លោក Netanyahu៖ អ៊ីស្រាអែល នឹងសម្រេចចិត្តដោយខ្លួនឯងអំពី «វិធីការពារខ្លួន» នៅចំពោះមុខការអង្វររបស់លោកខាងលិចឱ្យមានការអត់ធ្មត់

Posted By: RoogRog Robot | 17-Apr-2024 23:26:05

2024-04-17 10:22pm

(យេរុសហ្សាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅថ្ងៃពុធនេះថា អ៊ីស្រាអែលនឹងសម្រេចចិត្តដោយខ្លួនឯង អំពីវិធីការពារខ្លួន ខណៈដែលប្រទេសលោកខាងលិចបានអំពាវនាវឱ្យមានការអត់ធ្មត់ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដ៏ខ្លាំងក្លាពីប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។

សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងក្រុមប្រទេសឧស្សាហកម្មឈានមុខទាំងប្រាំពីរ (G7) បានប្រកាសផែនការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងបន្ថែមទៀត លើប្រទេសអ៊ីរ៉ង់ ដែលជាវិធានការមួយដែលត្រូវបានគេមើលឃើញថា មានគោលបំណងដើម្បីផ្គាប់ចិត្តអ៊ីស្រាអែល និងបញ្ចុះបញ្ចូលឱ្យទប់ស្កាត់ការវាយប្រហារដោយផ្ទាល់លើអ៊ីរ៉ង់ បន្ទាប់ពីការប្រឈមមុខដាក់គ្នាដោយប្រយោលអស់ជាច្រើនទសវត្សរ៍។

លោក Netanyahu បានជួបជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអាល្លឺម៉ង់ និងអង់គ្លេស ដែលកំពុងបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីកុំឱ្យការប្រឈមមុខដាក់គ្នារវាងប្រទេសគូសត្រូវទាំងពីរ នាំឱ្យផ្ទុះរីករាលជម្លោះកាន់តែខ្លាំងឡើងក្នុងតំបន់។

ការិយាល័យរបស់ លោក Netanyahu បាននិយាយថា លោកបានថ្លែងអំណរគុណដល់ លោក David Cameron និង លោក Annalena Beerbok សម្រាប់ការគាំទ្ររបស់ពួកគេ ហើយបានប្រាប់ពួកគេយ៉ាងដូច្នេះថា <<ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា យើងនឹងធ្វើការសម្រេចចិត្តដោយខ្លួនឯង ហើយរដ្ឋអ៊ីស្រាអែល នឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីការពារខ្លួន>>។

គួរជម្រាបថា មុននេះ លោក Cameron បាននិយាយថា ឥឡូវនេះវាច្បាស់ណាស់ថា អ៊ីស្រាអែលមានគម្រោងសងសឹកប្រឆាំងនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដែលទីក្រុងតេហេរ៉ង់បានបាញ់កាលពីថ្ងៃសៅរ៍៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...