លោកបណ្ឌិត គិន ភា ទទូចឱ្យមានវិធានការផ្លូវច្បាប់ចំពោះអ្នកលក់អនឡាញ និងអ្នករកស៊ីអនឡាញ (MMO) ដែលបង្កើតមាតិកាអសីលធម៌បង្កចលាចលដល់សង្គម

Posted By: RoogRog Robot | 01-May-2024 12:05:29

2024-05-01 11:02am

(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ បានទទូចឱ្យរដ្ឋាភិបាល មានវិធានការផ្លូវច្បាប់ចំពោះអ្នកលក់អនឡាញ និងអ្នករកស៊ីអនឡាញ (MMO) ដែលបង្កើតមាតិកាអសីលធម៌បង្កចលាចលដល់សង្គម។

ការអំពាវនាវរបស់ លោកបណ្ឌិត គិន ភា បានធ្វើឡើងបន្ទាប់ពីលោកបានសង្កេតឃើញថា សង្គមខ្មែរយើង កំពុងត្រូវបានបំពុលយ៉ាងធ្ងន់ធ្ងរដោយពួកអ្នកលក់អនឡាញ និងអ្នករកស៊ីអនឡាញ (MMO) មួយចំនួនដោយប្រើពាក្យពេចន៍អសុរស ជេរបញ្ចោ ឬជេរប្រមាថអ្នកដទៃ ហែកហួរជម្លោះក្នុងគ្រួសារ ផលិតមាតិកាផ្តេសផ្តាស អសីលធម៌ បំផ្លើស ប្រឌិត បង្កចលាចលសង្គម និងធ្វើទង្វើស្មោកគ្រោកនិងអសីលធម៌ជាច្រើនទៀត។

លោកបានគូសបញ្ជាក់ដូច្នេះថា៖ <<ភាគច្រើននៃពួកអ្នកលក់អនឡាញនិងអ្នករកស៊ីអនឡាញ (MMO) ទាំងនោះ មើលទៅមុខមាត់ អត្តចរិត សម្ដីសម្ដៅ អាកប្បកិរិយា មារយាទ និងឫកពារ ដូចជាមិនមែនមនុស្សខ្មែរ, ហាក់ដូចជាក្រុមមនុស្សមកពីស្រុកណាមួយ គេប្រើមកឱ្យបំផ្លិចបំផ្លាញសង្គមខ្មែរយើង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ពួកនេះគ្មានខ្វល់ប៉ះពាល់ដល់សង្គមខ្មែរយើងបន្តិចណាសោះឡើយ។ បើអនុញ្ញាតឱ្យពួកនោះនៅតែបន្តសកម្មភាពបែបហ្នឹងតទៅទៀត សង្គមយើងនឹងមានបញ្ហាធ្ងន់ធ្ងរទៅថ្ងៃក្រោយ។ ដូច្នេះ ត្រូវតែមានវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរចំពោះពួកនោះ, បើគ្មានច្បាប់ចែង ត្រូវតែធ្វើច្បាប់ដើម្បីគ្រប់គ្រងសង្គម មិនអាចបណ្ដែតបណ្ដោយឱ្យពួកនោះបន្តបំផ្លិចបំផ្លាញសង្គមយើងតទៅទៀតនោះទេ>>។

បច្ចុប្បន្ននេះ មហាជនអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម កំពុងតែក្លាយខ្លួនជាអ្នកចូលរួមសកម្មភាពបង្កភាពអសណ្ដាប់ធ្នាប់នៅក្នុងសង្គម ដែលគេសង្កេតឃើញថាមាតិកាអវិជ្ជមានជាច្រើនត្រូវបានអ្នកលេងបណ្ដាញសង្គម ចែកចាយយ៉ាងផុសផុលសន្ធឹកសន្ធាប់ ហើយមាតិកាល្អៗដូចជាការចែករំលែងចំណេះដឹង ជំនាញ​ផ្សេងៗ វប្បធម៌ អរិយធម៌របស់ខ្មែរជាអាទិ័ មិនសូវទទួលបានការគាំទ្រច្រើននោះទេ ដែលសកម្មភាពទាំងនេះ បានជះផលអវិជ្ជមានយ៉ាងខ្លាំងនៅក្នុងសង្គម ហើយជនដែលងាយគ្រោះជាងគេនោះគឺ កុមារ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...