សម្តេចតេជោ ហ៊ុន សែន ទទួលយកការព្រួយបារម្ភរបស់ពលរដ្ឋរឿងបាត់បង់ទឹកដី ព្រោះតែបែបនេះហើយទើបប្រឹងប្រែងបោះបង្គោលព្រំដែនឱ្យរឹងមាំ, ២៥ឆ្នាំ តើយើងមានបាត់បង់ទឹកដីទេ?

Posted By: RoogRog Robot | 27-Jul-2024 13:55:07

2024-07-27 01:54pm

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលយកនូវការព្រួយ​បារម្ភរបស់ប្រជាពលរដ្ឋរឿងបូរណភាពទឹកដី ឬខ្លាចបាត់បង់ទឹកដីក្រោមកិច្ចសហប្រតិបត្តិ​ការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ព្រោះកត្តាប្រវត្តិសាស្ត្រ។ សម្តេចតេជោ បានបញ្ជាក់ថា ឆ្លើយតបនឹងការព្រួយបារម្ភបែបនេះហើយ ទើបរាជរដ្ឋាភិបាលប្រឹងប្រែងក្នុងការ​បោះ​បង្គោល​ព្រំដែនរឹងមាំជាមួយបណ្តាប្រទេសមានព្រំដែនជាមួយកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះធ្វើឡើងតាមរយៈសារលើហ្វេសប៊ុកឆ្លើយតប​លើ​គណនីហ្វេសប៊ុករបស់តារាសម្តែង ឈឹម សក្តា។ តារាសម្តែង ឈឹម សក្តា បានសរសេរ​សារ​មួយបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបង្ហាញក្តីបារម្ភបាត់បង់ទឹកដីតាមរយៈ​កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។ សាររបស់លោក ឈឹម សក្តា ទទួលបាន​ការចែករំលែកយ៉ាងច្រើន។

បន្ទាប់ពីបានឃើញសារនោះ សម្តេចតេជោ ហ៊ុន សែន បានចូលទៅតបទាំងកណ្តាល​អាធ្រាត្រ។ សារតបធ្វើនៅវេលាម៉ោងប្រមាណ ១២៖៤៤នាទីរំលងអាធ្រាត្រឈាន​ចូលថ្ងៃ​សៅរ៍ ទី​២៧ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន​បញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ទឹកដីកម្ពុជាមិនត្រូវ​បាន​​កាត់ឱ្យ​ទៅ​​ប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុន​ជាមួយវៀត​ណាម ឬឡាវនោះឡើយ។

សម្តេចតេជោ បន្តថា ប្រទេសនីមួយៗគ្រប់គ្រងលើអធិបតេយ្យភាពរៀងៗខ្លួនអនុវត្ត​ច្បាប់​ប្រទេសរៀងៗខ្លួន។ ប្រជាជនកម្ពុជា មិនអាចចូលទៅវៀតណាម ឡាវ ដោយគ្មានការអនុ​ញ្ញាត រីឯប្រជាជន វៀតណាម និងឡាវ ក៏មិនអាចចូលមកប្រទេសកម្ពុជាដោយគ្មានការ​អនុញ្ញាតនោះដែរ។

សម្តេចតេជោ បានបញ្ជាក់បន្ថែមដូច្នេះ <<កិច្ចសហ​ការ​របស់យើងប្រមូលផ្តុំលើ​វិស័យ​សេដ្ឋ​កិច្ច​ពាណិជ្ជកម្មហេដ្ឋា​រចនា​សម្ព័ន្ធ ដឹកជញ្ជូន សន្តិសុខ។ បើកូនអាចស្តាប់ឡើងវិញនូវការ​ពន្យល់​របស់ពុក កូននឹងកាន់តែយល់>>។

សម្តេចតេជោ បន្ថែមទៀតថា <<ពុកទទួលយកការកង្វល់ និងការព្រួយបារម្ភរបស់កូន និង​ប្រជាជនយើង ដោយសារ​កត្តា​ប្រវត្តិសាស្រ្តទើបប្រឹងប្រែងបោះបង្គោលព្រំដែន ឱ្យរឹងមាំជា​មួយ​ប្រទេសជិតខាង ដើរទន្ទឹមការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាព​ក្រីក្រ​របស់​ប្រជាជនយើង>>។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា <<២៥ឆ្នាំកន្លងមកហើយ តើយើងមានបាត់បង់ទឹកដីនៅកន្លែង​ណាទេ គឺអត់ទេ តែយើងបានបោះបង្គោលព្រំដែលដល់មុំ៣កម្ពុជា ឡាវ វៀតណាម ថែមទៀតផង>>។

ក្នុងសារឆ្លើយតបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីលទ្ធផលផ្លែផ្កាកើតចេញ​ពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម ពាក់ព័ន្ធការផ្គត់ផ្គង់ថាមពលអគ្គិសនីពី​ប្រទេសវៀតណាម ក្នុងពេលសម្តេចជួបមេដឹកនាំវៀតណាម កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ផងដែរ។

សម្តេចតេជោ បានបញ្ជាក់ថា <<ពុកទើបត្រឡប់​មក​ពី​វៀតណាមល្ងាចមិញនេះ (26/7/2024) ដែលម្សិលមិញនេះ​ពុកចរចាជាមួយថ្នាក់​ដឹក​នាំ​វៀតណាម សុំឱ្យភាគីវៀតណាម បន្ថែមការលក់ភ្លើងឱ្យយើងដោយដំឡើងពី ២៥០មេហ្គា​វ៉ាត់ ដល់ ៤០០មេហ្គាវ៉ាត់ដែលភាគីវៀតណាមយល់ព្រម>>។

សម្តេចតេជោបន្ថែមថា កម្ពុជាផលិតភ្លើងមិនទាន់គ្រប់ ឯឡាវផ្គត់ផ្គង់ឱ្យកម្ពុជា មិនទាន់​តាម​កិច្ចសន្យា។ បន្ថែមពីលើនោះ ការខិត​ខំ​រកទីផ្សាឱ្យប្រជាជនកាន់តែចាំបាច់ដែលត្រូវការ​សម្រួលពាណិជ្ជ​កម្ម​ឱ្យបានល្អជា​មួយប្រទេសជិតខាង ជាពិសេសតំបន់ភូមិភាគឦសាន​ដែល​ខ្វះផ្លូវ​ដឹក​ជញ្ជូន​​ខ្វះអគ្គិសនី និងខ្វះទីផ្សា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានចេញមកពន្យល់រយៈពេលជិត២ម៉ោងពាក់ព័ន្ធការបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ ត្រូវបានផ្តួចផ្តើមផ្ទាល់​ដោយ​សម្តេចកាលពីឆ្នាំ១៩៩៩។ កិច្ចសហប្រតិបត្តិការនេះ ផ្តោតជាសំខាន់ទៅលើសេដ្ឋ​កិច្ច សង្គម និងសន្តិសុខជាតិ។ ជាពិសេសកិច្ចសហប្រតិបត្តិការធ្វើឡើង ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ខេត្តភាគឦសានរបស់កម្ពុជា (ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី) ដែលជាខេត្តស្ថិតនៅតំបន់ដាច់ស្រយាល។

កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានកិច្ចព្រមព្រៀងសំខាន់ៗចំនួន៥រួមមាន៖

១៖ កិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។២៖ កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវា។៣៖ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងវៀតណាម។៤៖ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ។ ៥៖ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...