ប្រធានសភាវៀតណាម លាលែងពីតួនាទី បន្ទាប់ពីប្រធានាធិបតី ទើបត្រូវដកតំណែង កាលពីខែមុន

Posted By: RoogRog Robot | 27-Apr-2024 09:52:57

2024-04-27 08:50am

(ហាណូយ)៖ គណបក្សកុម្មុយនិស្តវៀតណាម កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសឱ្យដឹងថា ប្រធានសភានៃប្រទេសវៀតណាម បានសម្រេចលាលែងពីតួនាទី ក្រោមហេតុផល ដោយសារតែបានប្រព្រឹត្តកំហុស និងអសមត្ថភាព ខណៈនេះគឺជាសញ្ញាថ្មីមួយទៀត បង្ហាញឱ្យឃើញពីភាពវឹកវរផ្នែកនយោបាយរបស់ប្រទេសអាស៊ានមួយនេះ ដ្បិតប្រធានាធិបតីវៀតណាម ទើបតែត្រូវបានដកតំណែងកាលពីខែមីនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤។

ប្រធានសភាវៀតណាម លោក Vuong Dinh Hue កន្លងមក ត្រូវគេមើលឃើញថា អាចជាបេក្ខជនបន្តវេនជា អគ្គលេខាធិការរបស់​គណបក្សកុម្មុយនិស្តវៀតណាម ដែលជាតំណែងមានអំណាចធំបំផុត។ តួនាទីរបស់លោកជាប្រធានសភា ត្រូវបានចែងថាស្ថិតក្នុងចំណោម <<សសរស្តម្ភ>> ទាំង៤នៃថ្នាក់ដឹកវៀតណាម។ ក្នុងសេចក្តីថ្លែងការណ៍ប្រកាសពីការលាលែងរបស់លោក Vuong គណបក្សកុម្មុយនិស្តវៀតណាម បាននិយាយថា <<ការប្រព្រឹត្តខុសឆ្គង និងការខ្វះសមត្ថភាព របស់សមមិត្ត Vuong Dinh Hue បានធ្វើឱ្យសាធារណមតិមានភាពអវិជ្ជមាន ហើយប៉ះពាល់ដល់មុខមាត់របស់បក្ស របស់ប្រទេស ក៏ដូចជារបស់ខ្លួនលោកផ្ទាល់>>។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃកន្លងទៅ មានសេចក្តីប្រកាសអំពីការចាប់ខ្លួន ជំនួយការលោកម្នាក់ ពាក់ព័ន្ធការស៉ើបអង្កេតអំពើពុករលួយ លើក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធមួយ។ ការលាលែងពីតំណែងរបស់លោក Vuong នេះទៀតសោត កើតមានឡើង ក្រោយកាលពីខែមីនាកន្លងទៅ លោក Vo Van Thuong ត្រូវបានបង្ខំឱ្យលាលែងពីតំណែងជាប្រធានាធិបតី ក្រោមហេតុផលស្រដៀងគ្នា។ លោក Thuong គឺជា​ប្រធានាធិបតីវៀតណាមទី២ ដែលបានចុះចេញពីតួនាទី ក្នុងរយៈពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។ មកទល់ពេលនេះ បក្សកុម្មុយនិស្តវៀតណាម មិនទាន់តែងតាំងប្រធានាធិបតីថ្មី នៅឡើយទេ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...