ប្រកាសទទួលស្គាល់ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ជាឃុំសម្រេចបានការបញ្ចប់ករបន្ទោបង់ពាសវាលពាសកាល

Posted By: RoogRog Robot | 26-Apr-2024 00:44:54

2024-04-25 11:39pm

(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមឱ្យកាន់តែផុលផុសថែមទៀត ដោយផ្តើមចេញពីខ្លួនឯង គ្រួសារ សហគមន៍ ក្នុងការធ្វើការផ្លាស់ប្តូរទម្លាប់ ពីការបន្ទោបង់ពាសវាលពាសកាល មកសាងសង់បង្គន់អនាម័យប្រើប្រាស់ ហូបទឹកស្អាត លាងដៃជាមួយសាប៊ូ ព្រមទាំងជួយណែនាំ និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លូន ដើម្បីទទួលបានភាពរីកចម្រើនប្រកបដោយសុខមាលភាពទាំងអស់គ្នា។

ការថ្លែងអំពាវនាវរបស់លោក អ៊ុក គឹមសាន ក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ប្រកាសទទួលស្គាល់ជាផ្លូវការ ឃុំតស៊ូ ស្រុកជ័យសែន ជាឃុំសម្រេចបាន <<ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល>> ដោយមានការចូលរួមពីលោក ម៉ប់ ធិរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ លោក រស់ ហេង អភិបាលស្រុកជ័យសែន តំណាងអង្គការទស្សនៈពិភពលោកប្រចាំស្រុកជ័យសែន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ សិស្សានុសិស្ស ជាច្រៀនរូបទៀត។

លោក អ៊ុក គឹមសាន បានថ្លែងដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមប្រកាសទទួលស្គាល់ជាផ្លូវការឃុំតស៊ូ ជាឃុំសម្រេចបានការបញ្ចប់ <<បន្ទោបង ពាសវាលពាសកាល>> (ODF) ដែលជាឃុំសម្រេចបាន ODF ចំណាត់ថ្នាក់ទី៥ នៅទូទាំងខេត្តព្រះវិហារ និងជាឃុំជាប់ចំណាត់ថ្នាក់ទី២ នៅក្នុងស្រុកជ័យសែន។

ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក អ៊ុក គឹមសាន បានចូលរួមអបអរសាទរយ៉ាងក្រៃលែងជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងឃុំតស៊ូ ដែលត្រូវបានគណៈកម្មាការបានវាយតម្លៃទទួលស្គាល់ជាផ្លូវការ ក្លាយជាឃុំគំរូទី២ ក្នុងស្រុកជ័យសែន ជាឃុំសម្រេចបានការបញ្ចប់ <<បន្ទោបង់ពាសវាលពាសកាល>>ODF និងបានធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការនាថ្ងៃនេះ។

លោកអភិបាលរងខេត្តព្រះវិហារ ក៏បានថ្លែងនូវការអរគុណដ៏ជ្រាលជ្រៅចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការទស្សៈពិភពលោក និងអង្គការដៃគូនានា ដែលកន្លងមកបានជួយគាំទ្រ ទាំងផ្នែកស្មារតី សម្គារៈ និងបច្ចេកទេសក្នុងដំណើរអនុវត្តការងារផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទក្នុងខេត្តព្រះវិហារ ជាពិសេសនៅស្រុកជ័យសែន។

យោងតាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ការសម្រេចបាននូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត មានឃុំ ODF ចំនួន ៥ឃុំ មានភូមិ ODFចំនួន ៥០ភូមិ។ បច្ចុប្បន្ននៅទូទាំងខេត្តព្រះវិហារ អត្រាប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ចំនួន ៦៧% អត្រាចំនួនប្រជាពលរដ្ឋបានប្រើប្រាស់បង្គន់អនាម័យចំនួន៧០%។ តាមរយៈការប្រកាសទទួលស្គាល់ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ជាឃុំសម្រេចបាន ODF នៅថ្ងៃនេះ នឹងជម្រុញការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទក្នុងស្រុកជ័យសែនទាំងមូល កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនខ្លាំងក្លាថែមទៀត ជាពិសេសការពង្រីកវិសាលភាពភូមិ ឃុំ ODFបន្ថែម ដើម្បីឈានទៅសម្រេចបានជាស្រុកបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅបំណាច់ឆ្នាំ២០២៤ តាមផែនការដែលបានគ្រោងទុក៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...