ថានភាពពិត នៃជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន ការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែល មានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងមានការវិវត្តឈានឡើងជាបន្តបន្ទាប់។

ដំណើរទស្សនកិច្ចប៉ែកឦសានទាំង១១លើក បានជូនប្រជាពលរដ្ឋទៅមើលស្ថានភាពទីតាំងបង្គោលព្រំដែន និងការគ្រប់គ្រងក្នុងតំបន់តាមបណ្តោយក្រវាត់ព្រំដែន ក្នុងខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី ស្ទឹងត្រែង និងរតនគិរី។

ដំណើរទស្សនកិច្ចពលរដ្ឋប្រភេទនេះជាការរៀបចំដំបូងបង្អស់ហើយនៅកម្ពុជា ឬនៅក្នុងតំបន់ផងដែរ និងបានជម្រះអស់មន្ទិលជុំវិញបញ្ហាព្រំដែននាពេលកន្លងមកព្រោះដំណើរទស្សនកិច្ចនេះបានបង្កើតសក្ខីកម្មរស់របស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ស្តីពីការពិត និងស្ថានភាពជាក់ស្តែងឥតប្រកែកបានពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែនកម្ពុជាបានយ៉ាងគត់មុត និងប្រកបដោយការការពារយ៉ាងពេញលេញដោយរាជរដ្ឋាភិបាលកម្ពុជា។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា គិតចាប់ពីថ្ងៃទី២១ ខែធ្នូនេះថា គឺជាសន្ទុះមួយដ៏សំខាន់បង្ហាញពីការចូលរួមក៏ដូចជាទឹករបស់ប្រជាពលរដ្ឋកម្ពុជា ចូលរួមចំណែកក្លាយសក្ខីកម្ម នៅក្នុងការការពារអធិបតេយ្យ ភាពបូរណភាពទឹកដីជាតិកម្ពុជារបស់យើង ដោយពុំជឿទៅលើការឃោសនាអកុសលអគតិរបស់ក្រុមមួយចំនួនតូច ដែលតែងតែប្រើព័ត៌មានបំភ្លៃយកមកធ្វើឱ្យមានបង្កចលាចល អស្ថេរភាពដូចជាធ្វើឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំមកលើរាជរដ្ឋាភិបាលកម្ពុជា។

លោកបានឱ្យដឹងថា ការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជានៅពេលនេះ និងការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងសកម្មភាពផ្សេងទៀត ដែលរាជរដ្ឋាភិបាល ដែលរៀបចំផ្ដួចផ្ដើមទៅថ្ងៃខាងមុខទៀតនេះគឺជាការបង្ហាញនូវភាពជាម្ចាស់នៃបូរណភាព អធិបតេយ្យភាពទឹកដីកម្ពុជា ហើយបង្ហាញអំពីសាមគ្គីភាពជាធ្លុងមួយ បង្ហាញទាំងនៅក្នុងថ្នាក់ជាតិ ទាំងសហគមន៍ជាតិ និងអន្តរជាតិ ដើម្បីឱ្យបានឃើញថាកម្ពុជា គឺជាការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ការពារបូរណភាពទឹកដី គឺមានភាពសាមគ្គីគ្នា ដោយមានការចូលរួមពីប្រជាពលរដ្ឋ ពីព្រោះប្រជាពលរដ្ឋ គឺជាកម្លាំងចលករមួយដ៏សំខាន់ ក្នុងការចូលរួមដើម្បីរាជរដ្ឋាភិបាលអនុវត្តនៅផែនការអភិវឌ្ឍនៅសង្គមសេដ្ឋកិច្ចថែមទៀត សម្រាប់គាំទ្រដល់ជីវភាពរស់នៅធ្វើយ៉ាងណាឱ្យជីវភាពប្រជាជនមានការរីកចម្រើនភាពសំបូរសប្បាយថែមទៀតសម្រាប់កម្ពុជាក្លាយទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។ នេះហើយគឺជាទិសដៅ ដែលរដ្ឋាភិបាលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តោតយកចិត្តទុកដាក់ពាក់ព័ន្ធទៅនឹងអធិបតេយ្យភាព បូរណភាពទឹកដី គឺរដ្ឋាភិបាលបានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់រក្សាការពារ និងគ្រប់គ្រងឱ្យបានទាំងព្រំដែនទឹកព្រំដែនគោក គឺមិនឱ្យមានការបាត់បង់នោះទេ។

<<ដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋទៅកាន់តំបន់ក្រវាត់ព្រំដែននៅទិសឦសាន្ត បានរៀបចំចាប់តាំងពីខែកញ្ញា ដល់ខែធ្នូ គឺមាន១១លើកហើយ ហើយលើកនេះបើតាមប្រសាសន៍ណែនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺរៀបចំដំណើរទស្សនកិច្ចនេះរហូតដល់ដំណាច់ឆ្នាំ ដូច្នេះ ដំណើរទស្សនកិច្ចលើទី១១ ជាដំណើរទស្សនកិច្ចចុងក្រោយសម្រាប់ឆ្នាំ២០២៤>>។ នេះជាការលើករបស់លោក ទេព អស្នារិទ្ធ។

ដំណើរទស្សនកិច្ចចំនួន១១លើក បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានការសាទរពីព្រះសង្ឃ ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រីទាំងអស់ ដែលបានចូលរួម ដោយបានបញ្ជាក់គ្រប់ៗគ្នាថា បានទទួលនូវបទពិសោធន៍ដ៏ល្អ និងប្រកបដោយសុវត្ថិភាពពីដំណើរទស្សនកិច្ចនេះ។

ដំណើរទស្សនកិច្ចពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍ដ៏សំខាន់បន្ថែមទៀតដើម្បីបញ្ជាក់ពីភាពប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដី និងបន្តការពារសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់ ខណៈបន្តលើកកម្ពស់ផ្នែកសង្គម-សេដ្ឋកិច្ច វិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ក្រវាត់ព្រំដែន និងការអភិវឌ្ឍផ្នែកជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានឱ្យកាន់មានភាពរីកចម្រើនឡើងថែមទៀត។

ដំណើរទស្សនកិច្ចនេះក៏បានបង្កើតនូវរូបភាពវិជ្ជមានមួយបន្ថែមទៀតសម្រាប់ជាតិកម្ពុជាទាំងមូល និងបានបង្ហាញដល់សកលលោកឱ្យបានដឹងថាកម្ពុជា មានសាមគ្គីភាពរឹងមាំជាធ្លុងមួយក្នុងភាពជាម្ចាស់ប្រទេស ដោយមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បី១មីលីម៉ែត្រសោះឡើយ។

ក្នុងន័យនេះដែរ ប្រជាជនកម្ពុជានឹងបន្តរួមកម្លាំងសាមគ្គីគ្នាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពការពារ និងអភិវឌ្ឍនានា ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ និងបំផ្លាញចោលរាល់ការបំភ្លៃការពិតពីសំណាក់ក្រុមជ្រុលនិយមក្រៅច្បាប់មួយក្តាប់តូច ហើយទទួលបានមកវិញនូវការបន្តរួមចំណែកក្នុងការថែរក្សាការពារស្ថិរភាពក្នុងសង្គមដើម្បីកំណើនសេដ្ឋកិច្ច។

សូមររម្លឹកជូនថា ទស្សនកិច្ចនេះជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយថវិកាសម្រាប់ការចំណាយគឺជាការឧបត្ថម្ភដោយសម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី។ ថវិកានេះជាថវិកាផ្ទាល់របស់សម្តេចធិបតី និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលជាថវិកាដោយឡែក មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...