ធនាគារជាតិនៃកម្ពុជា បន្តយុទ្ធនាការផ្សព្វផ្សាយពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ ដល់អ្នកពាក់ព័ន្ធនៅខេត្តស្វាយរៀង

Posted By: RoogRog Robot | 27-Jul-2024 14:26:31

2024-07-27 02:25pm

(ស្វាយរៀង)៖ ធនាគារជាតិនៃកម្ពុជា បានបន្តចុះធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ ជូនដល់ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្ស-និស្សិត មន្ត្រីរាជការនៅខេត្តស្វាយរៀង នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។

សកម្មភាពបន្តចុះផ្សព្វផ្សាយនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយលោក យឹម លាត ទេសាភិបាលរងធនាគារជាតិកម្ពុជា និងលោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រីតំណាងមន្ទីរ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ១,០០០នាក់ផងដែរ។

លោក យឹម លាត បានថ្លែងថា ដើម្បីសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ។

លោកបានបន្ថែមថា យោងតាមទិន្នន័យអង្កេតរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០១៧ កន្លងមក ក៏បានបង្ហាញថា សម្រាប់ខេត្តស្វាយរៀងជាមធ្យមប្រមាណ ៧០% នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជនត្រូវបានធ្វើឡើងជាប្រាក់រៀល។ នេះជាការរួមចំណែករបស់ប្រជាជននៅខេត្តស្វាយរៀង ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

លោកបានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន ដូចជាតាមរយៈការទូទាត់ ការបិទស្លាកថ្លៃទំនិញ និងការសន្សំជាប្រាក់រៀល។

លោកបានបន្តថា ប្រព័ន្ធទូទាត់បាគងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ សម្រាប់ធ្វើប្រតិបត្តិការឌីជីថលផ្សេងៗ ដូចជាទូទាត់ និងផ្ទេរប្រាក់បានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ទាំងក្នុងប្រទេស និងនៅប្រទេសជាដៃគូ ក្នុងនោះមានប្រទេសថៃ វៀតណាម និងឡាវ តាមរ KHQR Code ។ ក្រៅពីនេះធនាគារជាតិនៃកម្ពុជា នឹងអាចតភ្ជាប់ជាមួយប្រទេសឥណ្ឌា និងចិន ក្នុងឆ្នាំនេះ តាមផែនការតភ្ជាប់ជាមួយប្រទេសផ្សេងៗទៀតក្នុងពិភពលោក។

លោកបន្តថា នៅពេលដ៏ខ្លីខាងមុខនេះ ធនាគារជាតិនៃកម្ពុជានឹងដាក់ឱ្យភ្ញៀវទេសចរអន្តរជាតិប្រើប្រាស់នូវប្រព័ន្ធទូទាត់ទំនើបដែលហៅថា បាគងសម្រាប់ទេសចរ (Bakong Tourists App) ដែលសម្រួលដល់ការទូទាត់ចាយវាយនានារបស់ភ្ញៀវទេសចរ។ ការប្រើការទូទាត់អេឡិចត្រូនិកនេះ នឹងអាចជំរុញឱ្យភ្ញៀវទេសចរបង្កើនការចាយនៅកម្ពុជា និងនៅបណ្តាប្រទេសក្នុងតំបន់ ដែលកម្ពុជាបានភ្ជាប់ប្រព័ន្ធទូទាត់នេះជាមួយ មានដូចជាប្រទេស ថៃ វៀតណាម ឡាវ និងមានប្រទេសជាច្រើនទៀតនាពេលខាងមុខ។

សូមបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយពីប្រាក់រៀលនេះ នឹងមានកម្មវិធីជាច្រើនរហូតដល់ម៉ោង ៧ យប់ ដែលរួមមាន៖ ការធ្វើបទបង្ហាញនិងការបញ្ចាំងវីដេអូបស់សិស្សានុសិស្សអំពីប្រាក់រៀលព្រមទាំងមានពិព័ណ៌ស្តីពីប្រវត្តិសេដ្ខកិច្ចហិរញ្ញវត្ថុ វឌ្ឍនភាពនៃប្រព័ន្ធបាគ ខេអេចឃ្យូអរ ការទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយឥតគិតថ្លៃ ការលេងល្បែងល្បងប្រាជ្ញាយករង្វាន់ និងជាពិសេស មានការប្រគំតន្ត្រីដោយមានការចូលរួមពីតារាចម្រៀងល្បីៗនៅផងដែរ៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...