នគរបាលខេត្តសៀមរាប ឃាត់២នាក់ប្តីប្រពន្ធលក់ខោអាវតាមអនឡាញបានហើយ ក្រោយជេរប្រមាថធ្ងន់ធ្ងរជាសាធារណៈលើអតិថិជន, សមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំ

Posted By: RoogRog Robot | 30-Apr-2024 21:05:28

2024-04-30 07:59pm

(សៀមរាប)៖ នគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានស្វែងរកឃើញ និងតាមឃាត់២នាក់ប្តីប្រពន្ធលក់ខោអាវតាមអនឡាញបានហើយ ក្រោយជេរប្រមាថធ្ងន់ធ្ងរជាសាធារណៈលើអតិថិជន នាពេលថ្មីៗនេះ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់មកបណ្តាញព័ត៌មាន Fresh News។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានអះអាងថា ពីរនាក់ប្ដីប្រពន្ធនេះ ត្រូវបានធ្វើកិច្ចសន្យាអប់រំ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាកំរើក ហើយសាមីខ្លួនបានធ្វើការសុំទោសជាសាធារណៈ សន្យាបញ្ឈប់ការប្រើប្រាស់ពាក្យសម្ដីជេរប្រមាថ ឬខុសឆ្គងតទៅទៀត។

សូមបញ្ជាក់ថា កាលពីម្សិលមិញ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានចេញមុខមកការពារស្រ្តីម្នាក់ជាអតិថិជននៅខេត្តប៉ៃលិន ក្រោយ២នាក់ប្តីប្រពន្ធជេរប្រមាថខ្លាំងៗ រឿងទិញខោអាវ។

លោកស្រី បញ្ជាក់ថា <<យើងរួមគ្នាលើកកម្ពស់សីលធម៌សង្គម មិនគួរឲ្យមនុស្ស ២នាក់បំផ្លាញសីលធម៌សង្គមអីចឹងទេ រកស៊ីនៅខេត្តសៀមរាបផង ថ្ងៃណាមួយគាត់អាចមានរឿងជាមួយភ្ញៀវទេសចរជាតិ អន្តរជាតិទៀតក៏ថាបាន បើពួកគាត់និយាយស្តីគ្មានដឹងខ្យល់អីយ៉ាងនេះ>>។

ស្ត្រីលក់លើកឡើងចំពោះអតិថិជនថា <<សង្វេគហ្អែងណាស់ហង អត់មានលុយ ១រៀលផង កម្មង់អីវ៉ាន់គេ>> ខណៈបុរសជាប្តី ក៏លើកឡើងថា <<ភ្ញៀវដូចចែឯងរាងប្រកាច់ៗ កន្ត្រាក់ៗអីចឹង ទើបជក់ថ្នាំហើយរាងបែកៗ ធ្វើចរិតថោកទាប គេជេរហើយ>>។

តាមការបញ្ជាក់របស់ស្រ្តីជាអតិថិជន ដែលត្រូវបានគេចែកចាយព្រោងព្រាតតាមបណ្តាញសង្គមអមដោយសាររិះគន់ខ្លាំងៗចំពោះ២នាក់ប្តីប្រពន្ធនោះ គាត់បានបាញ់លុយដែលកម្មង់ទិញខោអាវរួចហើយ តែ៣ថ្ងៃក្រោយមិនទាន់ទទួលឥវ៉ាន់ ក៏គាត់សួរនាំ ប៉ុន្តែត្រូវបាន២នាក់ប្តីប្រពន្ធចេញមកជេរប្រមាថយ៉ាងខ្លាំងៗទៅវិញ៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...