នាយឧត្តមសេនីយ៍ ស ថេត ណែនាំឲ្យពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ដើម្បីធានាដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនាពេលខាងមុខ

Posted By: RoogRog Robot | 07-May-2024 14:22:14

2024-05-07 01:19pm

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញការណែនាំជាថ្មី ដល់បណ្ដាញអង្គភាពទាំងអស់ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសស្នងការនគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងយកចិត្តទុកដាក់បន្ថែមទៀត លើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ដើម្បីធានាដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ។

ការណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប្រកាសផ្ទេរភារកិច្ច និងតែងតាំងអគ្គស្នងការរងចំនួន២រូប និងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា លើកទិសដៅការងារបន្ដខែឧសភា ឆ្នាំ២០២៤ ព្រមទាំងសេចក្ដីណែនាំស្ដីពីវិធានការពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

បើទោះបីព្រឹត្តិការណ៍សំខាន់ៗ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងទៅ ព្រមទាំងព្រឹត្តិការណ៍បោះឆ្នោតឃុំសង្កាត់, ជ្រើសតាំងតំណាងរាស្ដ្រ និងជ្រើសរើសសមាជិកព្រឹទ្ធសភា បានប្រព្រឹត្តទៅដោយរលូនយ៉ាងណាក្ដី ប៉ុន្ដែនាយឧត្តមសេនីយ៍ ស ថេត បានពញ្ញាក់ស្មារតីថ្នាក់ដឹកនាំ និងកម្លាំងនគរបាលទាំងអស់ថា មិនត្រូវធ្វើការធ្វេសប្រហែសជាដាច់ខាត ខណៈក្រុមអមិត្តនៅតែចិញ្ចឹមចិត្តចង់បង្កចលាចលជានិច្ចប្រសិនបើយើងមានការធ្វេសប្រហែសដោយប្រការណាមួយ។

នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា កិច្ចការងារសន្ដិសុខ គឺជាកិច្ចការងារដ៏មានសារៈសំខាន់សំដៅធានាដល់សន្ដិសុខជាតិទាំងមូល ប៉ុន្ដែមិនមែនអនុវត្តតែស្ថាប័ននគរបាលជាតិ តែម្នាក់ឯងអាចទៅរួចនោះទេ ពោលទាមទារកិច្ចសហការយ៉ាងល្អពីបណ្ដាស្ថាប័ន និងអង្គភាពដទៃផ្សេងទៀត បូករួមទាំងស្ថាប័នដែលមិនមែនជំនាញសន្ដិសុខផងដែរ ទើបអនុវត្តទៅបានជោគជ័យទាំងព្រម។

ក្រៅពីការត្រៀមលក្ខណៈធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនោះ, នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏ឆ្លៀតណែនាំនូវការងារជំនាញមួយចំនួនផងដែរ ដល់ប្រធាននាយកដ្ឋាន ប្រធានអង្គភាព និងស្នងការនគរបាលរាជធានី-ខេត្ត ដើម្បីបន្ដយកចិត្តទុកដាក់ និងកែប្រែនូវរាល់អ្វីដែលជាចំណុចខ្វះខាត។

នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យពង្រឹងដល់ការងារចរាចរណ៍, គ្រឿងញៀន, ព្រហ្មទណ្ឌ, ព្រំដែន, ប្រឆាំងការជួញដូរមនុស្ស ពិសេសប៉ុស្ដិ៍នគរបាលរដ្ឋបាលជាដើម ដែលនៅក្បែរប្រជាពលរដ្ឋ ត្រូវតែបន្ដពង្រឹងសមត្ថភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។

សូមជម្រាបថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខឆាប់ៗនេះ។ គ.ជ.ប បានសម្រេចលើបញ្ជីបោះឆ្នោតដំបូង ដោយមានការិយាល័យបោះឆ្នោតចំនួន២០៩ការិយាល័យ និងអ្នកបោះឆ្នោត ១១,៦២២នាក់៕










































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...