ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ ក្រុម២២ ត្រូវបានបង្កើត និងដឹកនាំផ្ទាល់ដោយសម្ដេចតេជោ ហ៊ុន សែន ជាចំណែកក្នុងការស្វែងរកសន្ដិភាព

Posted By: RoogRog Robot | 22-Dec-2024 11:38:05

2024-12-22 11:34am

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា ឬក្រុម២២ ត្រូវបានបង្កើត និងដឹកនាំផ្ទាល់ដោយសម្ដេចតេជោ ហ៊ុន សែន ដែលជាចំណែកក្នុងការស្វែងរកសន្ដិភាព។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) នាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅអគារ OCIC។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានគូសរំលេច អំពីប្រវត្តិនៃការបង្កើតចលនាយុវជនដំបូងគេ ដោយផ្សារភ្ជាប់យន្តការយុវជនសំខាន់ចំនួន២ ក្នុងនោះរួមមាន សមាគមន៍និស្សិតបញ្ញាវ័ន្តក្មេងវត្ត និងសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) ដែលយន្តការនេះត្រូវបានបង្កើតឡើងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងដំណើរស្វែងរកសុខសន្តិភាព ក្រោមការដឹកនាំផ្ទាល់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

លោក ហ៊ុន ម៉ានី បន្តថា បើទោះបីជា ក្រុម២២ បច្ចុប្បន្ននេះស្ថិតក្រោមឆ័ត្រតែមួយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដោយក្តី សម្តេចតេជោ ហ៊ុន សែន តែងរំលឹកពីការលះបង់ និងការរួមចំណែកក្នុងការនាំយកសុខសន្តិភាពជូនប្រទេសជាតិ។

ជាមួយគ្នានេះ លោកប្រធាន ស.ស.យ.ក. បាននាំយកការផ្តាំផ្ញើ និងការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ជូនដល់ក្រុមការងារ ក២២ ទាំងអស់ ក៏ដូចជាធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់ និងការបំពេញតួនាទីភារកិច្ចបានយ៉ាងខ្ជាប់ខ្ជួនរបស់ពួកគាត់ ជាពិសេសការបេ្តជ្ញាចូលរួមយ៉ាងសកម្មជាមួយគ្រួសារ ស.ស.យ.ក.នាពេលកន្លងមក និងមកទល់ពេលបច្ចុប្បន្ន។

ក្រោមបរិយាកាសប្រកបដោយភាពស្និទ្ធស្នាលប្រៀបដូចគ្រួសារតែមួយ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ទោះបីបច្ចុប្បន្ន យើងរស់នៅក្រោមម្លប់សុខសន្តិភាព ប៉ុន្តែយើងត្រូវបន្តពង្រឹងរចនាសម្ព័ន្ធ ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការចូលរួមផ្សព្វផ្សាយនូវចក្ខុវិស័យរបស់កម្ពុជា ព្រមទាំងព័ត៌មានដែលត្រឹមត្រូវ ដើម្បីផ្ដល់ឱកាសឲ្យយុវជនបានសិក្សាស៊ីជម្រៅ និងបន្តថែរក្សាស្មារតី២ធ្នូ ដោយបណ្តុះមនសិការ ការគិតរបស់យុវជនលើផលប្រយោជន៍រួម ទាំងពេលបច្ចុប្បន្ន និងទៅអនាគត៕































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...