នគរបាលរាជធានីភ្នំពេញ បំបែកសំបុកក្រុមចោរកាប់ប្លន់ម៉ូតូពីជនរងគ្រោះ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, ជនសង្ស័យ៩នាក់ត្រូវចាប់ខ្លួន ជាមួយអ្នកទទួលផលចោរកម្មម្នាក់

Posted By: RoogRog Robot | 29-Mar-2024 22:25:08

2024-03-29 09:21pm

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំបុកក្រុមចោរកាប់ប្លន់ម៉ូតូពីជនរងគ្រោះ នៅផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ មុនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ, អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសនេីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងថា ជនសង្ស័យបង្ក្រាបបានចំនួន១០នាក់ រួមមាន៖

ទី១៖ ឈ្មោះ ងួន សុផល អាយុ១៩ឆ្នាំ, ទី២៖ ឈ្មោះ ឆឺន ចរិយា អាយុ១៧ឆ្នាំ, ទី៣៖ ឈ្មោះ ជឹម សុវណ្ណលិ អាយុ១៦ឆ្នាំ,ទី៤៖ ឈ្មោះ សួន សំណាង អាយុ១៨ឆ្នាំ, ទី៥៖ ឈ្មោះ សុទ្ធ សក្កដា អាយុ១៦ឆ្នាំ, ទី៦៖ ឈ្មោះ ណែម ផានីត អាយុ១៩ឆ្នាំ, ទី៧៖ ឈ្មោះ ឈឿម យីណាន់ អាយុ១៩ឆ្នាំ, ទី៨៖ ឈ្មោះ សឿន រាម ភេទស្រី អាយុ១៨ឆ្នាំ, ទី៩៖ ឈ្មោះ គីន សុខហេង ភេទស្រី អាយុ១៨ឆ្នាំ និងទី១០៖ ឈ្មោះ សៀវ វ៉ូ អាយុ៣៦ឆ្នាំ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួននៅចំណុចបឹងកក់ចំនួន២នាក់ និងឃាត់នៅក្នុងកោះពេជ្រចំនួន៧នាក់ និងអ្នកទទួលទិញម្នាក់ នៅមុខផ្ទះជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ រហូតដល់ថ្ងៃទី២៩ ខែមីនានេះ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ និងដកហូតម៉ូតូជនរងគ្រោះ ម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ 1JV-9437 នៅម្តុំបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករាបានមកវិញ។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកកាន់កាំបិតកែច្នៃចុះកាប់ជនរងគ្រោះ និងអ្នកយកម៉ូតូទៅលក់ឈ្មោះ ឆឺន ចរិយា និងឈ្មោះ សុទ្ធ សក្កដា និងជាអ្នកយកម៉ូតូជនរងគ្រោះរួចយកទៅលក់ឲ្យឈោ្មះ សៀវ វ៉ូ នៅម្តុំផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី២៦ ខែមីនាបានលុយចំនួន៤៥០ដុល្លារ ហើយឈ្មោះ ឆឹន ចរិយា ចែកឲ្យឈ្មោះ សុទ្ធ សក្កដា ចំនួន៧០ដុល្លារ។ ខណៈបក្ខពួក៧នាក់ទៀត ជាអ្នកចុះទៅវាយលើជនរងគ្រោះ។

ក្រោយបញ្ចប់ការសួរនាំ កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យទាំងអស់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...