ធនាគារជាតិនៃកម្ពុជា បន្តលើកទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់ និងសន្សំជាប្រាក់រៀលឱ្យបានច្រើន ដើម្បីចូលរួមលើកកម្ពស់ប្រាក់រៀល

Posted By: RoogRog Robot | 27-Jul-2024 00:32:48

2024-07-27 02:30pm

(ភ្នំពេញ)៖ លោក យឹម លាភ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអំពាវនាវឱ្យដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តប្រើប្រាស់ និងធ្វើការសន្សំប្រាក់ជាប្រាក់រៀលឱ្យបានច្រើន ដើម្បីលើកកម្ពស់ការប្រើប្រាស់ក្រដាសប្រាក់រៀលរបស់ខ្មែរ ខណៈការប្រើប្រាសក្រដាសប្រាក់ដុល្លារ នៅមានចំនួនច្រើននៅក្នុងប្រទេសកម្ពុជា។

ការអំពាវនាវរបស់លោក យឹម លាភ ធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី <<ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចហ្សូអរ>> នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។

លោក យឹម លាភ បានថ្លែងឲ្យដឹងថា <<ដើម្បីសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក ក្នុងគោលដៅលើកកម្ពស់ការ ប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នៅចុងឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី>>។

លោកបានបន្ដថា ជាការកត់សម្គាល់ត្បិតថា មានយុទ្ធនាការជំរុញការប្រើប្រាស់ប្រាក់រៀលក៏ដោយ ក៏ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិក នៅបន្តមានកម្រិតខ្ពស់ នៅក្នុងរាជធានីភ្នំពេញ និងតាមទីប្រជុំជននៅតាមបណ្តាខេត្តនានា។

លោកទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងប្រជាពលរដ្ឋទូទៅ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួន ដូចជា តាមរយៈការទូទាត់ ការបិទស្លាកថ្លៃទំនិញ និងការសន្សំជាប្រាក់រៀល និងផ្ដល់លក្ខខណ្ឌអនុគ្រោះឱ្យបានកាន់តែច្រើន ចំពោះការប្រើប្រាស់ប្រាក់រៀល។

លោកបានបញ្ជាក់ថា ដោយឡែកចំពោះការបោះផ្សាយក្រដាសប្រាក់ប្រភេទថ្មីវិញ សម្រាប់ជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ត្រូវបានធ្វើឡើងទូទាំងពិភពលោក ដើម្បីលើកទឹកចិត្តឱ្យប្រើប្រាស់ក្រដាសប្រាក់ និងការពារការ ក្លែងបន្លំ ព្រោះនៅពេលបោះពុម្ភថ្មី អាចបញ្ចូលបច្ចេកវិទ្យាសុវត្ថិភាពមួយចំនួនដូចជា រូបស្រមោល ខ្សែសយជាដើម ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា។

ក្រដាសប្រាក់មួយអាចមានចំណុចសុវត្ថិភាពពី ៣៥ ទៅជិត ៥០ ចំណុច ដើម្បីការពារការក្លែង បន្លំ លើសពីនេះក្រដាសប្រាក់ថ្មីត្រូវបានគេបោះផ្សាយ ដើម្បីរំឭកដល់ព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្ត្រ នៅក្នុងប្រទេសដូចជា ក្រដាស ៣០ ០០០ រៀល និង ១៥ ០០០ រៀលជាដើម។

បើតាមលទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជាដែលធ្វើឡើងជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA កាលពីឆ្នាំ ២០១៧ កន្លងមក បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ជាពិសេស ចំពោះការចំណាយប្រចាំថ្ងៃ ហើយនៅតាមតំបន់ជនបទ ប្រាក់រៀលដើរតួនាទីចម្បងនិងទូលំទូលាយនៅក្នុងជីវភាពរស់នៅ មិនថា ប្រាក់ចំណូល ចំណាយ ឬសន្សំនោះទេ។ ជាក់ស្តែង សម្រាប់ខេត្តស្វាយរៀង យោងតាមទិន្នន័យអង្កេតនេះ គិតជាមធ្យមប្រមាណ ៧០% នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជន ត្រូវបានធ្វើឡើងជាប្រាក់រៀល។

ចំណែក ការចំណាយជាប្រចាំវិញ យោងតាមការស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា និង UNDP ក្នុងឆ្នាំ២០២៣ គឺការចំណាយជាប្រចាំថ្ងៃរបស់កម្មករនិយោជិតនៅរោងចក្រ រួមមាន៖ ការស្នាក់នៅ ថ្លៃទឹកភ្លើង ការធ្វើដំណើរ អាហារ សំលៀកបំពាក់ និងថ្នាំសង្កូវជាប្រាក់រៀល សម្រាប់អ្នករស់នៅតាមបណ្តាខេត្ត គឺមានចំនួន ៩២ ភាគរយ និងអ្នករស់នៅទីក្រុងមានចំនួន ៨២ ភាគរយ, ដូចនេះប្រសិនទាំងអ្នកលក់ និងអ្នកទិញ ប្រើប្រាស់ប្រាក់ រៀលតែមួយនោះ គឺអាចជួយដល់ការដោះដូរ ឲ្យមានភាពឆាប់រហ័ស និងងាយស្រួល៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...