អវកាសយានិក​ចិន ​ត្រឡប់​មក​ផែនដី​វិញ​ដោយជោគជ័យ ក្រោយ​បំពេញបេសកកម្ម​រយៈពេល​ប្រាំមួយខែឯនៅស្ថានីយអវកាសចិន

Posted By: RoogRog Robot | 04-Dec-2022 23:06:11

2022-12-04 10:01pm

(ប៉េកាំង)៖ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា អវកាសយានិកចិនបីនាក់បានត្រឡប់មកដល់ផែនដីវិញ កាលពីថ្ងៃអាទិត្យសប្តាហ៍នេះដោយជោគជ័យ បន្ទាប់ពីបានបញ្ចប់បេសកកម្មរយៈពេលប្រាំមួយខែ នៅលើស្ថានីយអវកាសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០២២។

អវកាសយានិកទាំងបីនាក់ គឺមេបញ្ជាការ Chen Dong និងសហការី លោក Liu Yang និងលោក Cai Xuzhe ដែលត្រួតពិនិត្យមើលលើដំណាក់កាលចុងក្រោយ នៃការសាងសង់ស្ថានីយអវកាស ដែលត្រូវបានបញ្ចប់ក្នុងខែវិច្ឆិកាបាននិយាយថា ពួកគេសុខសប្បាយជាទេ បន្ទាប់ពីបានចុះចតមកដល់ផែនដីវិញ។

ទូរទស្សន៍ CCTV បានរាយការណ៍ថា យានអវកាសបានចុះចតនៅទីតាំង Dongfeng ក្នុងតំបន់ស្វយ័តម៉ុងហ្គោលីភាគខាងជើងប្រទេសចិន នៅវេលាម៉ោង ៨៖៨៩នាទីយប់ (ម៉ោងក្នុងតំបន់) ហើយបុគ្គលិកទីភ្នាក់ងារអវកាសបានប្រកាសថា បេសកកម្មដែលបានចាប់ផ្តើមនៅថ្ងៃទី៥ ខែមិថុនា គឺទទួលបានជោគជ័យទាំងស្រុង។

ស្ថានីយអវកាសនេះជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងកម្មវិធីអវកាសដែលមានមនុស្ស ក្នុងរយៈពេលបីទសវត្សរ៍របស់ប្រទេសចិន ដែលត្រូវបានអនុម័តជាលើកដំបូងក្នុងឆ្នាំ១៩៩២ ហើយវាក៏ជាការចាប់ផ្តើមនៃការស្នាក់នៅអចិន្ត្រៃយ៍របស់ចិននៅក្នុងលំហផងដែរ។

ការសាងសង់ស្ថានីយ៍នេះបានចាប់ផ្តើមនៅក្នុងខែមេសាឆ្នាំមុន ជាមួយនឹងការចាប់ផ្តើមបាញ់បង្ហោះម៉ូឌុលដំបូងនិងធំបំផុតក្នុងចំណោមម៉ូឌុលទាំងបីរបស់ខ្លួន គឺ Tianhe ដែលជាកន្លែងរស់នៅរបស់អ្នកអវកាសយានិកមកទស្សនា។

គួរបញ្ជាក់ថា ប្រទេសចិនបានសាងសង់ស្ថានីយ៍ផ្ទាល់ខ្លួនរបស់ខ្លួន បន្ទាប់ពីវាត្រូវបានដកចេញពីស្ថានីយ៍អវកាសអន្តរជាតិ ដោយសារតែការជំទាស់របស់សហរដ្ឋអាមេរិកលើទំនាក់ទំនងជិតស្និទ្ធរបស់កម្មវិធីអវកាសចិន ជាមួយកងទ័ពរំដោះប្រជាជនដែលជាស្លាបយោធា នៃបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...