សម្តេចតេជោ ហ៊ុន សែន ហៅការផ្សាយរបស់ខេមបូឌាដេលីពាក់ព័ន្ធ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី «ជារឿងឆោតល្ងង់» ព្រោះការពន្យារពេលចូលនិវត្តន៍របស់លោក គុណ ញឹម ធ្វើតាំងពីពេលសម្តេចតេជោនៅដឹកនាំប្រទេសមកម្ល៉េះ

Posted By: RoogRog Robot | 02-May-2024 19:28:22

2024-05-02 06:21pm

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកការផ្សាយ​របស់​​ខេមបូឌាដេលី ដែលបានផ្សាយបំភ្លៃថា លោក គុណ ញឹម យកលុយទៅសូកលោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីរក្សាតំណែងដល់ឆ្នាំ២០២៨ គឺជារឿង <<ឆោតល្ងង់>>។ ឆោតល្ងង់ព្រោះថា ការសម្រេចពន្យារពេលចូលនិវត្តន៍ លោក គុណ ញឹម បានធ្វើឡើងតាំងពីពេលសម្តេចតេជោ នៅកាន់តំណែងមកម្ល៉េះ ដូច្នេះគ្មានអ្វីជាក់ពាក់ព័ន្ធសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតនោះឡើយ។

ប្រតិកម្មទៅនឹងការផ្សាយនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មុនដំបូងសម្តេច​សម្រេចឱ្យលោក គុណ ញឹម ចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥ តែក្រោយមកតាម​សំណើ របស់​ឧបនាយករដ្ឋមន្ត្រី អូន ពន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងពិនិត្យ​លើភាពចាំបាច់នៃកំណែទម្រង់គយ និងគុណសម្បត្តិ​របស់លោក គុណ ញឹម ផងនោះ សម្តេចសម្រេចឱ្យលោក គុណ ញឹម ចូលនិវត្តន៍នៅឆ្នាំ២០២៨។

សម្តេចបន្ថែមថា សម្តេចក៏បានសម្រេចឱ្យអគ្គនាយករងពីររូបទៀត បានចូលនិវត្ត​ន៍​នៅ​ឆ្នាំ២០២៨ផងដែរ ដើម្បីក្លាយជាក្រុមដឹកនាំបន្តកំណែទម្រង់គយប្រកបដោយ​ជោគជ័យ។

សម្តេចតេជោ បានណែនាំឱ្យពិនិត្យលើកាលបរិច្ឆេទ ក្នុងលិខិតបន្ថែមដើម្បីមើលឱ្យ​ឈប់ល្ងង់។ សម្តេចបន្តថា សូមពាក់វ៉ែនតាមើលផងប្រសិនភ្នែកមិនល្អ ជៀសវាងមើល​ច្រឡំថ្ងៃខែឆ្នាំ។

តាមអ្វីដែលសម្តេចតេជោ បានបញ្ជាក់នេះ ក៏ដូចជាចំណារឯកភាព បានបង្ហាញការពន្យារ​ពេល​ចូលនិវត្តន៍របស់លោក គុណ ញឹម បានធ្វើឡើងតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២​មក​ម្ល៉េះ ពោលគឺតាំងពីពេលសម្តេចតេជោ នៅដឹកនាំប្រទេស។

បើតាមកាលបរិច្ឆេទនេះ មានន័យថា សំណើនានា ពាក់ព័ន្ធការគ្រប់គ្រងរដ្ឋ​គឺមិន​មានជាប់​ពាក់​ព័ន្ធសម្តេចធិបតី ហ៊ុន ម៉ាណែត នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅក្រុមអ្នកផ្សាយនេះ ហេតុអ្វីបានពួកគេទៅ​វាយប្រហារលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាកូនប្រសារសម្តេចទៅវិញ?








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...