ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបិទពិធីប្រណាំងទូកនៅក្នុងខេត្តកំពង់ធំ

Posted By: RoogRog Robot | 18-Oct-2024 08:14:36

2024-10-18 08:08am

(កំពង់ធំ)៖ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូកនៅក្នុងខេត្តកំពង់ធំ និងប្រគល់ជ័យលាភីជូនដល់ទូកដែលចូលរួមប្រណាំង។

ពិធីនេះមានការចូលរួមពីលោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងលោក លោកស្រី ដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការក្នុងខេត្ត និងប្រជាពលរដ្ឋនៅក្នុងខេត្តយ៉ាងច្រើនកុះករ មកលើកទឹកចិត្តទូកមកពីបណ្តាក្រុង ស្រុករបស់ខ្លូនផងដែរ។

លោក នួន ផារ័ត្ន បានឡើងរាយការណ៍អំពីលទ្ធផលនៃការប្រកួតថា ក្នុងឆ្នាំនេះ មានទូកចូលរួមចំនួន ៦៥ទូក ក្នុងនោះទូកវែង០៩ទូក ទូកខ្នាតអន្តរជាតិ ៤១ទូក ទូកផ្កាចារចំនួន ១៥ទូក កីឡាករ កីឡាការិនីសរុបចំនួន ២០៦១នាក់ ក្នុងនោះមានចំណុះពិត ១ ៦៩១នាក់ និងកីឡាករបម្រុង ចំនួន ៣៧០នាក់។ ការរៀបចំពិធីនេះ ដើម្បីបន្តថែរក្សាទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង និងរំលឹកដល់ភាពខ្លាំងក្លានៃកងទ័ពជើងទឹកពីសម័យបុរាណ។

ភាពសប្បាយរីករាយនៅថ្ងៃនេះគឺបានមកដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ដោយឡែកសម្រាប់ខេត្តកំពង់ធំ ជាពិសេសក្រោមការណែនាំ និងចង្អុលបង្ហាញផ្ទាល់ពីសំណាក់លោក វង្សី វិស្សុត ដែលតែងតែបានគាំទ្រទាំងគំនិត ស្មារតី ថវិកា និងសម្ភារធ្វើឲ្យខេត្តកំពង់ធំមានការរីកចម្រើនកាន់តែឆាប់រហ័ស។

នៅក្នុងឱកាសដ៏វិសេសវិសាលនោះដែរលោក វង្សី វិស្សុត និងលោកស្រី បានប្រគល់ជ័យលាភី និងថវិកា ជូនដល់ទូកតាមចំណាត់ថ្នាក់ ដូចខាងក្រោម៖

ទូកវែងបុរស៖ ផែនលេខ១ ទទួលបានថវិកា ៤.០០០.០០០រៀល ផែនលេខ២ ទទួលបានថវិកា ៣.០០០.០០០រៀល ផែនលេខ៣ ទទួលបានថវិកា ២.០០០.០០០រៀលទូកវែងនារី៖ ផែនលេខ១ ទទួលបានថវិកា ៤.០០០.០០០រៀលទូកខ្នាតអន្តរជាតិបុរស៖ ផែនលេខ១ ទទួលបានថវិកា ១.៨០០.០០០រៀល ផែនលេខ២ ទទួលបានថវិកា ១.២០០.០០០រៀល ផែនលេខ៣ ទទួលបានថវិកា ៨០០.០០០រៀលទូកខ្នាតអន្តរជាតិនារី៖ ផែនលេខ១ ទទួលបានថវិកា ១.៨០០.០០០រៀលទូកផ្កាចារបុរស៖ ផែនលេខ១ ទទួលបានថវិកា ១.២០០.០០០រៀល ផែនលេខ២ ទទួលបានថវិកា ៨០០.០០០រៀល ផែនលេខ៣ ទទួលបានថវិកា ៦០០.០០០រៀលទូកផ្កាចារនារី៖ ផែនលេខ១ ទទួលបានថវិកា ១.២០០.០០០រៀល ផែនលេខ២ ទទួលបានថវិកា ៨០០.០០០រៀល។ ក្រៅពីនេះ លោក វង្សី វិស្សុត ក៏បានប្រកាសឧបត្ថម្ភថវិកាដល់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការរៀបចំការប្រណាំងទូកនេះដែរ។

សូមបញ្ជាក់ថា ពិធីប្រណាំងទូកខេត្តកំពង់ធំ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ តាមដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្រៅពីការប្រណាំងទូក ក៏មានកម្មវិធីបណ្តែតប្រទីប ការបង្ហោះគោម ការបាញ់កាំជ្រួច ការប្រគុំតន្រ្តី ការដាក់លក់ផលិតផល និងម្ហូបអាហារជាច្រើនប្រភេទផងដែរ៕























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...