សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ ជំរុញកម្មវិធីកញ្ចប់អំណាន និងគណិតវិជ្ជា សម្រាប់ចាប់ពីថ្នាក់ទី៤ ដល់ទី៦ ខណៈបច្ចុប្បន្នកំពុងអនុវត្តចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៣​ (Video inside)

Posted By: RoogRog Robot | 27-Jul-2024 13:43:37

2024-07-27 01:39pm

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ជំរុញកម្មវិធីកញ្ចប់អំណាន និងគណិតវិជ្ជា សម្រាប់ចាប់ពីថ្នាក់ទី៤ ដល់ទី៦ ខណៈបច្ចុប្បន្នកំពុងអនុវត្តចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៣។

ការជំរុញបែបនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតីនាយករដ្ឋមន្ត្រី ចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាអនុវត្ត ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីត្រួតតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីអប់រំរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.)។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏មានវិធីសាស្ត្រថ្មីសម្រាប់ការបង្រៀនសិក្សានៅកម្រិតបឋមសិក្សា ដោយមានកញ្ចប់អំណាន និងកញ្ចប់គណិតវិទ្យា នៅកម្រិតថ្នាក់ទី១ ដល់ថ្នាក់ទី៣ រួចហើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បានថ្លែងថា យើងត្រូវពង្រឹងគ្រប់សាលាទាំងអស់ ដើម្បីឱ្យសាលារដ្ឋទាំងអស់មានស្តង់ដារដូចគ្នា ហើយសិស្សសាលាត្រូវមានទាំងចំណេះដឹង សីលធម៌ និងគុណធម៌។ ដូច្នេះ ត្រូវរៀនតាំងចំណេះដឹងទូទៅឱ្យកាន់តែល្អប្រសើរ និងត្រូវមានឥរិយាបថ សមរម្យ គោរពចាស់ទុំ ព្រឹទ្ធចារ្យជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញយ៉ាងដូច្នេះថា៖ <<ខ្ញុំជជែកជាមួយឯកឧត្តម ហង់ ជួនណារ៉ុន ដើម្បីឱ្យក្រសួងអប់រំ ជំរុញថ្នាក់ទី៤ ដល់ទី៦ ព្រោះអីឡូវយើងមាន ថ្នាក់ទី១ ដល់ថ្នាក់ទី៣ ព្រោះយើងអីឡូវអត់អាចយកស្តង់ដារមួយទៅបង្រៀនមួយសាលាខុសគ្នាទេ អញ្ចឹងក្រសួងអប់រំ នឹងជំរុញបន្ថែមពេលដែលបានអនុវត្តន៍នឹងជំរុញទូទាំងប្រទេស តែម្តង>>។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការរៀបចំឱ្យកុំព្យូទ័រសម្រាប់សិស្សានិស្សបានសិក្សាជាដើម ព្រមទាំងបានណែនាំឱ្យមានការបញ្ចូលនូវការងារសង្គម និងការងារស្ម័គ្រចិត្តដល់សិស្សានុសិស្សតូចៗផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យពង្រឹងការសិក្សាមុខវិជ្ជាភាសាខ្មែរ សម្រាប់សិស្សានុសិស្សនៅថ្នាក់បឋមសិក្សា។ ខណៈនៅក្នុងអាណត្តិដំបូង នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី សម្ដេចនឹងជំរុញពង្រឹងបឋមសិក្សាឱ្យកាន់តែរឹងមាំ ដើម្បីឈានទៅកម្រិតផ្សេងទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា៖ <<អ៊ឹចឹងត្រូវរៀនទាំងចំណេះដឹងទូទៅ ឱ្យកាន់ទែប្រសើរ មិញខ្ញុំសួរក្មេងគេចេះពីរបត់អាវ ឆ្លងថ្នល់ សំពះ អនាម័យ ដែលយើងត្រូវដាក់បន្តិចៗនេះសំខាន់ខ្លាំងណាស់ បំណិនជីវិត អ៊ឹចឹងបានយើងឱ្យបញ្ចូលហើយមានរាំ របាំ មានកីឡាបន្ថែមទៀត ហើយចំណេះដឹងនេះយើងឱ្យថែម២ម៉ោង ពីព្រោះកន្លងទៅយើងរៀនបានតែកន្លះថ្ងៃហើយចប់ អាចថែមបំប៉នលើគណិតវិទ្យា ភាសាខ្មែរ និងថែមកុំព្យូទ័រ>>។

សូមជម្រាបថា កន្លងទៅរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.) ដែលដឹកផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

លេខាធិការដ្ឋាន គ.វ.អ. ជាសេនាធិការក្នុងការដឹកនាំ សម្របសម្រួល និងជួយបំពេញបន្ថែមលើចំណុចខ្វះខាត ក្នុងវិស័យអប់រំកន្លងមក សំដៅឈានទៅសម្រេចតាមគោលដៅ នៃវិធានការគន្លឹះ ដែលត្រូវអនុវត្តនូវសកម្មភាពសំខាន់ៗមានជាអាទិ៍៖ ការជ្រើសរើសសាលារៀនគោលដៅកម្រិតបឋមសិក្សា, ការជ្រើសរើសគ្រូបង្គោល ដែលជាអតីតនាយកសាលាធ្លាប់មានស្នាដៃល្អ, ការចងក្រស្នាដៃនៃឧត្តមានុវត្តរបស់សាលាជោគជ័យ និងផ្តល់វគ្គបណ្តុះបណ្ដាលគ្រូបង្គោល, ការចុះអនុវត្តវគ្គគាំទ្រដល់សាលាគោលដៅផ្ទាល់, ព្រមទាំងការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលជាដើម៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...