(ភ្នំពេញ)៖ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណៈ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ បានលើកឡើងថា ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ជាកិច្ចការបន្ទាន់ និងចាំបាច់ ដើម្បីឱ្យស្របតាមឆន្ទៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងគិតគូរលើទិដ្ឋភាពបរិស្ថាន។
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធម៉ូតូអគ្គសនី ក្រុមហ៊ុន សម្បត្តិ សិរីវុឌ្ឍ អិនធ័រណេសិនណល ឯ.ក នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ឯក រដ្ឋ បានបញ្ជាក់ថា ការបើកលក់នៅពេលនេះ ពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឱ្យកាន់តែទូលំទូលាយនៅកម្ពុជា។
លោក ឯក រដ្ឋ បានបញ្ជាក់យ៉ាងដូច្នេះថា <<ដើម្បីឱ្យស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងគិតគូរលើទិដ្ឋភាពបរិស្ថាន ការពង្រឹងសន្តិសុខថាមពល សុខុមាលភាពប្រជាជន និងការអភិវឌ្ឍប្រកបដោយចីភាព ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ជាកិច្ចការបន្ទាន់ និងចាំបាច់>>។
លោក ឯក រដ្ឋ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ដោយសារតែប្រទេសកម្ពុជាមានសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវការ អភិវឌ្ឍន៍ ជីវភាពរបស់ពលរដ្ឋមានភាពប្រសើរ។
ទន្ទឹមគ្នានេះ វិនិយោគិន ទាំងក្នុង និងក្រៅប្រទេស មានការជឿជាក់ បានបន្ថែមទុនវិនិយោគ និងបង្កើតក្រុមហ៊ុនថ្មីៗជាបន្តបន្ទាប់។ នេះជាការបញ្ជាក់បន្ថែម របស់លោក ឯក រដ្ឋ។
លោកបានថ្លែងថា ជាក់ស្តែងនៅពេលនេះ ក្រុមហ៊ុន សម្បត្តិ សិរីវុឌ្ឍ អិនធ័រណេសិនណល ដែលជាក្រុមហ៊ុនកូនខ្មែរបាន នាំចូលម៉ូតូអគ្គិសនី ដើម្បីចែកចាយនៅក្នុងប្រទេសកម្ពុជា ដោយសារតែមើលឃើញថា តម្រូវការនៃប្រើប្រាស់ម៉ូតូអគ្គិសនីមានការកើនឡើង ស្របពេលដែលពិភលោក កំពុងគិតគូអំពីបរិស្ថាន និងការបំរែបម្រួលអាកាសធាតុ។
លោក ឯក រដ្ឋ បានលើកឡើងថា ការប្រើប្រាស់យានយន្តអគ្គិសនី ពិតជានាំមកនូវគុណប្រយោជន៍ ជាច្រើនដូចជា៖ សន្សំសំចៃថវិកា, ងាយស្រួលក្នុងការជួសជុលថែទាំ ប្រើប្រាស់ថាមពលស្អាត និងកាត់បន្ថយការ បំពុលបរិស្ថានផងដែរ។
បើតាមមន្ដ្រីជាន់ខ្ពស់ក្រសួងសាធារណៈ និងដឹកជញ្ជូន រូបនេះ, យានយន្ដអគ្គិសនី ដែលបានចុះបញ្ជី នៅក្នុងប្រទេសកម្ពុជា មានចំនួនសរុប ៤,៣២០គ្រឿង ក្នុងនោះ មានទោចក្រយានយន្ដ ចំនួន១,៣២៩គ្រឿង, ត្រីចក្រយានយន្ដ ចំនួន៤៧៨គ្រឿង និងយានយន្ដចំនួន២,៥១៣គ្រឿង។
លោក លី កុកឆាយ តំណាងក្រុមហ៊ុន សម្បត្តិ សិរីវុឌ្ឍ អិនធ័រណេសិនណល ឯ.ក បានឲ្យដឹងថា ការបើកលក់នៅពេលនេះ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង ដល់អ្នកប្រើប្រាស់អំពីលក្ខណៈពិសេស និងអត្ថប្រយោជន៍ម៉ូតូអគ្គិសនី ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យកាន់តែទូលំទូលាយនៅកម្ពុជា។
លើសពីនេះ ម៉ូតូអគ្គិសនីមានភាពសំខាន់ ក្នុងការប្រើប្រាស់ថាមពលស្អាត និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។ នេះជាការបញ្ជាក់បន្ថែម របស់លោក លី កុកឆាយ។
យ៉ាងណាមិញ លោក លី កុកឆាយ មានជំនឿចិត្តយ៉ាងមុតមាំ ក្នុងការផ្ដល់នូវផលិតផល និង សេវាកម្មល្អទៅកាន់អតិថិជន ដែលជ្រើសរើសម៉ូតូអគ្គិសនី ម៉ាក់ LV JU យកទៅប្រើប្រាស់ ដោយ សង្ឃឹមថា ប្រភេទម៉ូតូអគ្គិសនីម៉ាក់ LV JU នេះ នឹងលក់ដាច់ខ្លាំងជាងគេនៅលើទីផ្សារតាមរយៈគុណភាព និងសេវាកម្ម។
ជាពិសេសក្រុមហ៊ុន ក៏មានសេវាកម្មជួសជុល និងមានគ្រឿងបន្លាស់គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ និងទទួលបាននូវ អត្ថប្រយោជន៍ពីម៉ូតូអគ្គិសនី៖ ការសន្សំសំចៃ ថវិកា, ជិះបានឆ្ងាយ, មានសុវត្ថិភាព, មិនបាច់ចាក់សាំង, មិនបាច់ដូរប្រេងម៉ាស៊ីន, ងាយស្រួលក្នុងការថែទាំ, គ្មានសម្លេងរំខាន, គ្មានការបំភាយផ្សែងពុល, មិនបារម្ភចំពោះផ្លូវលិចទឹក៕