អាមេរិករំពឹងអាចស្វែងរកមធ្យោបាយថ្មី ដើម្បីឃ្លាំមើលការអនុវត្តទណ្ឌកម្មលើកូរ៉េខាងជើង នៅខែក្រោយ បន្ទាប់ពីចិននិងរុស្ស៉ី រារាំងយន្តការតាមដានរបស់ UN

Posted By: RoogRog Robot | 19-Apr-2024 15:06:38

2024-04-19 02:03pm

(យូអិន)៖ ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បាននិយាយនៅថ្ងៃសុក្រនេះថា លោកស្រីសង្ឃឹមថា នៅខែឧសភាខាងមុខនេះ នឹងអាចរកបានមធ្យោបាយថ្មី ដើម្បីតាមដានការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង បន្ទាប់ពីរុស្ស៉ីនិងចិន បានរារាំងការបន្តសកម្មភាពឃ្លាំងមើលរបស់ UN។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤។

លោកស្រី Linda Thomas-Greenfield បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនរួមជាមួយសម្ព័ន្ធមិត្ត កំពុងតែសម្លឹងមើលជម្រើសជាច្រើន ទាំងនៅក្នុងនិងនៅក្រៅ UN ដើម្បីជំនួសក្រុមអ្នកជំនាញមួយ ដែលក្នុងរយៈពេលប្រមាណជា១៥ឆ្នាំមកនេះ មានភារកិច្ចតាមឃ្លាំមើលលើ ​ការអនុវត្តការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើង ពាក់ព័ន្ធកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៉ីលបាលិស្ទីគរបស់​ប្រទេសនេះ។ កាលពីខែមីនា រុស្ស៉ីបានបោះឆ្នោតវេតូរាំងខ្ទប់ ការផ្តល់អាណត្តិថ្មី ដែលតែងធ្វើឡើងជារៀងរាល់ឆ្នាំ ដល់ក្រុមអ្នកជំនាញនោះ ខណៈចិនបានបោះឆ្នោតក្នុងសំឡេងអនុបវាទ។

គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរថា តើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត អាចបង្កើតមធ្យោបាយថ្មី ទាន់ពេលដែលអាណត្តិបច្ចុប្បន្នរបស់​ក្រុមអ្នកជំនាញខាងលើ ផុតសុពលភាពនាចុងខែមេសានេះ ដែរឬយ៉ាងណានោះ លោកស្រី Thomas-Greenfield បានឆ្លើយតបដូច្នេះថា <<វានឹងជារឿងដ៏ប្រសើរមួយ ប្រសិនបើយើងអាចចាប់ផ្តើម នៅខែក្រោយ។ ខ្ញុំមិនដឹងថា យើងនឹងអាចធ្វើបានឆាប់រហ័សបែបនោះ ឬក៏អត់ទេ ប៉ុន្តែគឺជាក្តីរំពឹងរបស់ខ្ញុំ>>៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...