ការប្រកួតបាល់ទាត់ «លីគកំពូលភូមិ» ជារូបមន្តថ្មីនៃការស្តារនិងអភិវឌ្ឍជនបទ របស់ខេត្តកួយចូវប្រទេសចិន

Posted By: RoogRog Robot | 18-Apr-2024 17:43:54

2024-04-18 04:35pm

(ប៉េកាំង)៖ បន្ទាប់ពីប្រទេសចិនបានប្រកាសថា ប្រជាជនក្រីក្រទូទាំងប្រទេសបានចេញផុតពីភាពក្រីក្រទាំងស្រុងនៅចុងឆ្នាំ ២០២០ មក រដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយស្តារនិងអភិវឌ្ឍជនបទក្នុងគោលបំណងពង្រឹងសមិទ្ធផលនៃការកាត់បន្ថយភាពក្រីក្រនិងបង្ការកុំឱ្យជនក្រីក្រវិលទៅរកភាពក្រីក្រវិញ ។

រដ្ឋបាលនៃតំបន់នានាទូទាំងប្រទេសចិន ពិសេសតំបន់ដែលធ្លាប់មានជនក្រីក្រច្រើន បានដាក់ចេញគោលនយោបាយដែលសមស្របនឹង លក្ខខណ្ឌក្នុងតំបន់រៀងៗខ្លួន ដើម្បីសម្រេចបាននូវការស្តារនិងអភិវឌ្ឍជនបទ តាមរយៈការផ្តល់ឱកាសការងារ និងការបង្ហាត់បង្រៀនពីបច្ចេកទេសកសិកម្ម ដល់ប្រជាកសិករជាដើម ដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគាត់។

កួយ ចូវ ជាខេត្តមួយដែលស្ថិតនៅតំបន់ភ្នំនៃភាគនិរតីរបស់ប្រទេសចិន ដែលជាទីកណ្តាលនៃតំបន់ដីគោក និងជាតំបន់មួយក្នុងចំណោម តំបន់ដែលប្រជុំដោយជនក្រីក្រច្រើនបំផុត នៅទូទាំងប្រទេសចិន។ ឆ្លងតាមរយៈការខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំ ទីបំផុតនៅចុងឆ្នាំ ២០២០ រដ្ឋបាលខេត្ត កួយ ចូវ បានប្រកាសថា ស្រុកចំនួន ៩ ចុងក្រោយដែលជាស្រុកក្រីក្របំផុត បានចេញផុតពីភាពក្រីក្រ ដែលមានន័យថា ការងារកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន សម្រេចបានតាមផែនការគ្រោងទុក។

ពាក្យចិនមួយឃ្លាពោលថា <<ការកសាងសមិទ្ធផលជារឿងមិនងាយទេ ឯការថែរក្សាសមិទ្ធផលឱ្យបានគង់វង្សជា រឿងកាន់តែលំបាកថែមទៀត>>។ ជាក់ស្តែង ពិតមែនតែការងារកាត់បន្ថយភាពក្រីក្រនៅតំបន់នានា នៃប្រទេសចិនបានចេញជាសមិទ្ធផលហើយក្តី តែការថែរក្សានិងពង្រឹងសមិទ្ធផលវាជាការសាកល្បងដ៏ធំមួយ។

រូបមន្តអភិវឌ្ឍន៍ថ្មីៗសម្រាប់ជំរុញការស្តារ និងអភិវឌ្ឍជនបទត្រូវបានអនុវត្តជាបន្តបន្ទាប់។ នៅខែឧសភា ឆ្នាំ ២០២៣ ការប្រកួតកីឡាបាល់ទាត់នៅស្រុក Rongjiang ខេត្តកួយចូវ បានល្បីសុសសាយពេញប្រទេសចិន ពាក្យថាការប្រកួត <<លីគកំពូលភូមិ>> ( Village Super League ) ស្ថិតនៅលេខរៀងទី ១ នៃការពិភាក្សាតាមបណ្តាញទំនាក់ទំនងសង្គម។

អ្វីទៅជាការប្រកួត <<លីគកំពូលភូមិ>>? វាជាការប្រកួតបាល់ទាត់រវាងបណ្តាភូមិនៅស្រុក Rongjiang ខេត្ត កួយ ចូវ ដែលចំណុចដ៏ទាក់ទាញមួយគឺកីឡាករ ដែលចូលរួមការប្រកួតសុទ្ធតែមិនមែនជាកីឡាករអាជីពទេ ពោលគឺមកពីមុខរបរផ្សេងៗ ដូចជាសិស្ស កសិករ កម្មករ បុគ្គលិកនិងមន្ត្រីស្ថាប័នឯកជននិងរដ្ឋ។ល។ ចំណែកឯវិធីប្រកួតវិញបានធ្វើឡើងតាមស្តង់ដាអន្តរជាតិ ។ គិតរហូតមកទល់ការប្រកួតលើកទី ២ ក្នុងឆ្នាំ ២០២៤ នេះ មានអ្នកចូលទស្សនាច្រើនបំផុតក្នុងមួយលើក មានរហូតដល់ទៅជាង ៦ ម៉ឺននាក់ ហើយការចូលទស្សនាតាមកម្មវិធីវីដេអូ មានរហូតដល់ទៅជិត ២ ម៉ឺនលានដង។

ហេតុអ្វីបានជាការប្រកួត <<លីគកំពូលភូមិ>> ទទួលបានប្រជាប្រិយភាពខ្លាំងបែបនេះ? ទីមួយគឺដោយសារទទួលបានការគាំទ្រខ្លាំង ពីសំណាក់អ្នកភូមិ។ ការប្រកួតនេះមិនត្រឹមតែផ្តល់ជាវេទិកាមួយ សម្រាប់ឱ្យអ្នកភូមិដែលស្នេហាវិស័យកីឡាបាល់ទាត់ ចូលរួមការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ជាចំណីចក្ខុប្លែកពិសេស សម្រាប់អ្នកគាំទ្រលើកទឹកចិត្តទៅទស្សនាកម្សាន្ត និងដើរលំហែអារម្មណ៍បន្ទាប់ពីការប្រកបការងារ និងការសិក្សាផងដែរ។

ទីពីរគឺការរំលេចពីវប្បធម៌និងទំនៀមទម្លាប់ប្រពៃណីជនជាតិភាគតិច។ ខេត្ត កួយ ចូវ ជាខេត្តមួយដែលប្រមូលផ្តុំដោយជនជាតិភាគតិច ជាច្រើននៃប្រទេសចិន ។ តាមរយៈការប្រកួត <<លីគកំពូលភូមិ>> ជនជាតិភាគតិចនានាបាននាំគ្នាបង្ហាញពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណី ដ៏ល្អផូរផង់របស់ខ្លួន ពិសេសគឺស្នាដៃបេតិកភណ្ឌវប្បធម៌អរូបីដ៏វិសេសវិសាល ដែលប្រកបដោយវេទមន្តទាក់ទាញចំណាប់អារម្មណ៍ របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ទីបីគឺការបង្ហាញពីធនធានទេសចរណ៍ក្នុងតំបន់។ ពិតមែនតែធ្លាប់ជាតំបន់ក្រក្រី ប៉ុន្តែស្រុក Rongjiang មានធនធានទេសចរណ៍ដ៏សម្បូរបែប ដែលរង់ចាំការអភិវឌ្ឍ។ អេកូ-ទេសចរណ៍ជាឧត្តមភាពក្នុងតំបន់ ពោលគឺសណ្ឋានដីនៃតំបន់ខ្ពង់រាប បានបង្កើតជាទេសភាពធម្មជាតិដ៏ល្អប្លែក បូករួមទាំងចំណីអាហារពិសេសប្រចាំតំបន់ ធ្វើឱ្យភ្ញៀវទេសចរក្រៅពីអាចបណ្តែតអារម្មណ៍ ជាមួយសម្រស់ធម្មជាតិដ៏គួរជាទីទស្សនាកម្សាន្ត ក៏អាចភ្លក់រសជាតិអាហារឆ្ងាញ់ ដែលជាអត្តសញ្ញាណមួយ នៃវប្បធម៌ជនជាតិភាគតិច ក្នុងតំបន់ផងដែរ។ ក្រៅពីនេះ វត្ថុសិប្បកម្មនៃជនជាតិភាគតិចក៏ជាវត្ថុអនុស្សាវរីយ៍ ដែលទាក់ភ្នែកភ្ញៀវទេសចរឱ្យបញ្ឈប់ ដំណើរដើម្បីជ្រើសរើសរកទិញរបស់ដែលខ្លួនពេញចិត្ត។

ប្រជាប្រិយភាពនៃការប្រកួត <<លីគកំពូលភូមិ>> នៅស្រុក Rongjiang ខេត្តកួយចូវ ក៏បានទាក់ទាញការចាប់អារម្មណ៍ ពីមជ្ឈដ្ឋានសិល្បៈផងដែរ។ ក្នុងនោះ ក្រុមបាល់ទាត់សិល្បករហុងកុង ដែលប្រជុំដោយតារាហុងកុងល្បីៗ បានទៅធ្វើការប្រកួតជាលក្ខណៈ មិត្តភាពនៅទីនោះ ដែលជាការចូលរួមចំណែក ជួយផ្សព្វផ្សាយការប្រកួតនេះ ក៏ដូចជាជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ ព្រមទាំងវប្បធម៌និងទំនៀមទម្លាប់ប្រពៃណី ក្នុងតំបន់ផងដែរ។

ការប្រកួត<<លីគកំពូលភូមិ>>បានក្លាយជារូបមន្តថ្មីមួយ សម្រាប់ការផ្សព្វផ្សាយពីធនធានទេសចរណ៍ក្នុងតំបន់ ដើម្បីបង្កើនឱកាសការងារនិងប្រាក់ចំណូល របស់អ្នកភូមិដែលប្រកបរបរទាក់ទងនឹង វិស័យទេសចរណ៍ផង ពិសេសគឺឆ្លងតាមរូបភាពកម្សាន្តសប្បាយបែបនេះ ក៏បានបំពេញតម្រូវការខាង <<ចំណីវប្បធម៌>> របស់ពលរដ្ឋក្នុងតំបន់ផង ។ ការជួយឱ្យពលរដ្ឋដែលទើបចេញផុតពីភាពក្រីក្រ មានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ និងឈានទៅរកជីវភាពធូរធារ នាពេលអនាគត គឺជាការរួមចំណែកដល់ការស្តារ និងអភិវឌ្ឍជនបទ និងសម្រេចបានការស្តារភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិនឡើងវិញនៅទីបំផុត៕


អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...