ហ្វីលីពីន អះអាងថាដឹកនាំបេសកកម្មផ្គត់ផ្គង់ទៅកាន់តំបន់ថ្មប៉ប្រះទឹកមានវិវាទជាមួយចិន ដោយគ្មានឧបទ្ទវហេតុ

Posted By: RoogRog Robot | 27-Jul-2024 15:35:37

2024-07-27 03:28pm

(ម៉ានីល)៖ ហ្វីលីពីន បាននិយាយថាខ្លួនបានដឹកនាំបេសកកម្មផ្គត់ផ្គង់ឡើងវិញ និងផ្លាស់វេនទាហានឈរជើងនៅលើខ្មោចនាវាចម្បាំងមួយគ្រឿង ក្នុងតំបន់ថ្មប៉ប្រះទឹកមានវិវាទ ជាមួយចិន នៅសមុទ្រចិនខាងត្បូង នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ដោយមិនមានឧបទ្ទវហេតុណាមួយកើតឡើងនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសហ្វីលីពីន បានឱ្យដឹងថានេះជាលើកដំបូង ដែលហ្វីលីពីនធ្វើបេសកកម្មផ្គត់ផ្គង់សម្ភារៈចំាបាច់ និងផ្លាស់ប្ដូរវេនទាហានមួយក្រុមតូច ដែលឈរជើងនៅលើខ្មោចនាវាចម្បាំង នៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ចាប់តាំងពីទីក្រុងម៉ានីលបានឈានដល់ការស្រុះស្រួលគ្នាបណ្ដោះអាសន្នជាមួយចិន កាលពីដើមខែកក្កដានេះ។ នៅក្រោមកិច្ចព្រមព្រៀងបណ្ដោះអាសន្ននេះ ហ្វីលីពីនអាចផ្គត់ផ្គង់សម្ភារៈចំាបាច់ និងផ្លាស់ប្ដូរវេនទាហានដែលឈរជើងលើខ្មោចនាវាចម្បាំងនោះ។

សេចក្ដីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា <<មិនមានឧទ្ទវហេតុណាមួយកើតឡើងនោះទេ បន្ទាប់ពីទូកស៊ីវិលមួយគ្រឿងអមដំណើរដោយទូកឆ្មាំសមុទ្រហ្វីលីពីន បានដឹកនាំបេសកកម្មផ្គត់ផ្គង់ឡើងវិញ និងផ្លាស់វេនទាហានឈរជើងលើខ្មោចនាវាចម្បាំង BRP Sierra Madre នៅថ្ងៃសៅរ៍នេះ>>។

គួរបញ្ជាក់ថា ខាងអ្នកនាំពាក្យឆ្មាំសមុទ្រចិន លោក Gan Yu ក៏បានទទួលស្គាល់ដែរថាហ្វីលីពីនបានដឹកនាំបេសកកម្មផ្គត់ផ្គង់ឡើងវិញ ស្របទៅតាមការឯកភាពក្រោម កិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយរវាងចិន និងហ្វីលីពីន៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...