ថៃដំឡើងការព្យាករសេដ្ឋកិច្ចដល់ ២,៧ភាគរយសម្រាប់ឆ្នាំ២០២៤

Posted By: RoogRog Robot | 27-Jul-2024 11:25:35

2024-07-27 11:19am

(បាងកក)៖ ក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសថៃរំពឹងថានឹងកើនឡើង ២,៧ភាគរយនៅឆ្នាំ២០២៤ ធៀបនឹងការព្យាករមុន ២,៤ភាគរយដោយសារកំណើនរបស់ភ្ញៀវទេសចរបរទេសនិងការនាំចេញ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្តីរបស់អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Paopoom Rojanasakul ខណៈថ្លែងថា៖ <<យើងឃើញសញ្ញាវិជ្ជមានពីការនាំចេញដោយសារតែភាពប្រសើរឡើងនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាដៃគូពាណិជ្ជកម្ម>>។ លោកបានបន្ថែមថា កំណើនសេដ្ឋកិច្ចនេះអាចកើនឡើងដល់ ៣ភាគរយនៅឆ្នាំនេះ ដោយសារគោលនយោបាយនានាស្ថិតក្នុងការអនុវត្តនៅឡើយ។

លោក Paopoom បានមានប្រសាសន៍ថា៖ <<វាជាតួលេខដ៏ល្អ ប៉ុន្តែយើងត្រូវតែធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត>> ។ លោកបានឱ្យដឹងទៀតថា ការព្យាករពីកំណើននេះមិនបានរាប់បញ្ចូលគម្រោងឧបត្ថម្ភសាច់ប្រាក់ចំនួន ៤៥០ពាន់លានបាត (១២,៥ពាន់លានដុល្លារ) ដែលនឹងត្រូវដាក់ឱ្យដំណើរការនៅក្នុងត្រីមាសទី៤ នោះទេ។ លោកPaopoom ថ្លែងថា កម្មវិធីនេះនឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចពី ១,២ ទៅ ១,៨ភាគរយ។

ការនាំចេញត្រូវបានមើលឃើញថានឹងកើនឡើង ២,៧ភាគរយក្នុងឆ្នាំ២០២៤ ពោលគឺខ្ពស់ជាងការព្យាកមុនដែលថាមានតែ ២,៤ភាគរយ។

លោកអនុរដ្ឋមន្ត្រីបាននិយាយទៀតថា វិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ហើយឥឡូវនេះក្រសួងរំពឹងថានឹងមានភ្ញៀវបរទេសបរទេសចំនួន ៣៦លាននាក់ ដែលត្រូវបានរំពឹងថានឹងស្នាក់នៅបានយូរ និងចំណាយប្រាក់ប្រមាណចំនួន ១,៦៩ពាន់ពាន់លានបាតបន្ថែមទៀតដោយសារតែការបន្ធូរបន្ថយលក្ខខណ្ឌទិដ្ឋាការ។

ការព្យាករមុនរំពឹងថានឹងមានភ្ញៀវបរទេសចំនួន ៣៥,៧ លាននាក់ជាមួយនឹងការចំណាយប្រមាណ ១,៥៩ ពាន់ពាន់លានបាត។ សេដ្ឋកិច្ចថៃបានកើនឡើង ១,៩ភាគរយកាលពីឆ្នាំមុន យឺតជាងការរំពឹងទុក និងទាបជាងកំណើន ២,៥ភាគរយដែលសម្រេចបាននៅឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...