សម្តេចតេជោ ហ៊ុន សែន៖ ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាប្រភពផ្គត់ផ្គង់ទឹក និងជាកន្លែងរំដោះទឹកជំនន់នៅប៉ែកនិរតីនៃប្រទេស (Video inside)

Posted By: RoogRog Robot | 26-Apr-2024 22:28:54

2024-04-26 09:25pm

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាប្រភពផ្គត់ផ្គង់ទឹកដ៏សំខាន់នៅខេត្តភាគនិរតីប្រទេស ក៏ដូចជាក្លាយជាទីតាំងបញ្ចៀសទឹកជំនន់នៅរដូវវស្សាផងដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ អញ្ជើញជាអធិបតីក្នុងពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។

សម្តេចបានគូសបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាប្រភពផ្គត់ផ្គង់ទឹក នៅប៉ែកនិរតីរបស់កម្ពុជា ដែលរួមមាន៖ ខេត្តកណ្តាលមួយភាគ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ជាមួយគ្នានេះ ក៏អាចទាញទឹកមួយផ្នែក ទៅផ្គត់ផ្គង់ទៅខេត្តកំពង់ស្ពឺបានដែរ នៅពេលមានការខ្វះខាតទឹក។

សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា <<ផលប្រយោជន៍ទី២ កម្ពុជា និងមានប្រព័ន្ធស្រោចស្រពមួយ ជំនួសឱ្យការខ្វះទឹក ដូចជាពេលនេះយើងរាំងភ្លៀង៦ខែ ៧ខែហើយ អត់ទាន់មានភ្លៀងធ្លាក់ទេ ប្រភពទឹកទាំងឡាយ គឺសូម្បីតែទឹកស្អាតនៅខាងតាកែវខ្វះខាតសម្រាប់ប្រើប្រាស់ នៅពេលដែលយើងមានព្រែកជីកនេះ ព្រែកជីកនេះគឺជាប្រភពផ្គត់ផ្គង់ទឹកនៅប៉ែកនិរតីរបស់កម្ពុជា ដែលរួមមាន៖ ខេត្តកណ្តាល មួយភាគ ខេត្តតាកែវ កំពត កែប និងអាចទាញទៅកំពង់ស្ពឺបានដែរនៅពេលមានការខ្វះខាតទឹក>>។

សម្តេចតេជោមានប្រសាសន៍ទៀតថា ផ្ទៃដីធ្វើស្រែរបស់កម្ពុជា ដែលស្ថិតនៅទិសនិរតី ក៏នឹងក្លាយទៅដីដែលអាចធ្វើស្រូវពីម្តងទៅជាពីរដង ឬបីដងក្នុងមួយឆ្នាំផងដែរ។

ទន្ទឹមគ្នាសម្តេចតេជោ ក៏បានគូសរំលេចអំពីអត្ថប្រយោជន៍នៃព្រែកជីកហ្វូណន-តេជោនេះបន្ថែម ដោយព្រែកជីកនេះនឹងជួយរំដោះទឹកជំនន់ នៅប៉ែកនិរតីនៃប្រទេស ដែលកន្លងទៅ បានប្រឈមនឹងការលំបាក និងរងផលប៉ះពីទឹកជំនន់ ដោយសារគ្មានទីតាំងបញ្ចៀសទឹកជំនន់ ។

សម្តេចបានបញ្ជាក់បន្ថែមថា នៅពេលដែលមានព្រែកជីកនេះ នឹងជួយរុញទឹកដែលជន់ខ្លាំងទៅសមុទ្រដែលធ្វើឱ្យការលេចលង់នៅប៉ែកនិរតីត្រូវបានកាត់បន្ថយ រួមទាំងការកាត់បន្ថយចរន្តទឹកដែលបានបុកធ្លាក់ ទៅវៀតណាមផងដែរ៕




















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...