ប្រមុខការទូតចិន ព្រមានហ្វីលីពីន ជុំវិញការដាក់ពង្រាយមីស៊ីលរបស់សហរដ្ឋអាមេរិក

Posted By: RoogRog Robot | 27-Jul-2024 00:01:24

2024-07-27 01:58pm

(វៀងចន្ទន៍)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានព្រមានហ្វីលីពីន ជុំវិញការដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម ដោយសង្កត់ធ្ងន់ថាទង្វើបែបនេះនឹង ដុតបញ្ឆេះភាពតានតឹងក្នុងតំបន់ ហើយអាចបង្កទៅជាការរត់ប្រណាំងសព្វាវុធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សហរដ្ឋអាមេរិក បានដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon នៅក្នុងប្រទេសហ្វីលីពីន ក្រោមក្របខណ្ឌនៃការធ្វើសមយុទ្ធយោធារួមគ្នាជាមួយទីក្រុងម៉ានីល កាលពីដើម ឆ្នាំ២០២៤។ តាមមន្ត្រីយោធាហ្វីលីពីនម្នាក់ ប្រព័ន្ធមីស៊ីលនេះមិនត្រូវបានប្រើប្រាស់អំឡុងការធ្វើសមយុទ្ធនោះទេ តែមិនបានបញ្ជាក់ថាតើមីស៊ីលនេះនឹងស្ថិតនៅក្នុង ប្រទេសហ្វីលីពីនយូរប៉ុនណានោះទេ។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ប្រាប់សមភាគីហ្វីលីពីនរបស់លោក គឺលោក Enrique Manalo ក្នុងជំនួបមួយនៅឯទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃសុក្រ ទី២៦ ខែកក្កដា ថាទំនាក់ទំនងរវាងចិន និងហ្វីលីពីនបច្ចុប្បន្នកំពុងស្ថិតនៅត្រង់ផ្លូវបំបែក ហើយកិច្ចសន្ទនា និងការពិគ្រោះយោបល់កំពុងស្ថិតនៅលើផ្លូវត្រូវ។ លោក វ៉ាង បន្ថែមទៀតថា <<ប្រសិនបើហ្វីលីពីនដាក់ឱ្យប្រើនូវប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក នោះវានឹងបង្កើតជាភាពតានតឹង និងការប្រឈមមុខដាក់គ្នា ក្នុងតំបន់ ក៏ដូចជាជំរុញឱ្យមានការរត់ប្រណាំងសព្វាវុធ ដែលនេះមិនមែនជាប្រយោជន៍របស់ហ្វីលីពីន និងសេចក្ដីប្រាថ្នារបស់ប្រជាជនហ្វីលីពីននោះឡើយ>>។

គួរបញ្ជាក់ថា ចិន និងហ្វីលីពីន កំពុងពាក់មុខយក្សដាក់គ្នា ជុំវិញជម្លោះដែនទឹកនៅតំបន់សមុទ្រចិនខាងត្បូង ហើយភាពតានតឹងបានកើនឡើងគួរឱ្យព្រួយបារម្ភ ក្នុង បរិបទនៃការប៉ះទង្គិចគ្នាជាញឹកញាប់រវាងនាវាឆ្មាំសមុទ្រចិន និងទូករបស់ហ្វីលីពីននាមួយរយៈកាលចុងក្រោយនេះ នៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...