ករណីលិចទូកនៅលើផ្ទៃសមុទ្រ មានជនរងគ្រោះ២៣នាក់ទៀតកំពុងបាត់ខ្លួន, រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសឧបត្ថម្ភថវិកាជូនអ្នកសង្គ្រោះ ដែលរកឃើញជនរងគ្រោះម្នាក់ ទទួលបានថវិកា២លានរៀល

Posted By: RoogRog Robot | 23-Sep-2022 12:53:57

2022-09-23 11:52am

(ភ្នំពេញ)៖ ករណីលិចទូកស្ថិតនៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ មានជនជាតិចិនចំនួន៤២នាក់នៅលើទូកនោះ ប៉ុន្ដែសង្គ្រោះបានចំនួន១៨នាក់ ខណៈចំនួន២៣នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំកម្លាំងអង្គភាពបង្រ្កាប ចំនួន១៦នាក់ និងមធ្យោបាយចំនួន២គ្រឿង (១.៦០០សេស១គ្រឿង និង៧០០សេស ១គ្រឿង) ចេញទៅជួយសង្រ្គោះ និងសង្រ្គោះមនុស្សបានចំនួន១៨នាក់ ខណៈ២៣នាក់ទៀតរកមិនទាន់ឃើញនៅឡើយទេ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានប្រកាសពីការឧបត្ថម្ភថវិកាលើកទឹកចិត្ត ដល់ក្រុមអ្នកជួយសង្គ្រោះ និងប្រជាទូកនេសាទជាដើម ក្នុងករណីសង្គ្រោះបានជនរងគ្រោះម្នាក់ នឹងទទួលបានថវិកាលើកទឹកចិត្ត ចំនួន២លានរៀល។

សូមជម្រាបថា ហេតុការណ៍លិចទូកដែលផ្ទុកមនុស្សចំនួន៤១នាក់នេះ បានកើតមានឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ ក្រោយទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចជំនាញលើផ្ទៃទឹក បានរួមដៃគ្នាចេញជួយអន្ដរាគមន៍សង្គ្រោះ មនុស្សបានចំនួន១៨នាក់។

ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ CHENGUI SHENG ភេទប្រុស មកពីខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ បានប្រាប់ថា នៅលើទូកមានជនជាតិចិនសរុបចំនួន ៤១នាក់ ស្រី០៣នាក់ សង្រ្គោះបាន១៨នាក់ បាត់ខ្លួនចំនួន២៣នាក់ ស្រី០៣នាក់។ បច្ចុប្បន្នជនរងគ្រោះទាំង១៨នាក់ ត្រូវបានយកទៅរក្សាទុកនៅវរសេនាតូចលេខ២៤០ (កោះរ៉ុង) ដើម្បីធ្វើការសួរនាំ និងកំពុងស្វែងរកជនរងគ្រោះបាត់ខ្លួន២៣នាក់បន្តទៀត។

ជាមួយគ្នានេះ កម្លាំងអង្គភាពបានធ្វើការឃាត់ទូកចំនួន១គ្រឿងផ្សេងទៀត មានមនុស្សចំនួន០២នាក់ជាជនជាតិខ្មែរ ដោយបានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សួរនាំតាមនីតិវិធី ដោយឡែកទូករក្សាទុកនៅអង្គភាព។ ប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះបាត់ខ្លួនទាំង២៣នាក់ បាននិងកំពុងធ្វើឡើងនៅផ្ទៃសមុទ្រ ដែលជាទីតាំងលិចទូក និងភូមិសាស្ត្រជុំវិញទីតាំងកើតហេតុ៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...